លោកស្រី MacKenzie Scott ដែលជាអតីតភរិយារបស់នាយកប្រតិបត្តិក្រុមហ៊ុន Amazon បានក្លាយទៅជាស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក
បុគ្គលជោគជ័យ September 3, 2020 Chan Sreyny

លោកស្រី MacKenzie Scott ជាអ្នកនិពន្ធ និងជាសប្បុរសជនមួយរូប​ ដែលជាអតីតភរិយារបស់នាយកប្រតិបត្តិក្រុមហ៊ុន Amazon ឥឡូវនេះលោកស្រីបានក្លាយទៅជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។

យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី Scott បច្ចុប្បន្ននេះមានចំនួន ៦៨ ពាន់លានដុល្លារ។ លោកស្រី Scott ទទួលបានចំណែក​ ១/៤ នៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazone ក្នុងការដោះស្រាយការលែងលះជាមួយប្តីរបស់គាត់ក្នុងឆ្នាំ ២០១៩ ដែលស្មើនឹងភាគហ៊ុន ៤% ដែលមានតម្លៃជាង ៣៥ ពាន់លានដុល្លារនៅពេលនោះ។ ឥឡូវនេះ លោកស្រីគឺជាអ្នកមានបំផុតទី១២ នៅលើពិភពលោក។

កាលពីខែកក្កដា លោកស្រី Scott បានប្រកាសថា លោកស្រីបានបរិច្ចាកប្រាក់ជិត ១.៧ ពាន់លានដុល្លារដល់អង្គការចំនួន ១១៦ ដែលរួមមានទាំង Historically Black Colleges ចំនួន៤ និងសាកលវិទ្យាល័យជាច្រើនទៀត។ កាលពីឆ្នាំមុនលោកស្រី Scott ក៏បានចុះហត្ថលេខាលើកម្មវិធី Giving Pledge ដែលបង្កើតឡើងដោយលោក Warren Buffett និង Bill និង Melinda Gates ។ កម្មវិធីនេះ បានជម្រុញទឹកចិត្តឱ្យអ្នកមានបំផុតនៅលើពិភពលោក លះបង់ទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេទៅបុព្វហេតុសប្បុរសធម៌។

គួរឱ្យដឹងផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងប្រហែល ២៨% ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ការកើនឡើងនៃភាគហ៊ុនបានបង្កើនទ្រព្យសម្បត្តិរបស់លោក Bezos ប្រធានក្រុមហ៊ុន Amazone ដល់ជាង ២០០ ពាន់លានដុល្លារ៕

អត្ថបទ៖ នីតា
ប្រភព៖ cnn