អភិបាលក្រុងញូវយ៉កលោក Andrew Cuomo កំពុងពឹងពាក់ឱ្យលោក Bill Gates ជួយកែប្រែការរៀនរបស់សាលានៅក្នុងទីក្រុងញូវយ៉ក មុនពេលដែលសាលាទាំងនោះត្រូវបើកទ្វារវិញនាពេលខាងមុខ។ ប្រព័ន្ធសាលារដ្ឋនៅញូវយ៉កគឺធំជាងគេបំផុតនៅអាមេរិក ហើយវាត្រូវបានបិទតាំងពីថ្ងៃទី១៦ ខែមីនា ហើយនឹងនៅតែបិទរហូតដល់ពេញមួយឆ្នាំសិក្សា ក៏ព្រោះតែទីក្រុងនេះជួបវិបត្តិវីរុស COVID-19 អាក្រក់បំផុតនៅក្នុងប្រទេស។ ទោះបីជាលោក Andrew Cuomo មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរបស់គាត់ ឬការសហការជាមួយមូលនិធិ Gates Foundation ក៏ដោយ ក៏អភិបាលរូបនេះបានប្រាប់ថា ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងថ្នាក់រៀននៅញូវយ៉កអាចនឹងកើតឡើង។
អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បាននិយាយថា បើយើងរស់នៅក្នុងបច្ចេកវិទ្យាទៅហើយ តើចាំបាច់អីត្រូវទៅអង្គុយរៀនក្នុងថ្នាក់ ហើយមានគ្រូឈរបង្រៀននៅក្នុងនោះ ចេញពីគ្រប់អាគារនិងថ្នាក់រៀននៅទូទាំងរដ្ឋ? ចំណែក Gates Foundation ក៏បានបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងការជួយកែប្រែរបៀបរៀននៅក្នុងទីក្រុងញូវយ៉កផងដែរ ហើយឆាប់ៗខាងមុខពួកគេនឹងបង្ហាញបន្ថែមពីភាពជាដៃគូនេះ។ នៅក្នុងការប្រកាសនេះលោក Andrew Cuomo ក៏បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរថ្មីផ្សេងទៀតចំពោះរដ្ឋ ដែលរួមមានការបិទប្រព័ន្ធរថភ្លើងក្រោមដីសម្រាប់ការសម្អាត និងគំនិតផ្តួចផ្តើមដើម្បីធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់ខ្លួនកាន់តែល្អប្រសើរផងដែរ។
ភាពជាដៃគូនៅក្នុងការពង្រឹងប្រព័ន្ធសិក្សាមិនមែនជារឿងថ្មីថ្មោងរបស់ Gates Foundation នោះទេ ដោយអង្គការរបស់លោក Bill Gates និងភរិយា ធ្លាប់បានចំណាយប្រាក់ ១ពាន់លានដុល្លារ និងចំណាយពេល ៧ឆ្នាំ ធ្វើការលើការកម្មវិធីប្រឡងរបស់សិស្សនៅតាមសាលារៀនដែលពួកគេមានប្រាក់ចំណូលទាប ដោយតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រសិទ្ធភាពរបស់គ្រូជាដើម។ ប៉ុន្តែយ៉ាងណាកម្មវិធីរបស់គាត់ល្អចំណុចខ្លះ ហើយក៏មិនជោគជ័យត្រង់ចំណុចខ្លះផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Business Insider


