ភាពជោគជ័យ គឺជាក្ដីប្រាថ្នាដែលអ្នកណាៗក៏ចង់សម្រេចបាននៅក្នុងជីវិត ប៉ុន្តែវាអាចកើតមាន ឬ ក៏អត់អាស្រ័យទៅលើការព្យាយាមរបស់យើង ព្រោះគ្មានភាពជោគជ័យណារត់មករកយើងដោយឯកឯងទេ។ ពេលខ្លះយើងឃើញមនុស្សជាច្រើនសម្រេចបានវា តែយើងមិនបានដឹងទេថា ពួកគេទាំងនោះបានឆ្លងកាត់ឧបសគ្គ និងជួបរឿងអ្វីខ្លះនោះទេ ជាក់ស្ដែងដូចជាមហាសេដ្ឋី និងបុគ្គលជោគជ័យលើពិភពលោកជាច្រើន។
យ៉ាងណាមិញយោងតាមសារព័ត៌មាន Inc បានបង្ហាញនូវអាថ៌កំបាំងជោគជ័យរបស់មហាសេដ្ឋីបច្ចេកវិទ្យាដំបូងគេចំនួន ៥រូប រួមមានលោក Bill Gates , Michael Dell , Masayoshi Son , Stan Shih និង Ann Winblad ដែលបានបង្ហើបប្រាប់ពីគន្លឹះដើម្បីសម្រេចជោគជ័យរបស់់់់់់់ពួកគេយ៉ាងធំធេងក្នុងពេលបច្ចុបន្ននេះ៖

១.ធ្វើឲ្យការងារក្លាយជារឿងសប្បាយរីករាយ៖ ធម្មជាតិមនុស្សយើងចូលចិត្តចំណាយពេលធ្វើរឿងសប្បាយៗ ដូច្នេះត្រូវធ្វើយ៉ាងណាឲ្យការធ្វើការក្លាយជារឿងសប្បាយ ដូចជា មិនដាក់សម្ពាធពេក បង្កើតបរិយាកាសការងារ ពេលវេលា និងទំនាក់ទំនងល្អៗជាដើម។ ដូច្នេះហើយ ប្រសិនបើការងារគឺជាអ្វីមួយដែលនាំឱ្យយើងមានអារម្មណ៍រីករាយ នោះយើងនឹងមើលឃើញពីផលិតភាពខ្ពស់ មានកូនចិត្តចង់តែធ្វើការ មិនដែលធុញទ្រាន់ ឬចង់បោះបង់ចោលឡើយ។
២.សង្ឃឹមឲ្យល្អបំផុត ហើយរៀបចំសម្រាប់អ្វីដែលអាក្រក់បំផុត៖ គន្លឹះសំខាន់មួយឆ្ពោះទៅរកភាពជោគជ័យគឺ ត្រូវមើលអ្វីៗក្នុងផ្លូវល្អ រៀនទទួលស្គាល់អ្វីដែលជាការពិត ដូច្នេះមិនថាអ្នកជួបរឿងអ្វីក៏ដោយអ្នកនៅតែមានសង្ឃឺម។ ជាមួយគ្នានេះនៅក្នុងជីវិតយើងមិនមានរឿងសមបំណងរហូតនោះទេ រឿងអាក្រក់ៗជាច្រើនអាចនឹងកើតមានឡើងគ្រប់ពេល ដែលទាមទារឲ្យអ្នកត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយក និងដោះស្រាយវា។

៣.ប្រើការបរាជ័យដើម្បីគុណប្រយោជន៍របស់អ្នក៖ ទំនោររបស់មនុស្សភាគច្រើនតែងតែបាក់ទឹកចិត្ត និងងាយចុះចាញ់នៅពេលត្រូវបានគេបដិសេធ ឬ ជួបរឿងមិនសមបំណង ប៉ុន្តែពួកគេមិនដែលមើលឃើញពីចំណុចខ្វះខាត ហើយព្យាយាមកែឡើងវិញនោះទេ។ ដូច្នេះហើយមើលពីការបរាជ័យឡើងវិញ ហើយរៀនសូត្រពីវាតាមដែលអាចធ្វើទៅបាន នោះអ្នកនឹងអាចវិវត្តន៍ខ្លួនបានល្អជាងមុនដើម្បីបោះជំហានទៅរកជោគជ័យ។
៤.ផ្ដល់ភាពសំខាន់ដល់បុគ្គលិក៖ ការផ្ដល់តម្លៃ និងភាពសំខាន់ដល់បុគ្គលិកគឺជាយុទ្ធសាស្រ្តចម្បងមួយឈានទៅរកភាពជោគជ័យ ព្រោះអាជីវកម្មមួយដែលអាចដំណើរទៅបានដោយរលូន និងជោគជ័យគឺអាស្រ័យទៅលើបុគ្គលិកដែលជាចំណែក៏ធំមួយផងដែរ។ ដូច្នេះហើយមិនថា ជាបុគ្គលិកផ្នែកណា ជំនាញខ្ពស់ ឬ ទាបនោះទេ ត្រូវធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេ គឺជាចំណែកមួយនៅក្នុងភាពជោគជ័យនាពេលអនាគតរបស់ក្រុមហ៊ុនអ្នក។

៥.ធ្វើការសម្រេចចិត្តឱ្យបានរហ័សនិងទូលំទូលាយ៖ មិនថាក្នុងរឿងអ្វីក៏ដោយ ការសម្រេចចិត្តគឺជារឿងដ៏សំខាន់មួយ បើយើងមិនគិតថ្លឹងថ្លែងនោះទេ យើងនឹងបង្កើតកំហុសបន្ទាប់ពីការសម្រេចិត្ត ដែលគ្រប់គ្នាស្គាល់ថា ការសម្រេចចិត្តខុស ឬ នាំឲ្យមានការស្ដាយក្រោយនៅពេលក្រោយ។ ដូចនេះអ្នកត្រូវសម្លឹងមើលឲ្យឆ្ងាយ ហើយគិតអំពីឲ្យបានល្អិតល្អន់អំពីផលប៉ះពាល់ ឬ ហានិភ័យនៅថ្ងៃមុខ មិនមែនសម្រេចឲ្យរួចតែមួយគ្រា ហើយចាំដោះស្រាយតាមក្រោយនោះទេ៕

ប្រភព៖ inc
អត្ថបទ៖ លីនី


