មហាសេដ្ឋី Twitter លោក Jack Dorsey បានប្រកាសកាលពីថ្ងៃច័ន្ទថា លោកកំពុងបរិច្ចាគ ១០ លានដុល្លារដល់អង្គការ REFORM Alliance ដែលជាអង្គការកំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌ។ គោលដៅនៃការបរិច្ចាគថវិកានេះ គឺដើម្បីផ្ដល់ឧបករណ៍ការពារខ្លួនពីវីរុស Covid-19 ដល់រាល់ពន្ធនាគារ និងអ្នកទោសនៅសហរដ្ឋអាមេរិក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលប្រកាសពីការបរិច្ចាគមហាសេដ្ឋីរូបនេះបាននិយាយថា៖ « ខ្ញុំពេញចិត្តនឹងជួយ REFORM Alliance ព្រោះអង្គការនេះគឺសមបំផុត ក្នុងការជួយផ្លាស់ប្ដូរប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដែលត្រូវរាំងស្ទះដោយវីរុស Covid-19»។
យោងតាមទិន្នន័យពីកាសែត New York Times ពន្ធនាគារ និងអ្នកទោសត្រូវបានចែកជា ៨ ក្រុមក្នុងចំណោមក្រុមធំៗទាំង ១០ ក្នុងតំបន់ដែលផ្ទុះឡើងនៃវីរុស Covid-19។ ចង្កោមអ្នកផ្ទុកវីរុសដ៏ធំបំផុតនៅក្នុងប្រទេសនេះ គឺនៅឯមជ្ឈមណ្ឌលកែប្រែ Ohio’s Marion ដែលមានករណីចំនួន ២,៤៣៩ គិតត្រឹមថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២០។ ជាមួយគ្នានេះទឹកប្រាក់ចំនួន ១០លានដុល្លារនឹងបានមកពីមូលនិធិ startsmall ដែលជាគំនិតផ្តួចផ្តើមសប្បុរសធម៌ ១ កោដិដុល្លាររបស់ Dorsey ដែលបានចាប់ផ្តើមកាលពីខែមុន ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងរោគរាតត្បាត។

ទន្ទឹមនឹងនេះដែរកាលពីថ្ងៃច័ន្ទ លោក Dorsey បានបង្ហោះសារនៅលើគណនី Twitter របស់ខ្លួនថា « គោលដៅគឺ ដើម្បីជួយធានាថាប្រជាជនដែលជាប់ឃុំ មន្រ្តីយាមកាម បុគ្គលិកសុខាភិបាល បុគ្គលិករដ្ឋ បុគ្គលិករដ្ឋសហព័ន្ធ និងកន្លែងឯកជនត្រូវបានការពារពីការរាតត្បានៃវីរុស Covid-19 ដ៏សាហាវនេះ»។
យោងតាមអង្គការស្រាវជ្រាវមិនរកប្រាក់ចំណេញមួយបានឲ្យដឹងថា មានអ្នកទោសប្រមាណ ២.៣ លាននាក់នៅក្នុងសហរដ្ឋអាមេរិក ហើយការិយាល័យស្ថិតិការងារបានកត់ត្រានូវមន្រ្តីយាមកាម និងអ្នកទោសជាង ៤០០,០០០ នាក់គិតត្រឹមខែឧសភាឆ្នាំ ២០១៩។ យោងតាមអ្នកនាំពាក្យម្នាក់ទឹកប្រាក់ ១០ លានដុល្លារពី Dorsey នឹងគ្រប់គ្រាន់ដើម្បីផ្តល់សម្ភារៈការពារខ្លួនសម្រាប់រាល់អ្នកទោសទាំងអស់នៅក្នុងប្រព័ន្ធពន្ធនាគារអាមេរិក៕
ប្រភព៖ forbes
អត្ថបទ៖ លីនី


