នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បរិច្ចាគទឹកប្រាក់ចំនួន ៥ លានដុល្លារក្នុងភាគហ៊ុនរបស់ Apple ដល់អង្គការសប្បុរសធម៌
បុគ្គលជោគជ័យ August 25, 2020 Chan Sreyny

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook កាលពីសប្ដាហ៍មុនបានប្រគល់ភាគហ៊ុនចំនួន ១០.៧១៥ ហ៊ុន របស់ក្រុមហ៊ុនដែលគ្រប់គ្រងដោយផ្ទាល់ទៅឲ្យអង្គការសប្បុរសធម៌ដែលមិនស្គាល់អត្តសញ្ញាណមួយ។ យោងតាមការចុះផ្សាយរបស់ Appleinsider ភាគហ៊ុនដែលបានប្រគល់ជូននោះស្មើនឹងចំនួនទឹកប្រាក់ជាង ៥ លានដុល្លារនៅចុងបញ្ចប់នៃការជួញដូរហ៊ុនកាលពីថ្ងៃសុក្រ។

តាមការកត់ត្រាដោយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក និងបានបង្ហាញនៅថ្ងៃនេះបានឲ្យដឹងថា អំណោយរបស់លោក Tim Cook ត្រូវបានដាក់ចេញជាផ្លូវការនៅថ្ងៃសុក្រ ហើយសារគ្មានភាគហ៊ុនណាត្រូវបានលក់ចេញ ការរាយការណ៍ពីតម្លៃមិនត្រូវបានអនុវត្តចំពោះការផ្ទេរប្រាក់ទេ។ ប៉ុន្តែប្រសិនបើអ្វីៗត្រូវបានផ្លាស់ប្ដូរនៅថ្ងៃច័ន្ទ ដោយ AAPL បានបញ្ចប់នៅក្នុងតម្លៃ ៥០៣,៤៣ ដុល្លារ នោះអំណោយរបស់ Cook នឹងមានតម្លៃប្រហែល ៥.៤ លានដុល្លារ។

ទោះបីជាយ៉ាងណាក្ដី គេមិនច្បាស់ទេថាតើភាគហ៊ុនរបស់លោក Cook ត្រូវបានផ្ទេរទៅណាបើទោះបីជានាយកប្រតិបត្តិធ្លាប់បានបរិច្ចាគទៅឱ្យអង្គការសិទ្ធិមនុស្សក៏ដោយ។ ខណៈអ្នកដឹកនាំសាជីវកម្មមានកាតព្វកិច្ចបង្ហាញពីចលនានៃភាគហ៊ុនដែលមានកម្មសិទ្ធិ ប៉ុន្តែមិនចាំបាច់រាយការណ៍ជាសាធារណៈពីអ្នកទទួលប្រតិបត្តិការដែលជាអំណោយនោះទេ។

គួរឲ្យដឹងផងដែរថា នៅឆ្នាំ២០១៤ នាយកប្រតិបត្តិរូបនេះ បានបរិច្ចាគក្នុងចំនួនដ៏ច្រើនគួរសមដល់គម្រោងមួយនៃយុទ្ធនាការសិទ្ធិមនុស្សអាមេរិក ដែលជាក្រុមមួយដែលលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅអាមេរិកខាងត្បូង។ នៅឆ្នាំដដែលនោះគាត់បានផ្តល់ប្រាក់ចំនួន ២៩១.៧៩១ ដុល្លារដល់សាលារៀននៅតំបន់ជ្រលងភ្នំ Pennsylvania ដែលថវិកាត្រូវបានប្រើសម្រាប់ទិញ iPads សម្រាប់សិស្ស និងគ្រូ។

នៅឆ្នាំ២០១៥ និងឆ្នាំ ២០១៨ គាត់បានផ្ទេរកញ្ចប់ភាគហ៊ុនរបស់ Apple ទៅឱ្យអង្គការសប្បុរសធម៌ដែលមិនបានបង្ហាញអត្តសញ្ញាណ ខណៈបច្ចុប្បន្ននេះនាយកប្រតិបត្តិក្រុមហ៊ុន Apple គ្រប់គ្រងភាគហ៊ុនចំនួន ៨៣៧,៣៧៤ ហ៊ុននៃភាគហ៊ុនដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Apple ដែលទទួលបានផលប្រយោជន៍ពីឯកជន៕

អត្ថបទ៖ លីនី
ប្រភព៖ appleinsider