Bill Gates៖ « ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចជោគជ័យ ក្នុងការប្រែក្លាយមនុស្សឲ្យងាកមកចាប់អារម្មណ៍លើគ្រោះថ្នាក់នៃរោគរាតត្បាត »
បុគ្គលជោគជ័យ May 13, 2020 Chan Sreyny

ក្នុងរយៈពេលប៉ុន្មានខែមកនេះ ចាប់តាំងពីវីរុស Covid-19 បាន​ផ្ទុះឡើងនិងរីករាលដាលពាសពេញពិភពលោក សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates គឺជាឥស្សរជនសាធារណៈម្នាក់ដែលនិយាយច្រើនបំផុតទាក់ទងទៅនឹងការឆ្លើយតបជាសកលចំពោះរោគរាតត្បាតនេះ។ ទោះជាយ៉ាងនេះក្ដីកាលពីពេលថ្មីៗនេះ លោកបាននិយាយថា៖ «លោកសង្ឃឹមថាលោកនឹងអាចធ្វើអ្វីៗបន្ថែមទៀត ដើម្បីព្រមានដល់ពិភពលោក អំពីគ្រោះថ្នាក់ដែលអាចកើតមាននៃជំងឺរាតត្បាតជាសកល មុនពេលមេរោគឆ្លងវីរុស Covid-19 ក្លាយជាជំងឺមួយក្នុងចំណោមបញ្ហាសុខភាពសាធារណៈដ៏ធំបំផុតនៅក្នុងទសវត្ស »។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Wall Street Journal ដែលបានចេញផ្សាយកាលពីថ្ងៃ​ច័ន្ទ មហាសេដ្ឋីរូបនេះ បាននិយាយថា៖ « ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចជោគជ័យ ក្នុងការប្រែក្លាយមនុស្សឲ្យមកចាប់អារម្មណ៍លើគ្រោះថ្នាក់នៃរោគរាតត្បាត »។ ជាក់ស្ដែងចំពោះគ្រោះថ្នាក់នៃរោគរាតត្បាត លោក Bill Gates ធ្លាប់បានធ្វើការព្រមានជាញឹកញយមកហើយ ដោយកាលពីឆ្នាំ២០១៥ គាត់បានថ្លែងសុន្ទរកថានៅក្នុងកម្មវិធី TED Talk ព្រមានប្រជាជនថាវីរុសឆ្លង គឺជាហានិភ័យខ្ពស់ចំពោះមនុស្សជាតិជាងសង្គ្រាមនុយក្លេអ៊ែរ ហើយលោកបានអំពាវនាវគ្រប់ពេលឱ្យរដ្ឋាភិបាលលើពិភពលោកបង្កើនផែនការឆ្លើយតបនៃការរាតត្បាតរបស់វីរុសផ្សេងៗ។

យ៉ាងណាមិញមកទល់ពេលនេះ គាត់សង្ឃឹមថាគាត់អាចនឹងនិយាយបញ្ចុះបញ្ចូលមេដឹកនាំពិភពលោកដោយជោគជ័យ ដើម្បីឲ្យពួកគេយកចិត្តទុកដាក់ ដោះស្រាយ និងដឹងពីហានិភ័យនៃជំងឺរាតត្បាត។ ខណៈគាត់ជឿជាក់ថា រោគរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19 នឹងធ្វើឱ្យអន្តរាយដល់ពិភពលោក។ ជាមួយគ្នានេះដែរលោកបានប្រាប់ទៅកាន់កាសែត​ថា៖ « លោកមានអារម្មណ៍ភ័យខ្លាចណាស់ ហើយ​អ្វីដែលយើងអាចនិយាយបាននៅពេលនេះគឺ យើងអាចចាត់វិធានការ និងកាត់បន្ថយការខូចខាតបាន »។

លោកបានបន្តថា៖ « ខ្ញុំសង្ឃឹមថាការព្រមានដែលខ្ញុំ និងមនុស្សដទៃទៀតបានធ្វើ នឹងនាំឱ្យមានការសម្រសម្រួលដល់សកម្មភាពពិភពលោកបានប្រសើរជាងនេះ។ ហើយក្តីសង្ឃឹមរបស់ខ្ញុំឥឡូវនេះ គឺមេដឹកនាំនៅជុំវិញពិភពលោកដែលទទួលខុសត្រូវក្នុងការការពារពលរដ្ឋរបស់ពួកគេ នឹងទទួលយកអ្វីដែលបានដឹងពីសោកនាដកម្មនេះ ហើយវិនិយោគលើប្រព័ន្ធនានាដើម្បីការពារការផ្ទុះឡើងនៃរោគរាតត្បាតនាពេលអនាគត »៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី