អ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត៖ « មនុស្សជោគជ័យមិនមែនមកពីសំណាងទេ ពួកគេគ្រាន់តែធ្វើរឿងមួយចំនួននេះដែលមនុស្សភាគច្រើនមិនធ្វើ »
បុគ្គលជោគជ័យ September 28, 2020 Chan Sreyny

នៅពេលអ្នកឃើញមិត្តភក្កិ ឬ មនុស្សដែលនៅជុំវិញខ្លួនអ្នកទទួលបានជោគជ័យ ឬ រីកចម្រើនជាងអ្នក អ្នកប្រាកដជាកោតសរសើរពួកគេ ហើយតែងលួចគិតថា ជីវិតគេសំណាង ធ្វើអីក៏ជោគជ័យ ក៏រីកចម្រើនទៅមុខ។ ប៉ុន្តែវាអាចនឹងមិនដូចអ្វីដែលអ្នកគិតទាំងស្រុងឡើយ ផ្ទុយទៅវិញអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត គឺលោកស្រី Susan RoAne បាននិយាយថា ការដែលសម្រេចបានជោគជ័យ មិនមែនកើតឡើងដោយសារសំណាងទេ។

បើយោងតាមការស្រាវជ្រាវរបស់អ្នកនិពន្ធរូបនេះ សម្រាប់សៀវភៅ “How to Create Your Own Luck” ដែលមានការចូលរួមសម្ភាសន៍ពីអ្នកដឹកនាំអាជីវកម្មជាង ៥០រូប និងការសរសេរ រួមទាំងកែសំរួលជាង ៦ ខែ លោកស្រីបានរកឃើញថា មនុស្សដែលជោគជ័យ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ លើសពីនេះមានសមត្ថភាពតស៊ូនឹងឧបសគ្គជាច្រើន ជាពិសេសមានរឿង​ ៦ យ៉ាងដែលពួកគេព្យាយាមធ្វើ តែអ្នកផ្សេងទៀតព្យាយាមជៀសវាង រឿងទាំងអស់នោះគឺ៖

១.ពួកគេនិយាយទៅកាន់មនុស្សចម្លែក៖ ការនិយាយជាមួយមនុស្សចម្លែក គឺជាវិធីល្អបំផុតដើម្បីបង្កើនលទ្ធភាព ភាពចៃដន្យ ភាពស្ងប់ស្ងាត់ និងសំណាងនៅក្នុងជីវិតរបស់យើង ព្រោះវាអនុញ្ញាតឱ្យយើងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលយើងមិនស្គាល់។ ហេតុអ្វី? គឺអ្នកមិនដែលស្គាល់នរណា ឬ អ្វីដែលពួកគេដឹង។ វាមិនខាតបង់ទេក្នុងការឈានទៅរកការបង្កើត និងបង្កើតបណ្តាញរបស់អ្នក មិនថាអ្នកស្ថិតនៅក្នុងអាជីវកម្ម រឺគ្រាន់តែអ្នកនិយាយលេងធម្មតាជាមួយមនុស្សដែលអ្នកមិនស្គាល់ ព្រោះមនុស្សយើងត្រូវតែមានការប្រាស្រ័យគ្នាល្អជាមួយមនុស្សជុំវិញខ្លួន។

២.ពួកគេនិយាយគ្នាលេងធម្មតា៖ ខណៈពេលដែលមនុស្សជាច្រើនតែងគិតថា ការនិយាយគ្នាលេងបែបធម្មតាៗ នៅតាមតុកាហ្វេ ឬ ទីសាធារណៈផ្សេងៗ គឺជារឿងធម្មតា ហើយមិនសមនឹងទទួលបានតម្លៃណាមួយនោះ គឺគិតខុសហើយ។ មនុស្សដែលបង្កើតជោគជ័យ ឬ សំណាង​ដោយខ្លួនឯងតែងចាត់ទុកការជជែកគ្នាលេងបែបនេះជាស្ពានចម្លងទៅរកគោលដៅរបស់ពួកគេ។ ការបង្កើតទំនាក់ទំនងជាមួយការជជែកទាំងនោះ អាចនាំឲ្យពួកគេឈានទៅរកការពិភាក្សាធំៗ​ និងឈានទៅរកកិច្ចព្រមព្រៀងណាមួយ នៅពេលដែលពួកគេស្វែងយល់ពីគ្នាបានច្រើន។

