រឿង ៣ យ៉ាងដ៏គួរឲ្យចាប់អារម្មណ៍ពីភរិយាមហាសេដ្ឋីលំដាប់ពិភពលោក Mark Zuckerberg
បុគ្គលជោគជ័យ October 7, 2020 Chan Sreyny

លោកស្រី Priscilla Chan ត្រូវបានគេស្គាល់ថា ជាភរិយារបស់ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក គឺលោក Mark Zuckerberg។ ទោះបីជានាងត្រូវបានគេស្គាល់ថា ជាប្រពន្ធមហាសេដ្ឋីលំដាប់ពិភពលោកក៏ដោយក្ដី តែនាងមានអាជីពដ៏រីកចម្រើនផ្ទាល់ខ្លួន នៅក្នុងវិស័យមនុស្សធម៌ ជាអតីតគ្រូបង្រៀន និងគ្រូពេទ្យកុមារ។

ខណៈមនុស្សគ្រប់គ្នាយល់ថា ជាប្រពន្ធមហាសេដ្ឋីពិភពលោក រស់នៅលើគំនរមាសប្រាក់ហើយ មិនចាំបាច់ប្រកបការងារអ្វីនោះ តែមានរឿង ៣ យ៉ាងដែលយើងគួរដឹងពីប្រពន្ធមហាសេដ្ឋីពិភពលោករូបនេះ៖

១.នាងជាកូនរបស់ជនភៀសខ្លួន៖ លោកស្រី Priscilla Chan គឺជាកូនរបស់ជន​ភៀសខ្លួនចិន-វៀតណាម ដែលបានមករស់នៅសហរដ្ឋអាមេរិកក្នុងសតវត្សឆ្នាំ១៩៧០។ លោកស្រីបាននិយាយនៅក្នុងបទសម្ភាសន៍ខែកុម្ភៈឆ្នាំ ២០១៩ ជាមួយកម្មវិធី “CBS This Morning” ថា៖ « ជីដូនជីតារបស់ខ្ញុំបានធ្វើអ្វីមួយដែលខ្ញុំគិតថាមានភាពក្លាហានខ្លាំងមែនទែន គឺពួកគាត់បានដាក់កូនៗ របស់ពួកគាត់នៅលើទូក ហើយបានមើលទូកនោះរសាត់ទៅសមុទ្រ។ ដូច្នេះទើបគ្រួសារខ្ញុំដឹងច្បាស់ថា ការលំបាកពិតជាមានមែន ហើយឱកាសមានគ្រប់កន្លែង តែមិនមានសម្រាប់មនុស្សគ្រប់គ្នាទេ​ »។

២.នាងជាគ្រូពេទ្យកុមារ៖ លោកស្រី Priscilla Chan ជាគ្រូពេទ្យកុមារ មិនតែប៉ុណ្ណោះនាងក៏បានធ្វើការជាមួយកុមារជាគ្រូវិទ្យាសាស្រ្តសាលាបឋមសិក្សាផងដែរ។ យោងតាមទំព័រហ្វេសប៊ុករបស់នាងបានឲ្យដឹងថា នាងនៅតែជាគ្រូម្នាក់ ខណៈពេលដែលនាងកំពុងទទួលបានបណ្តុះបណ្តាលកម្រិតខ្ពស់នៅក្នុងជំនាញវេជ្ជសាស្រ្ត ហើយចាប់តាំងពីពេលនោះមកនាងបានឈប់ពីការងារទាំងនោះ ទៅធ្វើការពេញម៉ោងនៅឯមូលនិធិ Chan Zuckerberg Initiative ដោយនាងបានសហការបង្កើតអង្គការនេះជាមួយប្តីរបស់នាងគឺលោក Mark Zuckerberg នៅឆ្នាំ២០១៥។

៣.នាងបានជួប Mark Zuckerberg នៅសាកលវិទ្យាល័យហាវឺដ៖ Priscilla Chan បានស្នាក់នៅសាកលវិទ្យាល័យ ហាវឺដ រយៈពេល ៤សប្ដាហ៍ដើម្បីសិក្សាអាហាររូបករណ៍របស់នាង ហើយនៅពេលនោះហើយដែលនាងបានជួបប្ដីរបស់នាងក្នុងពេលបច្ចុប្បន្ននេះ។ យោងតាមប្រវត្តិរូបឆ្នាំ ២០១០ របស់ហ្សុកឃឺបឺកនៅញូវយ៉កបាននិយាយថា អ្នកទាំងពីរបានជួបគ្នា នៅពេលពួកគេតំរង់ជួរចាំចូលបន្ទប់ទឹកនៅឯពិធីជប់លៀងនៅសាកលវិទ្យាល័យ ដោយកាលនោះ Mark ជាសមាជិកនិស្សិតនៅមហាវិទ្យាល័យជ្វីហ្វី។ បន្ទាប់មក ១០​ឆ្នាំ ក្រោយពួកគេបានជួបគ្នា និងបានរៀបការនៅក្នុងពិធីដ៏សាមញ្ញ តែគួរឲ្យភ្ញាក់ផ្អើលមួយនៅផ្ទះរបស់ពួកគេនៅ Palo Alto រដ្ឋ California៕

អត្ថបទ៖ លីនី
ប្រភព៖ daytondailynews