ស្ថាបនិក Alibaba ប្រឈមមុខនឹងការបដិសេធជាច្រើនដងពេលនៅក្មេង ប៉ុន្តែការតស៊ូ និងការយល់ឃើញនូវរឿងមួយចំនួនបានធ្វើឲ្យគាត់មានថ្ងៃនេះ
បុគ្គលជោគជ័យ September 2, 2020 Chan Sreyny

មហាសេដ្ឋីចិនដែលទទួលបានជោគជ័យ និងជាស្ថាបនិក Alibaba លោក Jack Ma បានក្លាយជាសហគ្រិនចិនដីគោកដំបូងបង្អស់ដែលបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី Forbes ហើយបច្ចុប្បន្នគាត់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់គាត់នឹងមិនអាចកើតមានទេ បើគ្មានការសាកល្បង និងជំនះរាល់ការបដិសេធ។ ជែកម៉ាបានចែករំលែកការរៀនសូត្ររបស់គាត់តាមរយៈវេទិកា និងព្រឹត្តិការណ៍ផ្សេងៗគ្នាជាច្រើន ហើយទាំងនេះគឺជាដំបូន្មានកំពូលៗ ទាំង ៥ របស់គាត់ដែលយើងទាំងអស់គ្នាគួររៀនសូត្រ៖

១.អ្នកមិនចាំបាច់មានចំណេះដឹង ដើម្បីទទួលបានជោគជ័យទេ៖ មហាសេដ្ឋី Jack Ma ធ្លាប់បាននិយាយថា៖ « ខ្ញុំមិនដឹងអ្វីអំពីបច្ចេកវិទ្យាទេ ហើយខ្ញុំក៏មិនពីការគ្រប់គ្រងដែរ ប៉ុន្តែរឿងដែលខ្ញុំដឹងគឺ អ្នកមិនចាំបាច់ដឹងច្រើន ដើម្បីទទួលបានជោគជ័យនោះទេ ហើយអ្វីដែលអ្នកត្រូវធ្វើគឺ អ្នកត្រូវរកមនុស្សឆ្លាតជាងអ្នក ហើយប្រសិនបើមនុស្សឆ្លាតអាចធ្វើការជាមួយគ្នាវាកាន់តែងាយស្រួលសម្រាប់អ្នក »។

២.ប្រើការបដិសេធជាកំលាំងជំរុញចិត្ត៖ នៅវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស គាត់បាននិយាយដូច្នេះថា៖ «ខ្ញុំជួបការបរាជ័យច្រើន ខ្ញុំបានបរាជ័យសម្រាប់រឿងគួរឱ្យអស់សំណើច។ ខ្ញុំបានបរាជ័យក្នុងការប្រលងបឋមសិក្សាពីរដង ខ្ញុំបានបរាជ័យបីដងនៅអនុវិទ្យាល័យ ហើយបានបរាជ័យក្នុងការប្រលងចូលសាកលវិទ្យាល័យ។ ខ្ញុំបានដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យហាវ៉ាដចំនួនដប់ដង ហើយត្រូវបានបដិសេធចំពោះពាក្យសុំទាំងដប់ដង។ ខ្ញុំត្រូវបានគេបដិសេធការងារ ៣០កន្លែងផ្សេងគ្នា ហើយថែមទាំងបានដាក់ពាក្យសុំការងារនៅ KFC នៅពេលដែលហាងនេះមកប្រទេសចិន ប៉ុន្តែខ្ញុំនៅតែត្រូវបានគេបដិសេធ។ ខ្ញុំគិតថាយើងត្រូវតែប្រើការបដិសេធជាកម្លាំងជំរុញចិត្ត អ្វីដែលសំខាន់បំផុតនោះគឺ កុំបោះបង់ចោល យើងត្រូវតែបន្តទៅមុខ និងបន្តកែលម្អខ្លួនយើង »។

៣.ត្រៀមសម្រាប់អនាគត៖ មុនពេលក្លាយជាស្ថាបនិកក្រុមហ៊ុន Alibaba លោក Ma កើតនៅក្នុងគ្រួសារក្រីក្រមួយ គាត់មិនដែលទទួលបានការអប់រំខ្ពស់ទេ គាត់មិនមានលុយទេ ហើយក៏មិនស្គាល់អ្វីដែលជាបច្ចេកវិទ្យាដែរ។ លើសពីនេះគាត់និយាយថា គាត់មិនមានខ្សែស្រឡាយជាអ្នកមុខមាត់ អ្នកធំ ឬអ្នកមាននោះទេ អ្វីដែលគាត់មានគឺ មធ្យោបាយតែមួយគត់ ការប្រកួតប្រជែងក្នុងរយៈពេល ១០ឆ្នាំក្រោយ ជាមួយអ្វីដែលគាត់ជឿថានឹងកើតឡើងនៅ ១០ ឆ្នាំក្រោយហើយគាត់នឹងត្រៀមវា។

៤.មើលបញ្ហាប្រឈមជាឱកាស៖ មហាសេដ្ឋីរូបនេះបានលើកឡើងថា៖ « ខ្ញុំបានត្អូញត្អែរជាច្រើននៅពេលខ្ញុំនៅក្មេង ពីព្រោះខ្ញុំគិតថាលោក Bill Gates បានឆ្លៀតយកឱកាសទាំងអស់ជាមួយក្រុមហ៊ុន Microsoft ខណៈ Steve ធ្វើការជាមួយ Apple ។ មិនមានឱកាសធំៗ នៅសល់សម្រាប់យើងទេ ប៉ុន្តែខ្ញុំបានដឹងថាឱកាសតែងតែស្ថិតនៅក្នុងបញ្ហាប្រឈម។ ប្រសិនបើអ្នកអាចដោះស្រាយបញ្ហាប្រឈមអ្នកនឹងទទួលបានជោគជ័យ ហើយបញ្ហាប្រឈមកាន់តែធំឱកាសកាន់តែធំដែលអ្នកមាន »។

៥.ចាត់ទុកអតិថិជន និងនិយោជិករបស់អ្នកនាំមុខម្ចាស់ភាគហ៊ុនរបស់អ្នក៖ លោក Jack Ma ជឿជាក់ថា អតិថិជនគឺស្ថិតនៅលំដាប់លេខ ១ និយោជិកលេខ ២ និងម្ចាស់ភាគហ៊ុនលេខ ៣ ។ គាត់បានពន្យល់ថា អតិថិជន គឺជាអ្នកដែលបង់លុយឱ្យយើង និងនិយោជិកដែលជំរុញការច្នៃប្រឌិត ដោយឡែកសម្រាប់ម្ចាស់ភាគហ៊ុននៅពេលមានវិបត្តិកើតឡើង (ម្ចាស់ភាគហ៊ុន) គឺជាអ្នករត់មុនគេ ខណៈបុគ្គលិក និងអតិថិជនរបស់នៅតែមានវត្តមានដដែល៕

អត្ថបទ៖ លីនី
ប្រភព៖ sbo