មេហេ្វសប៊ុក​ និងភរិយា បរិច្ចាគថវិកាផ្ទាល់ខ្លួនជាង ១៣ លានដុល្លារ សិក្សាពីការរីករាលដាលនៃវីរុស Covid-19 នៅតំបន់ឆ្នេរ ដើម្បីបើកដំណើរការតំបន់ឆ្នេរឡើងវិញ
បុគ្គលជោគជ័យ May 8, 2020 Chan Sreyny

កាលពីពេលថ្មីៗនេះ លោក Mark Zuckerberg និងភរិយា Priscilla Chan បានបរិច្ចាគថវិកាចំនួន ១៣.៤ លានដុល្លារតាមរយៈមូលនិធិសប្បុរសធម៌ និងវិនិយោគរបស់ពួកគេ CZI ដើម្បីសិក្សាពីការរីករាលដាលនៃវីរុស Covid-19 នៅតំបន់ឆ្នេរសមុទ្រ។ បើយោងតាមការចុះរបស់ទស្សនាវដ្ដី Forbes ឲ្យដឹងថា គម្រោងស្រាវជ្រាវរយៈពេល ៩ខែនេះ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីអត្រានៃការរីករាលដាលឆ្លងនៅតំបន់ឆ្នេរ ដោយគម្រោងនេះនឹងសិក្សាចំនួនពីរលើក។

ប្រភពដដែលបានបន្តថា គម្រោងនេះនឹងក្លាយជាការសហការគ្នារវាង UC San Francisco, សកលវិទ្យាល័យ Stanford និង Chan Zuckerberg Biohub ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានបេសកកម្មខ្ពស់ក្នុងការព្យាបាល ការពារ ឬគ្រប់គ្រងរាល់ជំងឺនៅលើភពផែនដី។ ជាមួយគ្នានេះដែរលោកស្រី Priscilla Chan សហស្ថាបនិក CZI បាននិយាយថា៖ « ដើម្បីបើកដំណើរការតំបន់ឆ្នេរឡើងវិញ និងរក្សាសុវត្ថិភាពយើងត្រូវយល់ជាមុនអំពីការរាលដាលនៃជំងឺនេះ”។

លោកស្រីបានបន្តថា៖ « តើចំនួនប្រជាជនរបស់យើងប៉ុន្មាននាក់ដែលឆ្លងរីរុស Covid-19 នាសព្វថ្ងៃ? តើការរាលដាលបង្ហាញសញ្ញាយ៉ាងដូចម្តេច? ហើយតើយើងអាចប្រើព័ត៌មាននេះយ៉ាងដូចម្តេច ដើម្បីយល់កាន់តែច្បាស់ថា តើអ្នកណានៅតែអាចមានគ្រោះថ្នាក់នាពេលអនាគត? ដូច្នេះមិនមានផ្លូវកាត់ក្នុងការឆ្លើយសំណួរទាំងនេះទេ – តែវានឹងតម្រូវឱ្យមានការធ្វើតេស្តសាកល្បង និងការស្ទាបស្ទង់សុខភាពសាធារណៈយ៉ាងតឹងរឹងដោយកម្មវិធីនេះផ្តោតលើរដ្ឋកាលីហ្វ័រញ៉ា »។

គួរបញ្ជាក់ផងដែរថារហូតមកដល់ពេលនេះ មូលនិធិ CZI បានត្រៀមថវិកាសរុបចំនួន ៥៦ លានដុល្លារដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19។ ជាក់ស្ដែងទឹកប្រាក់ចំនួន ២៥ លានដុល្លារបានផ្ដល់ទៅមូលនិធិរបស់លោក Bill Gate និង ៤ លានដុល្លារផ្ដល់ UCSF ដើម្បីពង្រីកបន្ទប់ពិសោធន៍ និងការធ្វើតេស្តដោយឥតគិតថ្លៃ៕

ប្រភព៖ forbes
អត្ថបទ៖ លីនី