មហាសេដ្ឋីលំដាប់ទី៣ របស់ពិភពលោក Bernard Arnault ធ្លាក់ទាំងចំណាត់ថ្នាក់ និងខាតបង់ដល់ទៅ ៦ ពាន់លានដុល្លារ ដោយសារការរកស៊ីយីហោប្រណិត LVMH អត់ត្រូវប៉ាន់ក្នុងវិបត្តិកូវីដ
បុគ្គលជោគជ័យ August 10, 2020 Chan Sreyny

អ្នកមានបំផុតទី៣ លើលោកបានខាតបង់ចំនួន ៦ ពាន់លានដុល្លារពីទ្រព្យសម្បត្តិរបស់គាត់ក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ ដែលធ្វើឲ្យខ្លួនជ្រុះបាត់ចំណាតថ្នាក់ជាអ្នកមានបំផុតលំដាប់ទី៣ ទៅឲ្យមេហ្វេសប៊ុក Mark Zuckerberg កាលពីពេលថ្មីៗនេះ។ បន្ទាប់ពីរបាយការណ៍រកប្រាក់ចំណូលដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុមហ៊ុនប្រណិតយក្ស LVMH ដែលជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន គឺលោក Bernard Arnault បានធ្លាក់ចុះដល់ ១០៦.២ ពាន់លាន ធ្លាក់ចុះពី ១១២.១ ពាន់លានដុល្លារកាលពីមួយសប្ដាហ៍មុន។

ភាគហ៊ុនរបស់ LVMH បា​នធ្លាក់ចុះ ៨% ក្នុងមួយសប្តាហ៍មកដល់ថ្ងៃទី៣១ ខែកក្កដា កន្លងមកនេះ បន្ទាប់ពីក្រុមហ៊ុន បានបង្ហាញកាលពីថ្ងៃច័ន្ទថា អាជីវកម្មរបស់ខ្លួនដែលរួមមានក្រុមហ៊ុន Louis Vuitton, Fenty និង Hennessy រកចំណូលបានប្រហែល ២១.៧ ពាន់លានដុល្លារក្នុងការលក់នៅឆមាសទីមួយនៃឆ្នាំ២០២០ ដែលធ្លាក់ចុះ ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ខណៈពេលដែលក្រុមអ្នកវិភាគរំពឹងថាការលក់នឹងធ្លាក់ចុះប្រហែលនោះ ដោយប្រាក់ចំណេញរបស់ LVMH បានធ្លាក់ចុះយ៉ាងគំហុកពី ៨៤% ស្មើនឹង ៦១៥ លានដុល្លារដែលទាបជាងការប៉ាន់ស្មានរបស់អ្នកវិភាគ ហើយភាគហ៊ុនបានធ្លាក់ចុះ ៤% កាលពីថ្ងៃច័ន្ទ សប្ដាហ៍មុនក្រោយការប្រកាសពីការខាតបង់។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន LVMH បានបង្ហាញភាពរឹងមាំ ជាពិសេសនៅក្នុងវិបត្តិនៃរោគរាតត្បាតធ្ងន់ធ្ងរដែលពិភពលោកបានជួបប្រទះនៅឆមាសទីមួយនៃឆ្នាំ ២០២០​។ ជាមួយគ្នានេះមហាសេដ្ឋីវ័យ ៧១ឆ្នាំ រូបនេះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយរួមជាមួយរបាយការណ៍ប្រាក់ចំណូលថា សម្ព័ន្ធរបស់យើងបានបង្ហាញភាពរហ័សរហួនគួរឲ្យកត់សម្គាល់ ក្នុងការអនុវត្តវិធានការណ៍នានាដើម្បីសម្របខ្លួនទៅនឹងការចំណាយរបស់ពួកគេ និងបង្កើនល្បឿននៃការលក់តាមអ៉ីនធឺណេត។

ទោះបីជាមានការស្ទុះងើបឡើងវិញនៃការលក់នៅក្នុងប្រទេសចិនក្នុងអំឡុងត្រីមាសទី២ ក៏ដោយក៏ក្រុមហ៊ុនប្រណិតមួយនេះ​បានស្តីបន្ទោសនូវការសម្រេចចិត្តចំពោះការបិទទ្វារហាង និងកន្លែងផលិតរបស់ខ្លួននៅកន្លែងផ្សេងទៀតក្នុងពិភពលោក និងការបន្តបិទទ្វារ​ថែមទៀត។ គួរបញ្ជាក់ផងដែរថា មហាសេដ្ឋី Bernard Arnault បានចាប់ផ្ដើម និងបង្កើតទ្រព្យសម្បត្តិដោយប្រើប្រាស់លុយ ១៥ លានដុល្លាររបស់ឪពុកគាត់ ដើម្បីទិញ Christian Dior ក្នុងឆ្នាំ ១៩៨៥។

ជាមួយគ្នានេះ លោក Arnault បាន​រកប្រាក់ដើម្បីបង្កើនទ្រព្យសម្បត្តិបានដល់ ១០០ ពាន់លានដុល្លារនៅចុងឆ្នាំមុន និងទទួលបានការចាប់អារម្មណ៍ខ្ពស់នៅដើមឆ្នាំ២០២០ ដោយបានយកឈ្នះមហាសេដ្ឋី Jeff Bezos ដើម្បីក្លាយជាអ្នកមានបំផុតនៅលើពិភពលោកកាលពីខែមករា ទោះបីជាវាមានរយៈពេលខ្លីក៏ដោយ ខណៈកាលនោះ Arnault ស្ថិតនៅលំដាប់ទី៣ នៃអ្នកមានបំផុតលើលោក បន្ទាប់ពីមហាសេដ្ឋី Bill Gates។ ទោះជាយ៉ាងណាក្ដី ដោយសារឧស្សាហកម្មម៉ូដទាន់សម័យបានធ្លាក់ចុះ ដោយសារការវាយប្រហារដោយវីរុស Covid-19 ធ្វើឲ្យលោក Jeff Bezos ដែលជាអ្នកមានជាងគេបំផុតនៅលើពិភពលោក នៅតែរក្សាតំណែងរបស់ខ្លួនដដែល បន្ទាប់ពីក្លាយជាមហាសេដ្ឋីដែលរកចំណូលបានធំបំផុតប្រចាំសប្តាហ៍ ដោយបន្ថែមប្រាក់ចំនួនជាង ៣ ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បត្តិរបស់គាត់ ហើយបញ្ចប់នៅថ្ងៃសុក្រមានតម្លៃ ១៨១ ពាន់លានដុល្លារ ព្រោះភាគហ៊ុនរបស់ក្រុមហ៊ុន Amazon នៅតែខ្ពស់៕

អត្ថបទ៖ លីនី
ប្រភព៖ forbes