ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ SoftBank បន្ទាប់ពីមូលនិធិ Vision របស់ខ្លួននៅក្នុងក្រុមហ៊ុនបានប្រកាសពីការខាតបង់ចំនួន ១៨ ពាន់លានដុល្លារ។ មហាសេដ្ឋីចិន Jack Ma ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤១.៨ ពាន់លានដុល្លារគឺជាអ្នកលេចធ្លោចុងក្រោយដែលបានឈានជើងចេញពីក្រុមហ៊ុន SoftBank Group កាលពីថ្ងៃច័ន្ទបានបង្ហាញពីការខាតបង់ប្រចាំឆ្នាំសរុបចំនួន ១៣ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះគិតត្រឹមថ្ងៃទី៣១ ខែមីនា។
ខណៈស្ថាបនិក Uniqlo លោក Tadashi Yanai បានលាឈប់ពីក្រុមហ៊ុន SoftBank ក្រុមប្រឹក្សាភិបាលនៅខែធ្នូ និងស្ថាបនិក Nidec លោក Shigenobu Nagamori បានលាឈប់ពីតំណែងនៅឆ្នាំ ២០១៧។ លោក Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank បាននិយាយថា Ma បានសំរេចចិត្តចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនដោយខ្លួនឯង ហើយគាត់បានបន្ថែមទៀតថា » វាគួរឱ្យសោកស្តាយណាស់ ប៉ុន្តែយើងនៅតែទាក់ទងដោយផ្ទាល់និងមុនពេលដែលមានវីរុស Covid-19 យើងបានជួបដោយផ្ទាល់រៀងរាល់ខែ ដើម្បីញ៉ាំអាហារពេលល្ងាចនិយាយអំពីអាជីវកម្ម និងនិយាយអំពីជីវិត។ ខ្ញុំជឿថាយើងនឹងនៅតែជាមិត្តពេញមួយជីវិតរបស់យើង »។

យ៉ាងណាមិញការចាកចេញរបស់កំពូលអ្នកជំនួញរូបនេះ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន SoftBank លោក Masayoshi Son បានបង្វែរពីក្រុមហ៊ុនទូរគមនាគមន៍ទៅគាំទ្រក្រុមហ៊ុនថ្មីៗតាមរយៈមូលនិធិ Vision ១០០ ពាន់លានដុល្លារដែលត្រូវបានបង្កើតក្នុងឆ្នាំ ២០១៧។ សរុបមកមូលនិធិ Vision បានគាំទ្រអាជីវកម្ម start-ups ចំនួន ៨៨ ដែលមានទឹកប្រាក់សរុប ៧៥ ពាន់លានដុល្លារ។

ជាមួយគ្នានេះមូលនិធិ Vision កំពុងបង្ហាញពីសញ្ញាដ៏អាក្រក់បន្ទាប់ពីការបណ្ដាក់ទុនធំៗមួយចំនួន ត្រូវបានរងគ្រោះដោយសារវីរុស Covid-19 ដូចជា ការបណ្ដាក់ទុនទឹកប្រាក់ ៩ពាន់លានដុល្លារនៅលើ WeWork។ បន្ថែមពីនេះមូលនិធិក៏បានបញ្ចូលលុយ រាប់ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន ដូចជា taxi app Uber និងសណ្ឋាគារ Oyo។

គួរបញ្ជាក់ផងដែរថា លោក Jack Ma និង Masayoshi Son ដែលជាមហសេដ្ឋីបច្ចេកវិទ្យាល្បីឈ្មោះពីររូបនៅអាស៊ី គឺជាមិត្តភក្តិជិតស្និទ្ធហើយទំនាក់ទំនង ២០ ឆ្នាំមកហើយដោយសារ Son គឺជាអ្នកវិនិយោគដំបូងគេម្នាក់របស់ Alibaba។ នៅឆ្នាំ ២០០០ បន្ទាប់ពីក្រុមហ៊ុន Alibaba ត្រូវបានបង្កើតក្រុមហ៊ុន SoftBank បានវិនិយោគទឹកប្រាក់ចំនួន ២០ លានដុល្លារអាមេរិកទៅក្នុងក្រុមហ៊ុន។ ការដាក់ពាក្យសុំរបស់ SEC កាលពីខែកុម្ភៈបានបង្ហាញថាក្រុមហ៊ុន SoftBank កាន់កាប់ប្រហែល ២៥% នៃក្រុមហ៊ុន Alibaba ដែលមានភាគហ៊ុនជាង ១០០ ពាន់លានដុល្លារធ្វើឱ្យវាក្លាយជាការវិនិយោគដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន SoftBank Group៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី


