Jeff Bezos ក្លាយជាមហាសេដ្ឋីដំបូងគេលើពិភពលោកដែលមានទ្រព្យសម្បត្តិ ២០០ ពាន់លានដុល្លារ ខណៈជិត ៤០ឆ្នាំមកនេះមិនមាននរណាឈានដល់ចំណុចនេះទេ
បុគ្គលជោគជ័យ August 27, 2020 Chan Sreyny

លោក Jeff Bezos ដែលត្រូវបានគេស្គាល់ថាជាអ្នកមានជាងគេបំផុតនៅលើពិភពលោកនោះ ឥឡូវនេះកាន់តែវ៉ាដាច់គេឯង ហើយកាន់តែមានទ្រព្យសម្បត្តិច្រើនជាងមុនទៅទៀត។ កាលពីព្រឹកថ្ងៃពុធកន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនកើតចេញពីវេបសាយលក់សៀវភៅធម្មតាៗ និងតូចមួយបានឈានដល់ចំណុចកំពូលមួយ ដែលមិនទាន់មាននរណាអាចឈាន​ដល់នោះទេអស់ជិត ៤ ទសវត្សមកហើយ។

ទស្សាវដ្ដី Forbes បានតាមដានទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ ជាមួយនឹងភាគហ៊ុនក្រុមហ៊ុន Amazon ដែលបានកើនឡើង ២% គិតត្រឹមរសៀលថ្ងៃពុធម្សិលមិញ ហើយទ្រព្យសម្បត្តិសុទ្ធរបស់ Bezos បានកើនឡើង ៤.៩ ពាន់លានដុល្លារ ដែលធ្វើឱ្យបុរសវ័យ ៥៦ ឆ្នាំរូបនេះ ក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលទទួលបានទ្រព្យសម្បត្តិ ២០០ ពាន់លានដុល្លារ។ គិតត្រឹមម៉ោង ១ និង ៥០ នាទី (EDT) កាលពីថ្ងៃពុធ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិ ២០៤.៦ ពាន់លានដុល្លារ ច្រើនជាងជិត ៩០ ពាន់លានដុល្លារនៃមហាសេដ្ឋីលំដាប់ទី២ របស់ពិភពលោក គឺលោក Bill Gates ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិចំនួន​ ១១៦.១ ពាន់លានដុល្លារ។

ដោយសារតែការផ្លាស់ប្តូរទម្លាប់អ្នកប្រើប្រាស់ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺឆ្លង Covid-19 ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជិត ៨០% ចាប់តាំងពីដើមឆ្នាំ ហើយទ្រព្យសម្បត្តិសុទ្ធរបស់លោកដែលមានចំនួនប្រហែល ១១៥ ពាន់លានដុល្លារកាលពីថ្ងៃទី០១ ខែមករា បានកើនឡើងជាលំដាប់។ ភាគហ៊ុន ១១% របស់ Bezos នៅក្នុងក្រុមហ៊ុន Amazon រកបានជាង ៩០% នៃទ្រព្យសម្បត្តិរបស់គាត់​ ខណៈគាត់ក៏ជាម្ចាស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ ក្រុមហ៊ុនអាកាសចរណ៍ Blue Origin និងការវិនិយោគឯកជនផ្សេងជាច្រើនទៀត។

យ៉ាងណាមិញ Bezos មិនមែនជាមនុស្សតែម្នាក់គត់ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្ដិកើនឡើងដល់កំពូលថ្មីនោះទេ ពោលគឺលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook បានបញ្ចប់កាលពីថ្ងៃអង្គារក្នុងនាមជាមហាសេដ្ឋីថ្មី ដែលមានទ្រព្យ ១០៣.១ ពាន់លានដុល្លារ បន្ទាប់ពីបានបន្ថែម ៣.៤ ពាន់លានដុល្លារទៅនឹងទ្រព្យសម្បត្តិរបស់ខ្លួនក្នុងរយៈពេលមួយថ្ងៃតាមរយៈការចំណេញភាគហ៊ុនរបស់ Facebook។ ការកើនឡើងនេះបានបន្តនៅរសៀលថ្ងៃពុធ ដោយ Mark រកប្រាក់បាន ៦ ពាន់លានដុល្លារ ហើយឥឡូវគាត់មានទ្រព្យសម្បត្តិ ១០៩.១ ពាន់លានដុល្លារ ខៈណទើបទទួលបានតំណែងជាអ្នកមានបំផុតទី៣ លើលោកកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ forbes