ចង់ចាប់ផ្ដើមអាជីវកម្មតែគ្មានគ្រឹះ មកដឹង ៥ ស្នៀតពីមហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma
បុគ្គលជោគជ័យ August 25, 2020 Chan Sreyny

មហាសេដ្ឋីចិន Jack Ma មានទ្រព្យសម្បត្តិសុទ្ធជាង ៣៨ ពាន់លានដុល្លារបើយោងតាមទស្សនាវដ្ដី Forbes គាត់បានធ្វើឲ្យទីផ្សារ BtoB មានភាពច្របូកច្របល់ដែលបង្កើតបានជាវេទិកា BtoB ដ៏ធំបំផុតនៅលើពិភពលោកគឺ Alibaba ។ ក្រៅពីការធ្វើជំនួញនៅក្នុងពេលទំនេររបស់មហាសេដ្ឋីរូបនេះ គាត់គឺជាគ្រូបង្វឹកបង្ហាត់ពីមេរៀនជីវិត និងអាជីវកម្ម ហើយខាងក្រោមនេះគឺជាការណែនាំដ៏ល្អបំផុតរបស់គាត់សម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្ម និងអ្នកដែលបានបើកអាជីវកម្មរួចគួរដឹង៖

១.មិនដែលហួសពេលទេ សម្រាប់ការចាប់ផ្ដើម៖ Jack Ma បាននិយាយថា៖ «មានតែពេលដែលខ្ញុំមានអាយុ ៤០ឆ្នាំ ប៉ុណ្ណោះដែលខ្ញុំចាប់ផ្ដើមដឹងច្បាស់នូវអ្វីដែលខ្ញុំចង់ធ្វើ។ ខ្ញំមិនដែលគិតក្នុងជីវិតថាខ្ញុំចង់ក្លាយជាអ្នកជំនួញទេ ខណៈដែលរឿងផ្សេងទៀតដែលខ្ញុំចង់ធ្វើខ្ញុំត្រូវបានគេបដិសេធ។ ខ្ញុំចង់ក្លាយជាប៉ូលីសហើយខ្ញុំត្រូវបានគេបដិសេធ ខ្ញុំចង់ធ្វើជាអ្នករត់តុនៅ KFC ហើយខ្ញុំត្រូវបានគេបដិសេធ »។

២.ឱកាសដែលគ្មានកំណត់៖ មហាសេដ្ឋីចិនរូបនេះបាននិយាយថា ពិភពលោកសព្វថ្ងៃនេះគឺជាការប្រកួតប្រជែង និងពោពេញដោយឱកាស។ កាលពី ២០០០ឆ្នាំមុន គឺពោពេញទៅដោយការប្រកួតប្រជែង និងឱកាស ហើយលោកជឿជាក់ថា ២០០០ឆ្នាំក្រោយទៀតក៏ពោពេញទៅដោយការប្រកួតប្រជែង និងឱកាសដដែល ប៉ុន្តែវាអាស្រ័យលើរបៀបដែលអ្នកមើលវាប៉ុណ្ណោះ។ យុវជននិយាយថាគ្មានឱកាសទេ ប៉ុន្តែលោកគិតថាឱកាសតែងតែស្ថិតនៅក្នុងការប្រកួតប្រជែង និងការត្អូញត្អែរ ប្រសិនបើអ្នកអាចដោះស្រាយបញ្ហាប្រឈមបាន អ្នកនឹងទទួលបានជោគជ័យ។

៣.រីករាយនឹងដំណើរជីវិតរបស់អ្នក៖ លោក Jack Ma គិតថា ជីវិតគឺជាដំណើរមួយ អ្នកមកពិភពលោកនេះដើម្បីជីវិតដ៏ល្អ មានភាពរីករាយ និងមានសុខភាពល្អ។ ថ្ងៃដែលអ្នកចាកចេញពីពិភពលោកនេះអ្នកចង់និយាយថា « ខ្ញុំសប្បាយចិត្តនឹងជីវិតរបស់ខ្ញុំ ខ្ញុំមានសុខភាពល្អនៅក្នុងជីវិតរបស់ខ្ញុំ » ពីព្រោះប្រសិនបើអ្នកមិនមានសុខភាពល្ អអ្នកនឹងមិនដែលសប្បាយចិត្តឡើយ។

៤.ស្វែងរកមនុស្សដែលឆ្លាតជាងអ្នក៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Alibaba ធ្លាប់និយាយថា៖ «ដំបូងខ្ញុំមិនដឹងអ្វីអំពីបច្ចេកវិទ្យាទេ ហើយខ្ញុំក៏មិនដឹងអ្វីទាំងអស់អំពីការគ្រប់គ្រងដែរ។ ប៉ុន្តែខ្ញុំត្រូវស្វែងរកមនុស្សដែលឆ្លាតជាងខ្ញុំ ហើយនៅពេលដែលខ្ញុំរកពួកគេបាន ការងាររបស់ខ្ញុំគឺធ្វើឱ្យប្រាកដថាមនុស្សឆ្លាតអាចធ្វើការជាមួយគ្នាបាន »។

៥.មានគោលបំណងគ្រប់វ័យទាំងអស់៖ លោក Jack Ma ធ្លាប់និយាយដូច្នេះថា៖ នៅពេលអ្នកមានអាយុ ២០ ទៅ ៣០ ឆ្នាំអ្នកគួរតែធ្វើតាមថៅកែល្អ ហើយចូលរួមជាមួយក្រុមហ៊ុនល្អ ដើម្បីរៀនធ្វើអ្វីៗឲ្យបានត្រឹមត្រូវ។ នៅពេលអ្នកមានអាយុពី ៣០ ទៅ ៤០ ឆ្នាំប្រសិនបើអ្នកចង់ធ្វើអ្វីមួយដោយខ្លួនឯងសូមធ្វើវា។ អ្នកនៅតែអាចមានលទ្ធភាពចាញ់ និងបរាជ័យ។ នៅពេលអ្នកមានអាយុ ៤០ ទៅ ៥០ ឆ្នាំការផ្តល់យោបល់របស់ខ្ញុំ គឺថាអ្នកគួរតែធ្វើអ្វីដែលអ្នកពូកែ។ នៅពេលអ្នកមានអាយុពី ៥០ ទៅ ៦០ ឆ្នាំ ចំណាយពេលហ្វឹកហាត់និងអភិវឌ្ឍយុវជនជំនាន់ក្រោយ ហើយនៅពេលអ្នកមានអាយុជាង ៦០ ឆ្នាំអ្នកនឹងនៅជាមួយចៅៗ របស់អ្នកបានយ៉ាងសប្បាយរីករាយ៕

អត្ថបទ៖ លីនី
ប្រភព៖ btobtrend