មេ Microsoft ថា៖ ដើម្បីដោះស្រាយបញ្ហាធំៗបាន គាត់តែងសួរខ្លួនឯងនូវសំណួរសាមញ្ញៗពីរនេះ
បុគ្គលជោគជ័យ October 1, 2020 Chan Sreyny

មហាសេដ្ឋី Bill Gates ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅអាមេរិក គឺក្រុមហ៊ុន Microsoft និងជាអ្នកបង្កើត​មូលនិធិមនុស្សធម៌ Bill & Melinda Gates។ មិនតែប៉ុណ្ណោះ គាត់ក៏ជាមនុស្សតែម្នាក់ដែលតែងធ្វើការព្រមានអំពីរោគរាតត្បាត ដែលជារឿយៗគាត់តែធ្វើការព្រមាន និងណែនាំឲ្យរដ្ឋាភិបាលនានាប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់រឿងនេះ។

យ៉ាងណាមិញកាលពីពេលថ្មីនេះ សារព័ត៌មាន CBNC បានបញ្ចេញនូវអាថ៌កំបាំងរបស់គាត់ ក្នុងការដោះសា្រយបញ្ហាធំៗទាំងអស់ ដែលរាប់ចាប់ពីបញ្ហានៅក្រុមហ៊ុន Microsoft មកដល់បញ្ហាវីរុស Covid-19 នេះ។ ប្រភពដដែលបានឲ្យដឹងថា នៅក្នុងវ័យជំទង់ លោក Bill Gates បានដោះស្រាយបញ្ហាបានយ់ាងល្អ ដោយប្រើវិធីដូចៗគ្នាគ្រប់ពេលមានបញ្ហាកើតឡើង ដោយចាប់ផ្តើមជាមួយសំណួរសាមញ្ញៗចំនួន ២ នោះគឺ «តើអ្នកណាដែលអាចដោះស្រាយបញ្ហានេះបានល្អ? ហើយតើយើងអាចរៀនអ្វីខ្លះពីពួកគេ »។

មហាសេដ្ឋីរូបនេះបាននិយាយថា៖ « ខ្ញុំបានប្រើបច្ចេកទេសទាំងនេះ នៅឯក្រុមហ៊ុន Microsoft គ្រប់ពេលដោះស្រាយបញ្ហា ហើយខ្ញុំនៅតែប្រើវាដដែលនៅថ្ងៃនេះ »។ លោកបានបន្តថា៖ « ខ្ញុំសួរសំណួរទាំងនេះជារៀងរាល់សប្តាហ៍អំពីវីរុស Covid-19 »។ លើសពីនេះលោកបានបញ្ជាក់ថា សំណួរទាំងពីរនេះ គឺជាចំណុចចាប់ផ្តើមដ៏រឹងមាំសម្រាប់ដោះស្រាយបញ្ហា ប៉ុន្តែមិនងាយស្រួលក្នុងការឆ្លើយនោះទេ ខណៈវាស្ដាប់ទៅដូចជាសំណួរសាមញ្ញៗ តែពេលខ្លះ វាពិតជាពិបាកក្នុងការស្វែងរកចម្លើយ។

បច្ចុប្បន្នលោក Gates មានទ្រព្យសម្បតិ្ត ១១៨ ពាន់លានដុល្លារ ដោយចាប់ផ្ដើមពីនិស្សិតដែលបោះបង់ការសិក្សាពីសាកលវិទ្យាល័យ Harvard ដើម្បីចាប់ផ្តើមបង្កើតក្រុមហ៊ុន Microsoft ជាមួយ Paul Allen ក្នុងឆ្នាំ ១៩៧៥។ មិនតែប៉ុណ្ណោះសព្វថ្ងៃគាត់ចំណាយពេលធ្វើការនៅមូលនិធិ Bill & Melinda Gates ក្នុងតួនាទីជាសប្បុរសជនវិទ្យាសាស្ត្ រគាត់បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងមេរោគឆ្លងនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc