Henry Ford ត្រូវបានគេទទួលស្គាល់ថាបានធ្វើបដិវដ្ដឧស្សាហកម្មដឹកជញ្ជូន ការច្នៃប្រឌិតរបស់គាត់ដែលមានតាំងពីសតវត្សទី២០ នៅតែបន្តជះឥទ្ធិពលដល់ជីវិតរបស់យើងគ្រប់គ្នានៅសព្វថ្ងៃនេះ។ Henry ជាអ្នកដែលបានបង្កើតក្រុមហ៊ុន Ford Motor តាំងពីដីទទេររហូតដល់ក្រុមហ៊ុនក្លាយជា ក្រុមហ៊ុនដ៏ល្បីមួយលើពិភពលោក បន្ទាប់ពីគាត់បានកំណត់គោលរបស់ខ្លួនថា នឹងសាងសង់ឡានសម្រាប់មនុស្ស ហើយនៅខែតុលា ឆ្នាំ១៩០៨ គាត់បានសម្រេចក្ដីសុបិន្តរបស់គាត់ដោយផ្ដល់នូវ រថយន្តម៉ូឌែល T ក្នុងតម្លៃ ៩៥០ ដុល្លារ។
ទម្រាំសម្រេចបានក្ដីសុបិន្ត Henry មិនទទួលបានជោគជ័យភ្លាមៗនោះទេ គាត់ជួបរឿងបរាជ័យជាច្រើន ប៉ុន្តែគាត់នៅតែបន្តការច្នៃប្រឌិត ហើយបច្ចុប្បន្នទោះបីជាគាត់បានទទួលមរណភាពក៏ដោយក្ដី Henry នៅតែត្រូវបានគេកោតសសើរនូវទេពកោសល្យខាងបច្ចេកវិទ្យា និងជាកម្លាំងច្នៃប្រឌិតនៅក្នុងទីផ្សាររថយន្ត។ រឿងរ៉ាវរបស់គាត់បានចាប់ផ្ដើមនៅ Greenfield Michigan ជាកន្លែងដែលគាត់កើតនៅឆ្នាំ ១៨៦៣។
គាត់ជាកូនកសិករដែលមានឱពុកឈ្មោះ William Ford ជាកសិករដែលធូរធារ ចិត្តល្អ ដែលត្រូវបានគេគោរពនៅក្នុងសហគមន៍ ហើយម្ដាយរបស់ខ្លួន Mary Ford ជាអ្នកអប់រំសីលធម៌ដ៏ល្អបំផុត ហើយ Henry មានចំណងដ៏រឹងមាំជាមួយម្ដាយគាត់។ ដូច្នេះហើយទើបមរណភាពម្ដាយរបស់គាត់នៅឆ្នាំ ១៨៧៦ បានធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង រួមជាមួយសារបង្ហាញពីការឈឺចាប់ថា «ផ្ទះរបស់គាត់នៅពេលនេះ ប្រៀបដូចជានាឡិកាដែលគ្មានម៉ាស៊ីន»។

ក្រោយពីមរណភាពរបស់ម្ដាយ ឪពុករបស់ Henry សង្ឃឹមថាកូនប្រុសរបស់គាត់នឹងកាន់កាប់ដីស្រែចំការបានល្អជំនួសគាត់ ផ្ទុយទៅវិញ Henry ស្អប់ការងារជាកសិករណាស់ ព្រោះគាត់មិនចូលចិត្តធ្វើអ្វីដែលធម្មតាៗ និងផ្ដល់អត្ថប្រយោជន៍តិច។ គាត់មានដុង និងស្រាលាញ់ខ្លាំងទៅលើជំនាញមេកានិច គាត់ចូលចិត្តធ្វើអ្វីដែលមានភាពស្មុគស្មាញ ដោយកាលពេលនៅតូចគាត់ចាប់អារម្មណ៍ទៅលើម៉ាស៊ីនបោកគក់ និងនាឡិកា។ ភាពចង់ដឹងចងឃើញរបស់ Henry បានធ្វើឲ្យគាត់គាត់ចាកចេញពីចម្ការឪពុករបស់គាត់នៅអាយុ ១៦ ឆ្នាំដើម្បីធ្វើជាកូនជាងផ្នែកម៉ាស៊ីននៅក្រុង Detroit ក្នុងក្រុមហ៊ុន Michigan ដែលជំនាញខាងផលិតទូរថភ្លើង។
បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនជាកូនជាងអស់រយៈពេល ២ ឆ្នាំ ដោយបានរៀនសូត្រច្រើនពីឧស្សាហកម្មធុនធ្ងន់ Henry បានត្រឡប់ទៅ Greenfield វិញ។ គាត់ត្រូវបានគេជួលនៅ Westinghouse ជាកន្លែងដែលគាត់នឹងដំណើរការម៉ាស៊ីនចំហាយទឹកហើយនៅក្នុងពេលទំនេររបស់គាត់បានជួសជុលឡើងវិញនូវម៉ាស៊ីនដែលគាត់បានតំឡើង។ នៅឆ្នាំ១៨៩១ គាត់បានផ្លាស់ទៅនៅក្រុង Detroit ជាកន្លែងដែលគាត់ទទួលបានការងារជាវិស្វករ ហើយមិនយូរប៉ុន្មានគាត់បានឡើងឋានៈខ្ពស់ហើយក្លាយជាប្រធានវិស្វករ។

