មហាសេដ្ឋី Bill Gates បាននិយាយថា៖ « ថ្នាំព្យាបាលជំងឺកូរ៉ូណាអាចកាត់បន្ថយអត្រាការស្លាប់យ៉ាងច្រើននៅចុងឆ្នាំនេះ ប៉ុន្តែវ៉ាក់សាំងនឹងមានសារៈសំខាន់ក្នុងការធ្វើឲ្យមានភាពប្រក្រតីដល់សង្គម »។ នៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី “Squawk Box.” របស់ទូរទស្សន៍ CNBC លោក Gates បាននិយាយដូច្នេះថា៖ « អ្នកអាចមើលឃើញអត្ថប្រយោជន៍ព្យាបាលលឿន ជាងអត្ថប្រយោជន៍ការពារនៃវីរុស Covid-19 ដូច្នេះខ្ញុំគិតថាមានឱកាសល្អដែលអាចឲ្យយើងកាត់បន្ថយអត្រាមរណភាពបានយ៉ាងច្រើននៅចុងឆ្នាំនេះ ជាមួយនឹងការបញ្ចូលគ្នានូវបច្ចេកទេសថ្មីៗ »។
សហស្ថាបនិកក្រុមហ៊ុន Microsoft និងជាសហប្រធាននៃមូលនិធិ Bill និង Melinda Gates បាននិយាយថា ថ្នាំ remdesivir គឺជាផ្នែកមួយនៃការព្យាបាលឈានមុខគេក្នុងការស្រាវជ្រាវការព្យាបាលជំងឺ។ ខណៈថ្នាំ Remdesivir គឺជាថ្នាំប្រឆាំងវីរុសមួយពីគ្លីនិក Gilead ដែលបានបង្ហាញថាបានកាត់បន្ថយហានិភ័យនៃការស្លាប់ចំពោះអ្នកជំងឺ Covid-19 ដែលមានជំងឺធ្ងន់ធ្ងរចំនួន ៦២% បើប្រៀបធៀបនឹងការថែទាំធម្មតា។ លោកបានបន្ថែមថា មានថ្នាំប្រឆាំងនឹងមេរោគពីរផ្សេងទៀត ដែលអ្នកវិទ្យាសាស្ត្រកំពុងស្រាជ្រាវ ដែលអាចប្រើប្រាស់ដោយការលេប ជំនួសឱ្យការចាក់បញ្ចូលដូចជាការព្យាបាលដោយប្រើថ្នាំ Remdesivir។

គួរបញ្ជាក់ផងដែរថា មូលនិធិ Bill និង Melinda Gates បានប្រកាសពីផែនការក្នុងខែកុម្ភៈដើម្បីបរិច្ចាគថវិកាចំនួន ១០០ លានដុល្លារដល់កិច្ចប្រឹងប្រែងស្រាវជ្រាវវ៉ាក់សាំង និងព្យាបាលវីរុស Covid-19 ដែលជាផ្នែកមួយនៃសំណើរបស់អង្គការសុខភាពពិភពលោកសម្រាប់ថវិកាចំនួន ៦៧៥ លានដុល្លារក្នុងការបរិច្ចាគដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ ហើយកាលពីខែមិថុនាមូលនិធិបានសន្យាផ្តល់ថវិកាបន្ថែមចំនួន ១.៦ ពាន់លានដុល្លារដល់សម្ព័ន្ធភាពវ៉ាក់សាំង Gavi ដែលជាអង្គការមួយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីចាក់ថ្នាំបង្ការរោគដល់កុមារចំពេលមានការឆ្លងរាលដាលនៃជំងឺឆ្លងនេះផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ cnbc


