ត្រឹមរយៈពេល​មួយខែ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk ហក់ឡើងដល់ ១០០ ពាន់លានដុល្លារ
បុគ្គលជោគជ័យ August 29, 2020 Chan Sreyny

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk នៅ Silicon Valley បានកើនឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃសុក្រទី ២៨ ខែសីហា ​នេះបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc មានការកើនឡើងជាង ៥ ដងក្នុងឆ្នាំនេះ។

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់គាត់មួយភាគធំបានមកពីភាគហ៊ុនចំនួន ២១% នៅក្នុងក្រុមហ៊ុន Tesla ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលបានបោះផ្សាយជាសាធារណៈចំនួន ១៧ ដុល្លារក្នុងមួយហ៊ុនកាលពីឆ្នាំ ២០១០ បានកើនឡើង ៣.៥% ក្នុងការធ្វើពាណិជ្ជកម្ម។ ក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតនៅលើពិភពលោក ដោយការធ្វើមូលធនកម្មទីផ្សារនៅថ្ងៃទី ១ ខែកក្កដា នៅពេលដែលក្រុមហ៊ុននេះបានវ៉ាដាច់ក្រុមហ៊ុន Toyota ហើយក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យអ្នកវិនិយោគលក់រាយជាច្រើនរបស់ខ្លួនក្លាយជាសេដ្ឋី។

យោងតាម Forbes បានឱ្យដឹងថា ទឹកប្រាក់ជិត ១០០ ពាន់លានដុល្លាររបស់គាត់គឺប្រហែលពាក់កណ្តាលនៃទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីពិភពលោកលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon.com Inc ។ Musk ដែលជាសហស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន PayPal Holdings Inc ឥឡូវនេះបានដឹកនាំក្រុមហ៊ុនច្រើនបំផុតនៅលើពិភពលោក។ ក្រៅពីក្រុមហ៊ុន Tesla លោកជាប្រធានក្រុមហ៊ុនរ៉ុក្កែត SpaceX និង Neuralink ដែលជាក្រុមហ៊ុនចាប់ផ្តើមមួយ ដែលកំពុងបង្កើតចំណុចប្រទាក់ម៉ាស៊ីនខួរក្បាលដែលមានល្បឿនលឿនបំផុតដើម្បីភ្ជាប់ខួរក្បាលមនុស្សទៅនឹងកុំព្យូទ័រ។

ទន្ទឹមនឹងនេះ លោក Musk បានបង្កើតក្រុមហ៊ុន Boring Company ដើម្បីធ្វើផ្លូវរូងក្រោមដីនៅខាងក្រោមផ្លូវដែលមានភាពមមាញឹកនៅទីក្រុង សម្រាប់ប្រព័ន្ធដឹកជញ្ជូនសាធារណៈអគ្គិសនី ដើម្បីចៀសវាងការកកស្ទះចរាចរណ៍នៅទីក្រុងនានារបស់សហរដ្ឋអាមេរិក។ គួរឱ្យដឹងផងដែរថា កាលពីចុងខែកក្កដា ឆ្នាំ ២០២០​ ទ្រព្យសម្បត្តិរបស់លោក Musk មានចំនួន ៧៤ ពាន់លានដុល្លារដែលបានធ្វើឱ្យគាត់ក្លាសជាអ្នកមានបំផុតលំដាប់ទី៥ នៅលើពិភពលោក៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia