មុនពេល Jack Ma ចូលនិវត្តន៍ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសួរថា « អ្នកនៅក្មេងនៅឡើយហេតុអ្វីបានជាអ្នកចូលនិវត្តន៍?» ស្រាប់តែ Ma ឆ្លើយបែបនេះថា…
បុគ្គលជោគជ័យ September 4, 2020 Chan Sreyny

ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានចូលនិវត្តន៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយវិលត្រលប់ទៅរកអាជីពជាគ្រូបង្រៀនវិញ។ នៅពេលដែលមហាសេដ្ឋីរូបនេះ បានប្រកាសថាលោកគ្រោងចូលនិវត្តន៍នៅអាយុ ៥៤ឆ្នាំ ពោលគឺមុនអាយុ​ដែលត្រូវចូលនិវត្តន៍មួយឆ្នាំ បានបន្សល់ទុកនូវចង្ងល់យ៉ាងច្រើនពីបុគ្គលល្បីៗ សូម្បីតែប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

នៅ​ឯវេទិកាសេដ្ឋកិច្ចបូពា៌ដែលបានប្រារព្ធឡើងនៅទីក្រុង Valdivostok ប្រទេសរុស្ស៊ីលោក Putin បានធ្វើកិច្ចពិភាក្សាតុមូលស្តី ពីភាពជាសហគ្រិន ហើយនៅពេលដែលលោកបានឃើញលោក Jack Ma គាត់ចង់សួរថា ហេតុអ្វីបាន ជាមហាសេដ្ឋីរូបនេះសម្រេចចិត្តចូលនិវត្តន៍លឿនបែបនេះ។ នៅក្នុងអំឡុងកិច្ចពិភាក្សាតុមូលនោះ ប្រធានាធិបតីរុស្ស៊ីសួរទៅកាន់លោក Jack Ma ថា៖ « អ្នកនៅក្មេងនៅឡើយហេតុអ្វីបានជាអ្នកចូលនិវត្តន៍?»

ស្ថាបនិកក្រុមហ៊ុន Alibaba បានភ្ញាក់ផ្អើលនឹងសំនួររបស់លោក Putin ហើយបានឆ្លើយតបថា៖ « ខ្ញុំមិនមែននៅក្មេងទៀតទេ ខ្ញុំបានចំណាយពេលខួបលើកទី៥៤ ឆ្នាំនៅប្រទេសរុស្ស៊ីកាលពីម្សិលមិញ។ ខ្ញុំបានដំណើរការក្រុមហ៊ុន Alibaba បានយ៉ាងជោគជ័យអស់រយៈពេល ១៩ឆ្នាំហើយ ប៉ុន្តែនៅតែមានអ្វីជាច្រើនដែលខ្ញុំសង្ឃឹមថាអាចសំរេចបានដូចជាការអប់រំ និងសកម្មភាពសប្បុរសធម៌ »។ លោក Putin បានសើចហើយនិយាយថា៖ « ប៉ុន្តែអ្នកនៅក្មេង ហើយអ្នកមានអាយុតិចជាងខ្ញុំ ខ្ញុំមានអាយុ ៦៦ឆ្នាំហើយ! »។

ការលាចេញពីតំណែងជានាយកប្រតិបត្តិរបស់លោក​ Jack Ma នៅក្នុងវ័យជាង ៥០ឆ្នាំ គឺជាករណីដ៏កម្រមួយនៅក្នុងពិភពជំនួញចិន ដែលអ្នកជំនួញធំៗភាគច្រើននៅតែគ្រប់គ្រងជំនួញរបស់ពួកគេក្នុងវ័យចំណាស់។ ជាក់ស្ដែងនៅហុងកុង កំពូលអ្នកជំនួញអចលនទ្រព្យ លី កាស៊ីង បានចូលនិវត្តន៍ជាប្រធានក្រុមហ៊ុន CK Hutchison Holdings និង CK Asset Holdings នៅអាយុ ៩០ឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ scmp