មហាសេដ្ឋី Bill Gates ជឿជាក់ថា « ជីវិត គឺជាសាលារៀនដ៏ល្អបំផុត មិនមែននៅវិទ្យាល័យ ឬ មហាវិទ្យាល័យទេ »
បុគ្គលជោគជ័យ September 11, 2020 Chan Sreyny

លោក Bill Gates ធ្លាប់បានជាអ្នកដែលមានជាងគេបំផុត​នៅលើពិភពលោក បន្ទាប់ពីគាត់បានបង្កើតក្រុមហ៊ុន Microsoft នៅឆ្នាំ១៩៧៥។ នៅក្នុងឆ្នាំ២០១៨ មហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិចំនួន ៩០ ពាន់លានដុល្លារ ហើយបច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិចំនួន ៩៨ ពាន់លានដុល្លារ ក្នុងនាមជាបុរសដែលមានបំផុតលំដាប់ទី២ លើពិភពលោកបន្ទាប់ពីស្ថាបនិក Amazon លោក Jeff Bezos។

លោក Bill Gates ត្រូវបានមនុស្សជាច្រើននៅលើពិភពលោកស្គាល់ មិនត្រឹមតែជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Microsoft ប៉ុណ្ណោះទេ គាត់ក៏ជាមហាសេដ្ឋីសប្បុរសធម៌មួយរូបផងដែរ ក្នុងនាមជាម្ចាស់មូលនិធិ Gates Foundation ហើយគាត់ក៏ជាអ្នកបំផុសគំនិត រួមទាំងផ្ដល់ដំបូន្មាន និងចែករំលែកបទពិសោធន៍ដល់មនុស្សជំនាន់ក្រោយទៀតផង។

យោងតាមបទពិសោធន៍នៅក្នុងជីវិតរបស់គាត់ លោក Gates ធ្លាប់បាននិយាយថា៖ « ជីវិត គឺជាសាលារៀនដ៏ល្អបំផុត មិនមែននៅតាមវិទ្យាល័យ ឬ មហាវិទ្យាល័យទេ »។ ជាការពិតណាស់ មិនថាសៀវភៅប៉ុន្មានក្បាលដែលអ្នកបានអាន មិនថាការប្រលងប៉ុន្មានដងដែលអ្នកបានធ្វើ វាគ្មានអ្វីដែលមកពីវិទ្យាល័យឬមហាវិទ្យាល័យ អាចរៀបចំឱ្យអ្នកស្របតាមជីវិតពិតជាក់ស្ដែងទេ។

ជាក់ស្ដែងដូចជាជីវិតពិតនៃការងារនិងថៅកែ មិនមែនត្រឹមតែតម្រូវឲ្យអ្នកត្រូវរៀនពីការងារ ហើយមេរបស់អ្នកនឹងបង្រៀនអ្នកឲ្យធ្វើការនោះទេ។ គឺការងារក្នុងជីវិតជាក់ស្ដែងទៅវិញទេ ដែលយើងគ្រប់គ្នាត្រូវតែអាចបំពេញវាឲ្យបាន បើមិនដូច្នោះទេអ្នកនឹងត្រូវគេដេញចោល ហើយវានឹងចប់៕

អត្ថបទ៖ លីនី
ប្រភព៖ wealthygorilla