លោក Colonel Sanders ត្រូវបានគេស្គាល់ថាជាបុគ្គលដ៏ជោគជ័យបំផុតមួយរូបដែលមនុស្សគ្រប់គ្នាគួររៀនសូត្រតាម និងជាស្ថាបនិកនៃប្រេនមាន់បំពងដ៏ល្បី Kentucky Fried Chicken (KFC) ដែលមានដើមកំណើតចេញពីការលក់ក្នុងហាងតូចមួយតាមចិញ្ចើមផ្លូវ។ នៅឆ្នាំ ១៩៥២ លោក Colonel Sanders បានកំណត់សក្តានុពលនៃគំនិតបង្កើតសិទ្ធិអាជីវកម្មរបស់ភោជនីយដ្ឋាន និងបង្កើតយីហោ (KFC) ហើយត្រូវបានគេស្គាល់ល្បីសុះសាយនៅពាសពេញពិភពក្នុងពេលបច្ចុប្បន្ននេះ។
នៅក្នុងឆ្នាំ ១៩៦៤ ស្ដេចមាន់បំពងរូបនេះបានលក់ក្រុមហ៊ុន ក្នុងតម្លៃ ២ លានដុល្លារ និងបានចូលនិវត្តន៍នៅអាយុ ៧៤ឆ្នាំ ខណៈមនុស្សភាគច្រើនគិតថាភាពជោគជ័យដែលគាត់ទទួលបាន គឺធម្មតាដូចតែអ្នកមានៗផ្សេងទៀតសម្រេចបាន។ ប៉ុន្តែប្រសិនបើអ្នកបានដឹងពីដំណើរដើមទងនៃការចាប់ផ្ដើមរបស់គាត់ អ្នកនឹងស្រឡាំងកាំងហើយចង់ដឹងថា ហេតុអ្វីបានជាបុរសចំណាស់ម្នាក់នេះធ្វើបាន?

លោក Colonel Sanders បានជួបរឿងបរាជ័យក្នុងជីវិត និងក្នុងមុខជំនួញជាច្រើនដង ទម្រាំក្លាយជាស្ថាបនិកយីហោលំដាប់ពិភពលោកមួយនេះ ដែលគាត់បានចាប់ផ្ដើមបង្កើតឡើងនៅក្នុងវ័យ ៦៥ឆ្នាំ ខណៈពេលដែលគាត់ចូលនិវត្តន៍ហើយទទួលបានប្រាក់តែ ១០៥ ដុល្លារពីរបបសន្តិសុខសង្គមរបស់រដ្ឋាភិបាល។ មនុស្សគ្រប់គ្នាគិតថា គាត់មានអាយុច្រើន ប៉ុន្តែគាត់ផ្ទាល់បានបដិសេធនឹងបោះជំហានចូលក្នុងសមរភូមិជំនួញយ៉ាងក្លាហានរហូតទទួលបានជ័យជំនះ។

គាត់ គឺជាគំរូដ៏ល្អមួយដែលបានធ្វើឲ្យពិភពលោកដឹងថា ភាពជោគជ័យមិនអាស្រ័យលើថា តើអ្នកចាប់ផ្តើមវ័យក្នុងវ័យប៉ុណ្ណា ឬ មានលុយប៉ុន្មានទើបអាចត្រូវចាប់ផ្តើមធ្វើជំនួញបាននោះទេ។ ជាមួយគ្នានេះគាត់បានភ្ជាប់នូវពាក្យពេចន៍ដែលបំផុសគំនិតរបស់
គាត់ឲ្យទទួលបានជោកជ័យថា៖ « ខ្ញុំមានអាយុ ៦៦ឆ្នាំ ខ្ញុំនៅតែត្រូវរកស៊ីចិញ្ចឹមជីវិត ដោយសារខ្ញុំមិនអាចរស់នៅពឹងផ្អែកលើប្រាក់និវត្តន៍ចំនួន ១០៥ ដុល្លារនេះទេ ហើយបានសំរេចចិត្តប្រើវាដើម្បីព្យាយាមបង្កើតយីហោមាន់បំពងរបស់ខ្ញុំ »៕
ប្រភព៖ addicted2success
អត្ថបទ៖ លីនី