៣.​ពួកគេឆ្លាតក្នុងការស្ដាប់៖ អ្នកស្ដាប់ដ៏ល្អ និងពូកែ គឺជាអ្នកដែលស្ដាប់ ហើយយកមតិ ឬ គំនិត នោះមកពិចារណា និងរិះគិតដើម្បីបង្កើតឱកាស។ ជាក់ស្ដែងបើតាមការ ស្រាវជ្រាវរបស់​ លោកស្រី Susan RoAne បានរកឃើញថា អ្នកអាចបង្កើនឱកាសរបស់អ្នកដោយមិនចាំបាច់ចូលរួមក្នុងការសន្ទនាណាមួយ។ ការលួចមើល ឬ ស្ដាប់ គឺជាអ្វីមួយដែលអ្នកជោគជ័យ និងអ្នកបង្កើតសំណាងដោយខ្លួនឯងធ្វើ។ ពេលខ្លះអ្នកនឹង បានលឺអ្វីមួយ វាអាចជា គំនិត ការពិត ឬ គំនិតមួយដែលធ្វើឱ្យអ្នកនឹកឃើញក្នងការបង្កើតអ្វីមួយឡើងមក។

៤.ពួកគេឆ្លាតក្នុងការសម្រេចក្ដីសុបិន្ត៖ ការសម្រេចក្ដីសុបិន្តនេះ គឺតាមរយៈ ការបង្ហាញឈ្មោះអ្នកល្បីល្បាញ ឬ មានឥទ្ធិពលណាម្នាក់ដែលអ្នកស្គាល់ ដើម្បីអាចឈានទៅរកផ្លូវនៃការសម្រេចក្ដីសុបិន្តរបស់អ្នក។ ទោះបីជាយើងត្រូវបានបង្រៀនមិនឲ្យធ្វើដូច្នេះក៏ដោយ ក៏កុំខ្លាចក្នុងការធ្វើវា ឧទាហរណ៍ថា ប្រសិនបើការងារនៅក្រុមហ៊ុនដែលអ្នកប្រាថ្នាបើកឱកាសឲ្យ អ្នកមិនត្រូវខ្លាចក្នុងការសាកសួរវាពីមិត្តចាស់ អ្នករួមការងារកន្លែងចាស់ ឬ បងប្អូនជីដូនមួយរបស់អ្នកនោះទេ ប្រសិនបើពួកគេអាចណែនាំអ្នកទៅមិត្តរបស់ពួកគេដែលធ្វើការនៅទីនោះ។ ហើយទោះបីវាមិនដំណើរការដូចក្តីសង្ឃឹមក៏ដោយ តែអ្នកនៅតែបង្កើតទំនាក់ទំនងដ៏មានតម្លៃ។

៥.ពួកគេផ្តល់ និងស្នើសុំជំនួយ៖ ការអាចធ្វើរឿងទាំងពីរនេះបានទាំងពីរ គឺជាមូលដ្ឋានគ្រឹះនៃបណ្តាញដែលមានចំណេះដឹង។ មនុស្សជោគជ័យមិនត្រឹមតែផ្តល់ការគាំទ្រទេ ពួកគេបានប្រាប់អ្នកផ្សេងថា ពួកគេត្រូវការជំនួយនិងអ្វីដែលត្រូវការឲ្យគេជួយ ហើយពួកគេទទួលស្គាល់នូវការជួយ និងបង្ហាញពីការដឹងគុណ។

៦. ពួកគេចាកចេញ ដើម្បីធ្វើតាមបេះដូង៖ ទោះបីជាពួកគេអាចមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការអប់រំ និងបទពិសោធន៍នៅក្នុងតំបន់ណាមួយក៏ដោយ ក៏អ្នកដែលបង្កើតសំណាងដោយខ្លួនឯង ច្រើនតែសម្រេចចិត្តដើរតាមផ្លូវដែលពួកគេចង់ធ្វើ និងស្រលាញ់ ពោលគឺដើរតាមបេះដូងខ្លួនឯង។ ឧទាហរណ៍ ដូចជា បុគ្គលល្បីៗជាច្រើនរួមមាន Steve Jobs ,Mark Zuckerberg និង Bill Gates ជាដើម តែងបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យ Harvard ទៅធ្វើអ្វីដែលពួកគេស្រលាញ់៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc