សុខៗ! ស្រាប់តែ Forbes ប្រកាសថា Kylie Jenner មិនមែនជាមហាសេដ្ឋីវ័យក្មេងជាងគេលើពិភពលោកទៀតទេ តែជាតារាដែលមានប្រាក់ខែខ្ពស់បំផុត
បុគ្គលជោគជ័យ June 5, 2020 Chan Sreyny

Kylie Jenner និង Kanye West កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនាបានឈរនៅលើកំពូលតារាងប្រចាំឆ្នាំរបស់ Forbes ដែលជាតារាដែលមានប្រាក់ខែខ្ពស់បំផុត ប៉ុន្តែតារាកីឡារួមទាំង Roger Federer និង Lionel Messi បានកាន់កាប់តំណែងកំពូលទាំង ១០។ យោងតាមទស្សនាវដ្ដី Forbes បានធ្វើការប៉ាន់ស្មានថា Jenner រកចំណូលបាន ៥៩០ លានដុល្លារអាមេរិកក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដែលភាគច្រើនបានមកពីការលក់ភាគហ៊ុន ៥១% នៅក្នុងខ្សែស្រឡាយ Kylie Cosmetics របស់នាងទៅ Coty ក្នុងឆ្នាំ ២០១៩។

អ្នកជំនួញស្រីវ័យក្មេងអាយុ ២២ឆ្នាំ Kylie Jenner ដែលជាកូនកណ្ដាលក្នុងត្រកូល Kim Kardashian បានធ្វើឱ្យមានការចាប់អារម្មណ៍កាលពីមួយសប្តាហ៍មុននៅពេលដែលទស្សនាវដ្តី Forbes បាននិយាយថាបន្ទាប់ពីពិនិត្យមើលទិន្នន័យពីការលក់របស់ Coty នាងត្រូវបានធ្លាក់ចេញពីតំណែងជាមហាសេដ្ឋីដូចដែល Forbes បានប្រកាសកាលពីមួយឆ្នាំមុនហើយ។ យ៉ាងណាមិញពាក់ព័ន្ធនឹងរឿងនេះ Jenner បានឆ្លើយតបដោយនិយាយថាការប៉ាន់ស្មានរបស់ Forbes គឺផ្អែកលើ សេចក្តីថ្លែងការណ៍ និងការសន្និដ្ឋានមិនត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា យោងតាមទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១៩ ទ្រព្យសម្បត្តិសុទ្ធរបស់ Kylie Jenner ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១ ពាន់លានដុល្លារអាមេរិក ធ្វើឱ្យនាងជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីក្មេងជាងគេនៅលើពិភពលោក ក្នុងវ័យ ២១ ឆ្នាំ គិតត្រឹមខែមីនាឆ្នាំ ២០១៩៕

ប្រភព៖ cnalifestyle
អត្ថបទ៖ លីនី