Henry កំពុងរស់នៅក្នុងក្តីសុបិន្តរបស់គាត់ ហើយនៅឆ្នាំ ១៨៩៦ គាត់បានបង្កើតយានជំនិះដំបូងរបស់គាត់គឺ Quadricycle ដែលមានកង់ដែកចំនួនបួន ហើយនៅឆ្នាំ ១៨៩៨ គាត់ក៏បានបញ្ចេញនូវឡានមួយម៉ូដែលទៀត។ ក្រោយមកគាត់បានសំរេចចិត្តចាប់ផ្តើមក្រុមហ៊ុនដែលនឹងលក់រទេះសេះ ដោយមិនបានដឹងអ្វីទាំងអស់អំពីអាជីវកម្ម ដូច្នេះហើយក្រុមហ៊ុនទី១ និងទី២ របស់គាត់ត្រូវដួលរលំជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្ដីគាត់មិនចុះចាញ់ទេ ដោយការប៉ុនប៉ងលើកទី៣ របស់គាត់ក្នុងការចាប់ផ្តើមក្រុមហ៊ុនទីបំផុតបានទទួលជោគជ័យ ហើយនៅខែមិថុនាឆ្នាំ១៩០៣ ពិភពលោកបានឃើញកំណើតរបស់ក្រុមហ៊ុន Ford Motor។

នៅចន្លោះឆ្នាំ ១៩០៣- ១៩០៨ ក្រុមហ៊ុន Ford បានផលិតរថយន្តចំនួន ៩ ម៉ូឌែលផ្សេងៗគ្នាដែលសុទ្ធតែទទួលបានជោគជ័យ ហើយនៅក្នុងខែតុលាឆ្នាំ ១៩០៨ ក្រុមហ៊ុនបានបង្ហាញរថយន្តម៉ូឌែល T ហើយក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះតម្រូវការបានកើនឡើងយ៉ាងខ្លាំង។ ចន្លោះឆ្នាំ ១៩០៨ និង ១៩២៧ ក្រុមហ៊ុន Ford ផលិតបាន ១៥ លានគ្រឿងនៃរថយន្តម៉ូឌែល T ហើយរហូតដល់ឆ្នាំ ១៩៤៧ Henry បានទទួលមរណភាព ប៉ុន្តែតាមរយៈក្រុមហ៊ុនរបស់គាត់ Henry បានផ្លាស់ប្តូរជីវិតរបស់មនុស្សជាច្រើនដោយផ្តល់ឡានដែលមានតំលៃសមរម្យ និងគុណភាពល្អដល់មនុស្សទាំអស់គ្នា។

មេរៀនពី Henry Ford ៖
– កុំខ្លាចក្នុងការប្រថុយ មនុស្សដែលអស្ចារ្យរត់ឆ្ពោះទៅរកការតស៊ូ ហើយអភិវឌ្ឍរាងកាយដ៏ស្គមស្គាំងរបស់ពួកគេ។
– ការប្រកួតប្រជែងគឺល្អ ព្រោះយើងអាចរៀនសូត្រ និងទទួលបានភាពរីកចម្រើនពីវា។
– បោះជំហ៊ានតូចៗ តែនឹងធ្វើឲ្យអ្នកឡើងដល់ចំណុចកំពូល។
– (យានជំនិះដំបូងរបស់ Henry Ford មិនអាចផ្លាស់ទីទៅក្រោយទេ) ។ ប្រៀបដូចជាការបរាជ័យ គឺជាផ្នែកសំខាន់មួយនៃការសំរេចបានជោគជ័យ ទោះបីបរាជ័យយ៉ាងណាក៏នៅតែទៅមុខ មិនរាថយទេ៕
ប្រភព៖ radiantekemini
អត្ថបទ៖ លីនី


