យោងតាមសន្ទស្សន៍របស់ទស្សនាវដ្ដី Bloomberg បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Amazon ឆ្នាំនេះកាក់កបខ្លាំងណាស់ ដោយអាចរកចំណូលនៅក្នុងសម័យ COVID-19 បាន ១៥០ ពាន់លានដុល្លារបន្ថែម ខណៈពេលដែលពលរដ្ឋអាមេរិកជាង ៤០លាននាក់ កំពុងដាក់ពាក្យសុំទឹកប្រាក់ជំនួយអត់ការងារធ្វើ។ លោក Jeff Bezos បានកើនទ្រព្យសម្បត្តិជាបន្ដបន្ទាប់ចាប់តាំងពីជំងឺ COVID-19 បានរាតត្បាតពាសពេញពិភពលោក ហើយខណៈពេលដែលពិភពលោកកំពុងតែបាត់បង់ការងារធ្វើដោយសារផលប៉ះពាល់របស់ COVID-19 ក្រុមហ៊ុន Amazon បានធ្វើការជ្រើសរើសបុគ្គលិករហូតដល់ ១៧៥,០០០នាក់ ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន។
បើនិយាយពីភាគហ៊ុនរបស់ក្រុមហ៊ុននេះវិញគឺហក់ឡើងខ្ពស់ញាក់សាច់តែម្ដង ដោយក្នុង១ហ៊ុន (1share) មានតម្លៃជាង ២,០០០ដុល្លារ ហើយគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន តម្លៃក្នុង១ហ៊ុនគឺ ២,៤៨៣ ដុល្លារអាមេរិក។ លោក Jeff Bezos ក៏ជាម្ចាស់ហ៊ុនធំបំផុតរបស់ Amazon ដោយមានភាគហ៊ុនរហូតដល់ទៅ ៥៥លានហ៊ុន។ ហើយនេះក៏មិនមែនជាលើកទីមួយដែលលោក Jeff Bezos ទទួលបានទឹកប្រាក់ចំណូល ១៥០ពាន់លានដុល្លារ ព្រោះគាត់ធ្លាប់បានសម្រេចវាដំបូងនៅខែកក្កដា ឆ្នាំ២០១៨ ដែលកាលនោះវាបានបង្កើតប្រវត្តិសាស្ត្រឱ្យគាត់ និងបានធ្វើឱ្យលោកក្លាយជាមហាសេដ្ឋី ដែលមានប្រាក់ច្រើនបំផុតនៅលើពិភពលោក។ បច្ចុប្បន្នគាត់មានទ្រព្យច្រើនជាងលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាកំពូលអ្នកមានបំផុតទី២ រហូតដល់ទៅ ៣៥ពាន់លានដុល្លារ៕


អត្ថបទ៖ លីដា
ប្រភព៖ Business Insider


