បុរសមានបំផុតនៅអាស៊ីលោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries Ltd កាលពីពេលថ្មីៗនេះទើបតែក្លាយជាមហាសេដ្ឋីមានជាងគេបំផុតនៅអាស៊ី។ ហើយបន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ ៦៤.៥ ពាន់លានដុល្លារ មហាសេដ្ឋីជនជាតិឥណ្ឌាមួយនេះ បានក្លាយជាមហាសេដ្ឋីនៅអាស៊ីតែមួយគត់ដែលបានហក់ដល់ចំណាត់ថ្នាក់អ្នកមានទាំង ១០ នៅលើពីភពលោក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg។
តាមប្រភពដដែលម្ចាស់ក្រុមហ៊ុនហ្គាស និងប្រេងយក្សមួយនេះបានយកឈ្នះ លើលោក Larry Ellison នៃក្រុមហ៊ុន Oracle Corp និងលោកស្រី Francoise Bettencourt Meyers ជាស្ត្រីអ្នកមានបំផុតដើម្បីឈានដល់ចំណាត់ថ្នាក់ទី៩។ លោក Ambani
ដែលមានភាគហ៊ុន ៤២% នៃក្រុមហ៊ុន Reliance បានទទួលផលប្រយោជន៍ពីការវិនិយោគយ៉ាងលឿនទៅក្នុងក្រុមហ៊ុនឌីជីថល Jio Platforms ដោយភាគហ៊ុនរបស់ក្រុមហ៊ុនសហគ្រាសឥណ្ឌាមួយនេះបានកើនឡើងទ្វេដង ពីកម្រិតទាបមួយនៅក្នុងខែមីនាដូចគ្នានឹងមហាសេដ្ឋីដទៃទៀតដែលមាននៅក្នុងបញ្ជីត្រូវបានរងផលប៉ះពាល់នៃការរីករាលដាលនៃវីរុស Covid-19។

ជាមួយគ្នាខណៈពេលដែលសេដ្ឋកិច្ចឥណ្ឌាត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងក្នុងអំឡុងពេលនៃការបិទទ្វារដើម្បីគ្រប់គ្រងការរីករាលដាលនៃ Covid-19 លោក Jayati Ghosh ប្រធានមជ្ឈមណ្ឌលសិក្សានិងផែនការសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Jawaharlal Nehru បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក Ambani (ជាពិសេសក្រុមហ៊ុនទូរគមនាគមន៍យក្ស Jio ) បានរីកចម្រើនហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកមានការកើនឡើងច្រើន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់លោកចាប់ផ្ដើមទទួលការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពី Facebook បានចំណាយប្រាក់មូលនិធិចំនួន ៥.៧ ពាន់លានដុល្លារ ដែលស្មើនឹង ១០% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Jio Platforms កាលពីខែមុន ហើយបន្ទាប់មកទៀតគឺ Silver Lake Partners ក៏បានចំណាយប្រាក់ ៧៤៨លានដុល្លារ ដើម្បីទិញយកភាគហ៊ុនជាង ១% ពីក្រុមហ៊ុននេះដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bloomberg


