ស្ថាបនិក Alibaba បុរសមាឌល្អិត តូចតែខ្លឹម​ បង្ហើបខ្ទេចពីមេរៀនជីវិតដ៏មានតម្លៃបំផុតទាំង ៥
បុគ្គលជោគជ័យ October 17, 2020 Chan Sreyny

បើនិយាយពីអ្នកជំនួញដែលជោគជ័យបំផុតក្នុងប្រទេសចិនគ្មានអ្នកណាក្រៅពីមហាសេដ្ឋី Jack Ma នោះទេ ដោយស្ដេចជំនួញរូបនេះបានចាប់ផ្តើមក្រុមហ៊ុន Alibaba ក្នុងឆ្នាំ ១៩៩៩ ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏សំខាន់បំផុតមួយនៅលើពិភពលោក។ ស្ថាបនិកក្រុមហ៊ុនតម្លៃពាន់លានដុល្លាររូបនេះ ត្រូវបានរស់ធំធាត់ឡើងក្នុងគ្រួសារក្រីក្រ និងមានការអបរំតិចតួចណាស់ តែបច្ចុប្បន្នមិនត្រឹមតែក្លាយជាកំពូលអ្នកមានប៉ុណ្ណោះទេ តែក៏ជាបុគ្គលដែលត្រូវបានគេចាត់ទុកថា ជាអ្នកផ្ដល់ដំបូន្មានដ៏ល្អៗ សម្រាប់ជំរុញគំនិត ក៏ដូចជាលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យទទួលបានជោគជ័យផងដែរ។

យ៉ាងណាមិញតាមរយៈបទពិសោធន៍ជីវិតដ៏តស៊ូរបស់មហាសេដ្ឋីរូបនេះ បានរំលេចនូវមេរៀនជីវិតចំនួន ៥ ដែលយើងគួររៀនសូត្រពីគាត់៖

១. គិតទៅមុខជានិច្ច៖ លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba ធ្លាប់និយាយថា៖ « យើងទទួលបានជោគជ័យនៅថ្ងៃនេះ មិនមែនដោយសារយើងធ្វើបានល្អនៅថ្ងៃនេះទេ គឺពួកយើងមានក្ដីសុបិន្តតាំងពី ១៥ឆ្នាំមុនមកម្ល៉េះ »។

២. លុយមិនមែនជាសុភមង្គលទេ តែវាជាការទទួលខុសត្រូវ៖ មហាសេដ្ឋីដែលធ្លាប់ធ្វើជាគ្រូបង្រៀនអង់គ្លេសនៅប្រទេសចិនបាននិយាយថា៖ « នៅពេលខ្ញុំបញ្ចប់ការសិក្សាខ្ញុំរកបាន ២០ ដុល្លារក្នុងមួយខែ ពេលនោះពិតជាអស្ចារ្យណាស់។ នៅពេលអ្នកមានលុយមួយលានដុល្លារ អ្នកគឺជាមនុស្សមានសំណាងម្នាក់។ នៅពេលអ្នកមានលុយ ១០ លានដុល្លារ អ្នកនឹងមានបញ្ហាឈឺក្បាលជាច្រើន។ នៅពេលអ្នកមានប្រាក់ច្រើនជាងមួយកោដិដុល្លារ ឬ មួយរយលានដុល្លារ នោះគឺជាទំនួលខុសត្រូវដែលអ្នកមាន – វាជាការទុកចិត្តរបស់មនុស្សលើអ្នក ពីព្រោះមនុស្សជឿថាអ្នកអាចចំណាយប្រាក់បានល្អជាងអ្នកដទៃ »។

៣. រំពឹង អ្វីដែលលើសពីការស្មាន៖ លោក Ma គឺជាហ្វេនដ៏ងប់ងល់ម្នាក់នៃខ្សែភាពយន្តដ៏ល្បីគឺរឿង Forrest Gump ដែលបានដឹកនាំគាត់ឲ្យរៀនតស៊ូនឹងជិវិត តាមរយៈការយកគំរូពីសាច់រឿងនេះ។ គាត់បា​ននិយាយថា៖ « ជីវិត គឺប្រៀបដូចជាប្រអប់សូកូឡាមួយ ។ អ្នកមិនដឹងថាអ្នកនឹងទទួលបានអ្វីទេនៅថ្ងៃមុខ »។

៤. ដើម្បីទទួលបានជោគជ័យ អ្នកមិនចាំបាច់មានខ្សែ ឬ ខ្នងធំទេ៖ លោក Ma ដែលបានចាប់ផ្តើម Alibaba ចេញពីផ្ទះរបស់គាត់នៅហាំងចូវ ប្រទេសចិនបាននិយាយថា៖ « យើងមិនមានឪពុកអ្នកមាន ឬ ពូដ៏ពូកែម្នាក់នោះទេ។ យើងមានតែអតិថិជនដែលគាំទ្រយើងតែប៉ុណ្ណោះ »។

៥. ដើម្បីផ្លាស់ប្តូរពិភពលោកសូមវិនិយោគលើយុវជន៖ ត្រង់ចំណុចនេះ មហាសេដ្ឋីចិនរូបនេះបាននិយាយថា៖ « ដើម្បីផ្លាស់ប្ដូរពិភពលោក គឺជួយអ្នកដែលចង់ទទួលបានជោគជ័យ ពោលជួយយុវជន ព្រោះមនុស្សវ័យក្មេងនឹងមានគ្រាប់ពូជដែលអ្នកកប់នៅក្នុងគំនិតរបស់ពួកគេ ហើយនៅពេលធំឡើងពួកគេនឹងផ្លាស់ប្តូរពិភពលោក »៕

អត្ថបទ៖ លីនី
ប្រភព៖ time