មហាសេដ្ឋី Bill Gates អះអាងថា មានមធ្យោបាយតែមួយគត់ ដែលអាចធ្វើឲ្យយើងអាចវិលត្រឡប់មករកសភាពធម្មតាវិញ
បុគ្គលជោគជ័យ October 16, 2020 Chan Sreyny

ដូចដែលយើងបានដឹងរួចមកហើយថា ស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates តែងតែខ្វាយខ្វល់ និងលើកឡើងជារឿយៗអំពីរោគរាតត្បាតនានា ជាក់ស្ដែងចំពោះជំងឺរាតត្បាត covid-19 មហាសេដ្ឋីរូបនេះ តែងតែនិយាយណែនាំរហូត ចាប់តាំងពីរោគចាប់ផ្ដើមផ្ទុះឡើង​ រហូតគេអាចង្កើតវ៉ាក់សាំងបាន។

យ៉ាងណាមិញស្របពេលដែលអត្រាអ្នកឆ្លងជំងឺនេះកើនឡើងដល់ជាង ៣៩ លាននាក់ កាលពីថ្ងៃ អាទិត្យ កន្លងទៅនេះ ក្នុងបទសម្ភាសន៍ជាមួយ NBC News លោក Bill Gates បាននិយាយថា៖ « យើងអាចវិលត្រឡប់មករកសភាពធម្មតាវិញបន្ទាប់ពីរោគរាតត្បាត នៅពេលមានវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងមានតំលៃសមរម្យ »។ លោកបានពន្យល់ថា មធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យមានសភាពដូចដើមវិញ គឺត្រូវចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ និងអាចប្រើបានសម្រាប់មនុស្សជាច្រើន ទាំងនេះនឹងបញ្ចប់ជំងឺរាតត្បាតនៅទូទាំងពិភពលោក។

គួរឲ្យដឹងផងដែរថា មហាសេដ្ឋីរូបនេះ ធ្លាប់លើកឡើងបែបនេះម្ដងរួចមកហើយកាលពីខែមេសា ខណៈនោះលោកបានសារភាពប្រាប់បណ្តាញសារព័ត៌មានបារាំង Le Figaro ថា ពិភពលោកនឹងត្រូវការរយៈពេលពី មួយ ទៅ ពីរឆ្នាំទៀត ដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ទោះយ៉ាងណាក៏ដោយវាមិនមែនជាលើកទីមួយទេ ដែលគាត់បាននិយាយអំពីប្រធានបទនេះ ដោយនៅក្នុង blog ផ្ទាល់ខ្លួនរបស់គាត់ តែងតែបង្ហាញពីគំនិតរបស់គាត់ជុំវិញរោគរាតត្បាតនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur