មហាសេដ្ឋី Bill Gates៖ នេះគឺជាដំបូន្មានល្អបំផុតដែលគាត់នឹងផ្តល់ឱ្យខ្លួនឯងនៅក្នុងវ័យ ១៩ ឆ្នាំរបស់គាត់
បុគ្គលជោគជ័យ August 24, 2020 Chan Sreyny

ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft លោក Bill Gates បាននិយាយនៅក្នុងសុន្ទរកថាមួយថា ដំបូន្មានល្អបំផុតរបស់លោក ដែលគាត់នឹងផ្ដល់ឲ្យខ្លួនឯងនៅពេលគាត់មានអាយុ ១៩ឆ្នាំ គឺ « ភាពឆ្លាត មិនចាំបាច់ជារឿងសំខាន់បំផុតនៅក្នុងជីវិតទេ »។ យោងតាមលោក Gates បញ្ញាបច្ចេកទេសដែលកំណត់សិស្សល្អ និងអាក្រក់ មិនពាក់ព័ន្ធនឹងភាពជោគជ័យទេ។

មហាសេដ្ឋីដែលបានចាកចេញពីសាកលវិទ្យាល័យ ដើម្បីបង្កើតកម្មវិធីដែលធ្វើបដិវត្តពិភពបច្ចេកវិទ្យាពត៌មានបាននិយាយថា បន្ទាប់ពីមានបទពិសោធន៍ជាច្រើនឆ្នាំគាត់យល់ថា បញ្ញាមិនជំរុញអ្នកឲ្យទទួលបានជោគជ័យដូចដែលអ្នកបានគិតនោះទេ។ ស្ថាបនិករូបនេះបាននិយាយថា ប្រសិនបើគាត់អាចត្រលប់ទៅកាលពីក្មេង គាត់នឹងផ្តល់ដំបូន្មានដ៏មានតម្លៃមួយចំនួនទាំងនេះដល់ខ្លួនឯង។

កាលនៅក្មេងលោក Gates ជានិស្សិតគំរូនៅឯសាលាឯកជនមួយនៅទីក្រុង Seattle ដែលសម្គាល់ដោយពិន្ទុ ១៥៩០ នៅលើ SAT (ក្នុងពិន្ទុសរុប ១,៦០០) ដែលជាប្រភេទនៃការប្រលងចូលមហាវិទ្យាល័យដែលផ្តល់ឱ្យគាត់នូវកន្លែងមួយនៅសាកលវិទ្យាល័យល្បីឈ្មោះនៅ Harvard។ គាត់បានចុះឈ្មោះចូលរៀនផ្នែកច្បាប់ ទោះបីជាយុវជនជាច្រើនមិនដឹងថាគាត់ចង់ធ្វើអ្វីពិតប្រាកដក៏ដោយ ហើយទោះជាយ៉ាងណាក៏ដោយគាត់បានចំណាយពេលភាគច្រើនរបស់គាត់នៅលើកុំព្យូទ័រមុនពេលឈប់រៀននៅមហាវិទ្យាល័យនៅឆ្នាំ១៩៧៥ ។

លោកបាននិយាយថា៖ «ខ្ញុំជាសិស្សពូកែ ប៉ុន្តែខ្ញុំមិនបានឈានដល់កន្លែងដែលខ្ញុំមកទេ ព្រោះខ្ញុំពូកែតែពេលធ្វើតេស្ត ត្រង់នេះខ្ញុំចង់ពន្យល់ថា បញ្ញាបច្ចេកទេសមិនប្លែកទេហើយក៏មិនសំខាន់ដូចអ្វីដែលខ្ញុំបានគិតនៅពេលខ្ញុំចាប់ផ្តើមដែរ »។

ប៉ុន្តែនៅពេលសួរថាតើជោគជ័យទាំងអស់នោះបានមកពីណា លោក Gates បានសំដៅទៅលើសហគ្រិនមហាសេដ្ឋីម្នាក់ទៀតនោះ គឺលោក Warren Buffet ដែលបាននិយាយថា ពួកយើងអាចរកឃើញថា ពួកយើងអាចឈានដល់ចំណុចនេះ នៅពេលដែលមនុស្សស្និទ្ធនឹងអ្នក សប្បាយចិត្តជាមួយអ្នក ឬ ស្រលាញ់ចូលចិត្តអ្នក។ បន្ថែមពីលើការធ្វើល្អដើម្បីទទួលបានអារម្មណ៍បែបនោះ អ្នកត្រូវធ្វើរឿងជាច្រើនទៀតដូចជា ធ្វើគ្រប់យ៉ាងដើម្បីច្នៃប្រឌិតអ្វីមួយ ចិញ្ចឹមកូនឲ្យបានល្អ ឬ ជួយមនុស្សដែលខ្វះខាត៕

អត្ថបទ៖ លីនី
ប្រភព៖ techcaption