យោងតាមរបាយការណ៍របស់ SFGate បានឲ្យដឹងថាស្ថាបនិកហ្វេសប៊ុក Mark Zuckerberg និងភរិយា Priscilla Chan បានបរិច្ចាគថវិកា ៨០ ម៉ឺនដុល្លារដល់ភោជនីយដ្ឋានដែលពួកគេចូលចិត្តនៅតំបន់ឆ្នេរចំនួន ៨។ ក្នុងនោះភោជនីយដ្ឋាននីមួយៗ នឹងទទួលបានទឹកប្រាក់ ១០ ម៉ឺនដុល្លារ ដែលអាចជួយឲ្យពួកគេរក្សាដំណើរការ និងតស៊ូក្នុងអំឡុងពេលមានរោគរាតត្បាត Covid-19 នេះ។
ប្រភពដដែលបានឲ្យដឹងផងដែរថា ប្ដីប្រពន្ធដែលមិនចេះនឿយណាយធ្វើរឿងសប្បុរសធម៌មួយគូនេះ បានសន្យាបរិច្ចាគភាគហ៊ុនក្រុមហ៊ុនហ្វេសប៊ុករបសពួកគេចំនួន ៩៩% មុនពេលពួកគេស្លាប់ទៅកាន់មូលនិធិសប្បុរសធម៌។ អ្នកនាំពាក្យមួយរូបបានប្រាប់ទៅកាន់ Business Insider ថា « Mark និងភរិយារបស់លោក បានផ្តល់ប្រាក់ដល់ភោជនីយដ្ឋានចំនួន ៨ នៅក្នុងតំបន់ឆ្នេរសមុទ្រនូវទឹកប្រាក់ ១០ម៉ឺនដុល្លារ ដើម្បីជួយរក្សាដំណើរការរបស់ពួកគេក្នុងពេលមានវិបត្តិ និងបង្កើតការបញ្ជាទិញដ៏ធំមួយសម្រាប់បុគ្គលិកសុខាភិបាល និងអ្នកជួរមុខ »។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា នៅពេលពិភពលោកប្រឈមមុខនឹងបញ្ហាសុខភាពនិងវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកដោយសារវីរុស Covid-19 មហាសេដ្ឋីវ័យក្មេង និងភរិយាបានធ្វើការបរិច្ចាគថវិកាជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ក៏ដូចជាជួយសង្រ្គោះអាជីវកម្មដែលរងផលប៉ះពាល់។ យ៉ាងណាមិញ មហាសេដ្ឋីផ្សេងទៀតដូចជានាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos និងនាយកប្រតិបត្តិ Twitter លោក Jack Dorsey បានចូលរួមចំណែកប្រហាក់ប្រហែលគ្នានាពេលកន្លងមកផងដែរ៕

ប្រភព៖ businessinsider
អត្ថបទ៖ លីនី


