ទោះបីជាសេដ្ឋកិច្ចរបស់ពិភពលោកមានការធ្លាក់ចុះដោយសារជំងឺ COVID-19 ប៉ុន្តែនាយកប្រតិបត្តិ FACEBOOK លោក Mark Zuckerberg រកបានចំណូលបន្ថែមជាង ៣០ ពាន់លានដុល្លារអាមេរិក ត្រឹមរយៈពេលតែពីរខែប៉ុណ្ណោះ។ ការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតទី៣ របស់ពិភពលោក នេះបើយោងតាមតារាងចំណាត់ថ្នាក់មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg ដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ លោក Mark Zuckerberg ពេលនេះមានទ្រព្យសម្បត្តិសរុបរហូតដល់ ៨៧.៨ ពាន់លានដុល្លារអាមរិក ដែលវ៉ាដាច់ស្ដេចវិនិយោគ Warren Buffett និងថៅកែម៉ូត Louis Vuitton លោក Bernard Arnault ។
កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ លោក Zuckerberg មានទ្រព្យសម្បត្តិសរុបចំនួន ៥៧.៥ ពាន់លានដុល្លារអាមេរិក ហើយគាត់ស្ថិតនៅលំដាប់ទី៥ នៅក្នុងតារាងអ្នកមានបំផុតរបស់ពិភពលោក នេះបើយោងតាមការប៉ាន់ស្មានរបស់ Bloomberg ។ ពោលគឺអំឡុងពេលដែលសហរដ្ឋអាមេរិកមានវិបត្តិដោយសារជំងឺ COVID-19 កាន់តែខ្លាំងឡើង និងបណ្ដាលឱ្យមនុស្សជិត ៤០ លាននាក់ ត្រូវដាក់ពាក្យសុំយកទឹកប្រាក់ជំនួយសង្គ្រោះ ក្រុមហ៊ុន FACEBOOK បានកើនឡើងចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូច្នេះវាបានធ្វើឱ្យមហាសេដ្ឋីរូបនេះឡើងតំណែងពីលេខ ៥ ដល់លេខ ៣ ដេញពីក្រោយលោក Jeff Bezos និង Bill Gates ។
ទោះយ៉ាងណា FACEBOOK បាននិយាយថា ខ្លួនបានទទួលការកាត់បន្ថយគួរឱ្យកត់សម្គាល់ចំពោះការផ្សាយពាណិជ្ជកម្ម នៅក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនៃត្រីមាសទីមួយ។ ខណៈពេលដែលប្រាក់ចំណូលនៅត្រីមាសដំបូងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានិងវេទិកាសង្គមមួយនេះកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ ផលប៉ះពាល់គួរឱ្យកត់សម្គាល់ចំពោះសេដ្ឋកិច្ចនៅតែត្រូវបានគេមើលឃើញ។ លទ្ធផលត្រីមាសទី២ ដែលគ្របដណ្តប់លើអាជីវកម្មចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា អាចបង្ហាញកាន់តែច្បាស់ពីផលប៉ះពាល់នៃជំងឺ COVID-19 ដែលមានលើអាជីវកម្មរបស់ FACEBOOK៕


អត្ថបទ៖ លីដា
ប្រភព៖ Business Insider


