ការពិត ៥ យ៉ាងដែលអ្នកមិនបានដឹងពីមហាសេដ្ឋីហុងកុង Li Ka-Shing ដែលមិនចេះនឿយហត់​ដើម្បីកសាងអាណាចក្ររបស់គាត់អស់ជិត ៧ ទសវត្ស
បុគ្គលជោគជ័យ August 31, 2020 Chan Sreyny

មហាសេដ្ឋីហុងកុងវ័យ ៩២ឆ្នាំ លោក លី កាស៊ីង បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៨ បន្ទាប់ពីធ្វើការដោយមិនចេះនឿយហត់​ដើម្បីកសាងអាណាចក្ររបស់គាត់អស់រយៈពេលជិត ៧ ទសវត្ស។ លោកបានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុនហុងកុង CK Hutchison Holdings Ltd និងក្រុមហ៊ុន CK Asset Holdings Ltd នៅក្នុងខែឧសភាឆ្នាំដដែលនោះ។

ខណៈរឿងរ៉ាវរបស់លោក លី កាស៊ីង ជនភៀសខ្លួនសម័យសង្គ្រាមដែលកើតចេញពីការលក់សាប៊ូ ក្លាយជាអ្នកសាងសង់អាគារខ្ពស់ៗ បានធ្វើឱ្យគាត់មានឈ្មោះបោះសំឡេងល្បីល្បាញនៅអាស៊ី ដែលមនុស្សគ្រប់គ្នាស្គាល់។ ប៉ុន្តែនៅមានការពិត ៥ យ៉ាងដែលយើងទាំងអស់គ្នាអាចនឹងមិនបានដឹងពីគាត់ ហើយរឿងទាំងនោះមានដូចជា៖

១.មហាសេដ្ឋីរូបនេះកើតនៅឆ្នាំនាគ ឬខ្មែរហៅថា(ឆ្នាំរោង)៖ ប្រហែលជាភាពវាងវៃ និងភាពទាក់ទាញរបស់លោកលីអាចត្រូវបានគេសន្មតថាជា និមិត្តរូបនៃឆ្នាំរបស់គាត់គឺនាគ ដែលជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុគ្គលិកលក្ខណៈដែលមានមហិច្ឆតា។ តាមពិតលោក លី បានរីកចម្រើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនតាំងពីវ័យក្មេងក្នុងនាមជាអ្នកលក់ជំនាញ។

២.លោក លី ចូលចិត្តបច្ចេកវិទ្យាច្នៃប្រឌិត៖ Spotify, Facebook, Airbnb, Siri និង DeepMind របស់ Google សុទ្ធសឹងតែប្រតិបត្តិការដែលលោក លី បានវិនិយោគ ហើយគាត់ក៏ជាអ្នកគាំទ្រនៃការច្នៃប្រឌិតផ្លាស់ប្តូរហ្គេមផងដែរ។​ ការវិនិយោគចុងក្រោយរបស់គាត់រួមមាន ការចាប់ផ្តើមស្វែងរកដើម្បីបង្កើតស៊ុតដែលជំនួសដោយរុក្ខជាតិ។ មិនតែប៉ុណ្ណោះលោកថែមទាំងបានបង្កើតមូលនិធិលីកាស៊ីង ដើម្បីវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យអប់រំ និងថែទាំសុខភាពដោយហៅមូលនិធិនោះថា “កូនប្រុសទីបី”។

៣.លោក លី ឈប់រៀនតាំងពីវ័យក្មេង៖ ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ លោក លី កាស៊ីងត្រូវបានបង្ខំឱ្យបោះបង់ចោលការសិក្សាមុនពេលគាត់មានអាយុ ១៦ ឆ្នាំ ដើម្បីរកការងារធ្វើផ្គត់ផ្គង់គ្រួសាររបស់គាត់ បន្ទាប់ពីឪពុករបស់គាត់បានទទួលមរណភាព។ សព្វថ្ងៃនេះគាត់ជាអ្នកជួយដល់សាលាជាច្រើននៅជុំវិញពិភពលោករួមទាំងនៅនូវែលសេឡង់ និងអ៊ីស្រាអែល។

៤.លោក លី បានផ្ដល់ដំបូន្មានវិនិយោគដល់អ្នកចាប់ជំរិតកូនគាត់៖ នៅចុងទសវត្សឆ្នាំ១៩៩០ គ្រួសារដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅហុងកុងច្រើនតែជាគោលដៅសម្រាប់ការចាប់ជំរិត ហើយគ្រួសាររបស់លី មិនមានករណីលើកលែងនោះទេ។ ក្នុងឆ្នាំ ១៩៩៦ ក្មេងទំនើងជនជាតិចិនឈ្មោះ Cheung Tze-keung ដែលមានឈ្មោះហៅក្រៅថា « Big Spender » បានចាប់ពង្រត់កូនប្រុសរបស់គាត់ ដោយទាមទារប្រាក់ចំនួន ១ ពាន់លានដុល្លារហុងកុង។ យោងតាមលោកលី បន្ទាប់ពីលោក Cheung ដែលជាក្មេងទំនើងចាប់ជំរិតកូនគាត់នោះ ទទួលបានប្រាក់ហើយបានទូរស័ព្ទទៅលោកលី សូមការណែនាំវិនិយោគ។

៥.ទោះបីជាមានលុយកាក់ច្រើនក៏ដោយ លោក លី នៅតែរីករាយក្នុងការរស់នៅសាមញ្ញៗ៖ ទោះបីជាខ្លួនជោគជ័យធ្លាប់ក្លាយជាអ្នកមានជាងគេនៅអាស៊ី និងអ្នកមានបំផុតនៅហុងកុង មហាសេដ្ឋីពាន់លានរូបនេះនៅតែប្រើជិវិតបែបសាមញ្ញៗដដែល។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលជុំវិញទ្រព្យសម្បត្តិជាង ៣០ ពាន់លានដុល្លារ តែមហាសេដ្ឋីរូបនេះប្រើប្រាស់របស់ថោកៗ ដូចជានាឡិកាជាដើម ក្រោមហេតុផលតែមួយដែលគាត់លើកឡើងថា គាត់ពិតជាសប្បាយចិត្ត និងអរគុណយ៉ាងខ្លាំងដែលគាត់មានសុខភាពល្អ និងអាយុវែង៕

អត្ថបទ៖ លីនី
ប្រភព៖ asiatatler