មហាសេដ្ឋីបច្ចេកវិទ្យា ២ រូប ណែនាំសៀវភៅមួយដែលអាចជួយក្នុងការថប់បារម្ភ និងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដែលមនុស្សសម័យថ្មីនេះគួរអាន
បុគ្គលជោគជ័យ May 20, 2020 Chan Sreyny

នៅពេលដែលយើងថប់បារម្ភ និងពិបាកក្នុងការសម្រេចចិត្តតើយើងត្រូវធ្វើដូចម្ដេច ដើម្បីគេចចេញពីស្ថានភាពបែបនេះ? ជាការពិតមនុស្សជាច្រើនមានវិធីសាស្រ្តខុសគ្នាៗ ដើម្បីដោះស្រាយវាប៉ុន្តែពេលខ្លះហាក់ដូចជាមិនមានប្រសិទ្ធភាពទាល់តែសោះ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិ​ក្រុមហ៊ុន Twitter និង Square លោក Jack Dorsey និងសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានណែនាំនូវសៀវភៅមួយអំពីការធ្វើសមាធិសម្រាប់ដោះស្រាយភាពតានតឹង និងភាពមិនប្រាកដប្រជា ដែលមានចំណងជើងថា “21 Lessons for the 21st Century” និពន្ធដោយដោយប្រវត្តិវិទូ និងទស្សនវិទូលោក Yuval Noah Harari។

នៅក្នុងសៀវភៅដ៏ពិសេសនេះ បង្កប់នូវអត្ថបទមួយអំពី «អនាគតមនុស្សជាតិ» ពីរបៀបដែលសង្គមត្រូវបានប្រឈម និងទទួលឥទ្ធិពលពីបច្ចេកវិទ្យា និងព័ត៌មាន។ នៅក្នុងអត្ថបទនោះ ការណែនាំរបស់ Harari គឺប្រើការធ្វើសមាធិដើម្បីដោះស្រាយកង្វល់ ឬកង្វល់ជាច្រើនដែលយើងអាចមាននៅថ្ងៃមុខដូចជា ការប្រែប្រួលអាកាសធាតុ ភេរវកម្ម បញ្ញាសិប្បនិម្មិត និងភាពឯកជន។

យ៉ាងណាមិញកាលពីឆ្នាំ២០១៨ លោក Bill Gates បានសរសេរនៅក្នុងប្លុករបស់គាត់ថា៖ « ល្បិចក្នុងការបំបាត់កង្វល់របស់យើង គឺមិនត្រូវឈប់ព្រួយបារម្ភឡើយ ដោយល្បិចនេះត្រូវបានណែនាំដោយលោក Harari »។ ជាក់ស្ដែងលោក Gates ដែលបានចំណាយពេល ១០ នាទី ធ្វើសមាធិ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍បានបន្តថា “ ជាការពិតគាត់មិនចង់និយាយថាបញ្ហារបស់ពិភពលោកនឹងរលាយបាត់ទេ ប៉ុន្តែគាត់ទទូចថាជីវិតនៅសតវត្សរ៍ទី២១ ទាមទារឲ្យមានការគិតពិចារណា – ស្គាល់ខ្លួនយើងឱ្យបានច្បាស់ និងមើលពីរបៀបដែលយើងចូលរួមចំណែកក្នុងទទួលបន្ទុកក្នុងជីវិតរបស់យើង។

ទន្ទឹមនឹងនេះលោក Dorsey ក៏បាននិយាយអំពី Harari ផងដែរថា៖ «ការព្រួយបារម្ភរបស់គាត់ គឺថាយើងបាត់បង់ការយល់ដឹងពីខ្លួនឯង ពីព្រោះការយល់ដឹងពីខ្លួនឯងគឺនៅខាងក្រៅយើងហើយវាកំពុងធ្វើការប្រសើរជាងមុន ក្នុងការជួយដឹកនាំការសំរេចចិត្តរបស់យើង »។ បន្ថែមពីនេះស្ថាបនិក Twitter រូបនេះក៏ធ្វើសមាធិរយៈពេលពីរម៉ោងជារៀងរាល់ថ្ងៃ ហើយបានសម្រាកពីការងារសម្រាប់ការធ្វើសមាធិស្ងាត់ស្ងៀមរយៈពេល ១០ ថ្ងៃផងដែរ៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី