Bill Gates ក្នុងឆ្នាំ២០១៨ បាននិយាយថា៖ « ពិភពលោកចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត ដូចទៅនឹងការត្រៀមខ្លួនសម្រាប់សង្គ្រាម »
បុគ្គលជោគជ័យ August 26, 2020 Chan Sreyny

គិតមកទល់ថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ២៤ លាននាក់ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers ។ ហើយកាលពីឆ្នាំ២០១៨ មហាសេដ្ឋី Bill Gates បានព្រមានថាពិភពលោកមិនបានត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត ដែលយើងគ្រប់គ្នាបានយកចិត្តទុកដាក់ និងព្រួយបារម្ភនោះទេ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយវេជ្ជសាស្ត្រ Massachusetts និងទស្សនាវដ្ដីវេជ្ជសាស្ត្រអង់គ្លេសថ្មី (NEJM) នៅថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០១៨ លោក Gates បាននិយាយថា៖ « លោកជឿជាក់ថា ពិភពលោកនឹងត្រូវការការត្រៀមសម្រាប់ជំងឺរាតត្បាតតាមរបៀបដូចទៅនឹងការត្រៀមសម្រាប់សង្រ្គាម »។

លោកបានបន្តថា ការរៀបចំនេះរួមមាន ការធ្វើត្រាប់តាមឆាកល្បែងសង្គ្រាម និងលំហាត់ត្រៀម ដើម្បីឲ្យយើងអាចយល់បានកាន់តែច្បាស់ពីរបៀបដែលជំងឺនានានឹងរាលដាល រួមទាំងវិធីដោះស្រាយជាមួយនឹងការឆ្លើយតបដូចជាការដាក់ដោយឡែក និងការទំនាក់ទំនងដើម្បីកាត់បន្ថយភាពភិតភ័យ។ ជាមួយគ្នានេះលោកបានកត់សម្គាល់ថា ខណៈពេលដែលការផ្ទុះឡើងនៃជំងឺផ្តាសាយ H1N1 កាលពីឆ្នាំ២០០៩ (ហៅថាជំងឺផ្តាសាយជ្រូក) មិនមានគ្រោះថ្នាក់ដូចអ្វីដែលមនុស្សភ័យខ្លាចទេ វាបានបង្ហាញឲ្យឃើញជាក់ស្ដែងថា ពិភពលោកមិនមានវិធីសម្របសម្រួលដើម្បីជួយក្នុងការរកឃើញ និងរាលដាលភ្លាមៗនៃជំងឺរាតត្បាតឡើយ។

បន្ថែមពីនេះការរីករាលដាលនៃជំងឺអេបូឡានៅអាហ្វ្រិកខាងលិចកាលពីបួនឆ្នាំមុន គឺជាការអំពាវនាវថ្មីមួយទៀត ដោយសារចំនួនករណីដែលបានបញ្ជាក់បានកើនឡើង ចំនួនអ្នកស្លាប់និងប្រព័ន្ធសុខាភិបាលក្នុងតំបន់បានដួលរលំ។ ជាថ្មីម្តងទៀតពិភពលោកមានការយឺតយ៉ាវក្នុងការឆ្លើយតប ហើយលោកបាននិយាយអំពីការរីករាលដាលនៃឆ្នាំ ២០១៤-២០១៦ ដែលបានសម្លាប់មនុស្សចំនួន ១១,០០០ នាក់ និងបានឆ្លងជាង ២៨,០០០ នាក់។

ទន្ទឹមនឹងនេះស្ថានិកក្រុមហ៊ុន Microsoft និងជាម្ចាស់មូលនិធិសប្បុធម៌ Bill and Melida Gates ក៏បានប្រៀបធៀបការរាតត្បាតសកលដែលអាចសម្លាប់មនុស្សនាពេលអនាគតទៅនឹងអាវុធថ្មីមួយប្រភេទ។ លោកបានរំលឹកថា នៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិចឆ្នាំ២០១៧ លោកបានស្នើដល់មេដឹកនាំពិភពលោក ឲ្យស្រមៃថាកន្លែងណាមួយនៅលើពិភពលោកដែលមានអាវុធថ្មី ឬ អាចលេចចេញមកដែលមានសមត្ថភាពសម្លាប់មនុស្សរាប់លាននាក់ នាំសេដ្ឋកិច្ចទៅរកភាពជាប់គាំង និងដេញប្រទេសនានាឱ្យមានភាពវឹកវរ។

លោកបានបន្ថែមថា ប្រសិនបើវាជាអាវុធយោធានោះការឆ្លើយតបនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីអភិវឌ្ឍវិធានការទប់ទល់ ប៉ុន្តែភាបន្ទាន់នៃភាពខ្វះខាតគឺនៅពេលនិយាយអំពីការគំរាមកំហែងផ្នែកវេជ្ជសាស្រ្ត។ មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា « បញ្ហានេះគួរជាការព្រួយបារម្ភចំពោះមនុស្សគ្រប់គ្នា ព្រោះប្រវត្តិសាស្រ្តបានបង្រៀនយើងថានឹងមានការរីករាលដាលនៃរោគរាតត្បាតទូទាំងពិភពលោកដែលអាចសម្លាប់យើងបាន។

លោកបានបន្តថា៖ « យើងមិនអាចស្មានដឹងថានៅពេលណាទេ ប៉ុន្តែដោយសារការរីករាលដាលជាបន្តបន្ទាប់នៃធាតុបង្កជំងឺថ្មីៗ ការកើនឡើងហានិភ័យនៃការវាយប្រហារដោយប្រើជីវគីមី និងការកើនឡើងនៃការផ្សារភ្ជាប់គ្នានៃពិភពលោករបស់យើង គឺបង្កើតបានជាការប៉ាន់ស្មានថា ការរាតត្បាតនាពេលបច្ចុប្បន្នដ៏ធំ និងដ៍សាហាវនឹងកើតឡើងរបស់យើង។ ដូច្នេះដើម្បីត្រៀមខ្លួនឱ្យបានល្អប្រសើរលោកបាននិយាយថា មេដឹកនាំពិភពលោកចាំបាច់ត្រូវវិនិយោគលើវិធីសាស្រ្តដូចជា ថ្នាំប្រឆាំងវីរុស និងការព្យាបាលដែលអាចត្រូវបានស្តុកទុក ឬ ផលិតយ៉ាងឆាប់រហ័សដល់ការរីករាលដាលនៃជំងឺនាពេលអនាគតទាំងនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc