ក្នុងវិបត្តិកូវីដកំពូលមហាសេដ្ឋីចិន ៣​ រូប មិនត្រឹមតែមិនខាតបង់ទេ តែកាន់តែស្តុកស្តម្ភជាងមុន ដោយសាររបរទាំងនេះ
បុគ្គលជោគជ័យ October 21, 2020 Chan Sreyny

បញ្ជីឈ្មោះអ្នកមានប្រចាំឆ្នាំបានបង្ហាញកាលពីថ្ងៃអង្គារ ទី២០ ខែតុលា នេះថា អ្នកមានស្តុកស្តម្ភរបស់ប្រទេសចិនអាចរកចំណូលបានដល់ ១.៥ កោដិដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ច្រើនជាងរយៈពេល ៥ ឆ្នាំកន្លងមក ដែលរួមបញ្ចូលគ្នានៅពេលដែលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងល្បែងបានរីកដុះដាលក្នុងកំឡុងពេលចាក់សោរប្រទេស ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩។

ជាមួយគ្នានេះដែរ បើទោះបីជាអត្រាអ្នកអត់ការងារធ្វើនៅទីក្រុងបានធ្លាក់ចុះដល់ ៥.៤% នៅក្នុងខែកញ្ញា ហើយអ្នកវិភាគបានព្រមានពីភាពអត់ការងារធ្វើខ្ពស់ជាងការរាយការណ៍ជាផ្លូវការនៅឆ្នាំនេះក៏ដោយ មនុស្ស ២៥៧ នាក់បន្ថែមទៀត ក៏បានចូលរួមជាមួយក្លឹបមហាសេដ្ឋីនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចលេខ ២ នៅខែសីហា បន្ទាប់ពីបានធ្លាក់ចុះសមាជិកអស់រយៈពេល ២ ឆ្នាំមកនេះ នេះបើយោងតាមរបាយការណ៍ Hurun ដែលបានឃ្លាំមើលយ៉ាងដិតដល់។ ហើយបច្ចុប្បន្នប្រទេសនេះមានមហាសេដ្ឋីសរុបចំនួន ៨៧៨ នាក់ ខណៈសហរដ្ឋអាមេរិកមានមនុស្ស ៦២៦ នាក់ដែលជាប់ចំណាត់ថ្នាក់កំពូលកាលពីដើមឆ្នាំនេះ។

របាយការណ៍ក៏បានរកឃើញផងដែរថា មានបុគ្គលប្រហែល ២០០០ នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធជាង ២ ពាន់លានយ័ន (៣០០ លានដុល្លារអាមេរិក) នៅក្នុងខែសីហា ។ ជាក់ស្ដែងលោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba បានឈរនៅលើគេក្នុងបញ្ជីជាថ្មីម្តងទៀត បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានកើនដល់ ៤៥% ដល់ ៥៨.៨ ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនទិញទំនិញតាមអ៉ីនធឺណេតឃើញថា មានការកើនឡើងនៃជំនួញដោយសារតែប្រជាជនបានតម្រូវឲ្យនៅផ្ទះអស់រយៈពេលជាច្រើនខែក្នុងកំឡុងពេលចាក់សោរយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់​មេរោគ។

មហាសេដ្ឋី Jack Ma ត្រូវបានតាមពីក្រោយដោយលោក Pony Ma ជាមួយទ្រព្យសម្បត្តិ ៥៧.៤ ពាន់លានដុល្លារអាមេរិក ដែលជាថៅកែក្រុមហ៊ុនល្បែងខ្នាតយក្ស និងម្ចាស់ក្រុមហ៊ុន WeChat ដែលបានបន្ថែម ៥០% បើទោះបីជាមានការព្រួយបារម្ភអំពីទស្សនវិស័យរបស់ក្រុមហ៊ុនអាមេរិករបស់គាត់ បន្ទាប់ពីត្រូវបានគំរាមកំហែងហាមឃាត់នៅទីនោះពីការភ័យខ្លាចសន្តិសុខជាតិ។ ទន្ទឹមនឹងនេះដែរ លោ Zhong Shanshan អាយុ ៦៦ ឆ្នាំ ដែលជាម្ចាស់យីហោទឹកសុទ្ធដ៏ល្បីល្បាញ Nongfu បានក្លាយជាសមាជិកក្នុងក្លឹបមហាសេដ្ឋីក្នុងប្រទេសចាលើកដំបូង ដោយបានឈានដល់លំដាប់ទី៣ ជាមួយនឹងទឹកប្រាក់ចំនួន ៥៣.៧ ពាន់លានដុល្លារអាមេរិក។

ប្រធានអ្នកស្រាវជ្រាវនៃ Hurun គឺលោក Rupert Hoogewerf បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពិភពលោកមិនដែលឃើញទ្រព្យសម្បត្តិច្រើន ដែលត្រូវបានបង្កើតក្នុងរយៈពេលតែមួយឆ្នាំនោះទេ។ លោកបានបន្ថែមថា បញ្ជីឆ្នាំនេះបង្ហាញថាប្រទេសចិនកំពុង ផ្លាស់ប្តូរចេញពីវិស័យប្រពៃណី ដូចជាផលិតកម្ម និងអចលនទ្រព្យឆ្ពោះទៅរកសេដ្ឋកិច្ចថ្មី៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia