មកស្គាល់មហាសេដ្ឋីអាមេរិក ៤ រូបដែលសំងំកើបលុយបញ្ចូលទៅក្នុងទ្រព្យសម្បត្តិរាប់ពាន់លាន ក្នុងពេលវិបត្តិកូវីដ-១៩
បុគ្គលជោគជ័យ May 2, 2020 Chan Sreyny

យោងតាមការចុះផ្សាយរបស់សាព័ត៌មាន Business Insider បង្ហាញថាអ្នកមានបំផុតនៅអាមេរិកមួយចំនួនអាចជំនះការដួលរលំនៃទីផ្សារភាគហ៊ុនកាលពីខែមីនា។ ខណៈដែលមហាសេដ្ឋីដទៃទៀត ខាតបះជើងងើបឡើងមិនរួចនៅក្នុងវិបត្តិថ្មីដែលបង្កឡើងដោយវីរុស Covid-19។ ក្នុងចំណោមមហាសេដ្ឋីអាមេរិកចំនួន ១៧០ នាក់ដែលមានទ្រព្យស្តុកស្តម្ភបំផុតមាន ៣៤ នាក់បានឃើញការកើនឡើងនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួនរាប់សិបលានដុល្លារក្នុងកំឡុងឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍របស់ “Billionaire Bonanza” ដោយដកស្រង់ពីសន្ទស្សន៍សេដ្ឋី Bloomberg។

ជាក់ស្ដែងក្នុងចំណោម ៣៤ នាក់នោះមានមហាសេដ្ឋី ៤ រូបដែលទទួលបានចំណូលច្រើន និងបង្កើនទ្រព្យសម្បតិ្តលើសពី ១ពាន់លានដុល្លារចាប់ពីតាំងខែមករា ដល់ខែមេសាឆ្នាំ ២០២០។ បើទោះបីជាអ្នកខ្លះបានមើលឃើញពីការធ្លាក់ចុះទ្រព្យសម្បត្តិក៏ដោយក្ដី
ប៉ុន្តែដោយសារសន្ទុះក្រុមហ៊ុនដែលកំពុងត្រូវប៉ាន់នៅក្នុងពេលនេះ បានផ្ដល់នូវប្រាក់ចំណេញយ៉ាងច្រើនដែលមិនធ្លាប់មាន។

១. លោក Jeff Bezos ៖ សហស្ថាបនិកក្រុមហ៊ុន Amazon និងជាអ្នកមានបំផុតលើពិភពលោកបានបន្ថែមនូវទឹកប្រាក់ ១០ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បត្តិរបស់ខ្លួននៅដើមឆ្នាំ​២០២០ នេះ ធ្វើឲ្យតួលេខទ្រព្យសម្បត្តិសុទ្ធសរុបឡើងដល់ ១៤៥ ពាន់លាន។ បើយោងតាមរបាយការណ៍បានឱ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីរូបនេះបានធ្លាក់ចុះដល់ ១០៥ ពាន់លានដុល្លារកាលពីថ្ងៃទី១២ ខែមីនាដែលជាចំណុចទាបបំផុតរបស់ផ្សារហ៊ុន។ ប៉ុន្តែទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានកើនឡើងនៅពេលដែលរដ្ឋាភិបាលប្រកាសបិទអាជីវកម្មខ្នាតតូចបានធ្វើឱ្យមនុស្សជាច្រើនងាកទៅរកក្រុមហ៊ុន Amazon ដើម្បីទទួលបានទំនិញ។

២. លោក Elon Musk ៖ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង spaceX បានបង្កើនទ្រព្យសម្បត្តិចំនួន ៥ ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បត្តិសុទ្ធរបស់ខ្លួន ដោយមកទល់ពេលនេះមានចំនួនសរុប ៣៧.៨ ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk បានធ្លាក់ចុះ ៣.១ ពាន់លានដុល្លារកាលពីពាក់កណ្តាលខែមីនា ប៉ុន្តែចាប់តាំងពីពេលនោះមកទ្រព្យបានកើនឡើង ៨.១ ពាន់លានដុល្លារបន្ទាប់ពី មហសេដ្ឋីរូបនវបានជួយដោះស្រាយកង្វះខាតគ្រឿងបរិក្ខារពេទ្យសំខាន់ៗ។

៣.​ លោក Eric Yuan ៖ ស្ថាបនិកក្រុមហ៊ុន Zoom ដែលកំពុងត្រូវប៉ាន់ខ្លាំងក្នុងពេលមានការផ្ទុះឡើងនៃវីរុសរាតត្បាតកូវីដ-១៩ នេះ ខណៈមនុស្សងាកមកប្រើប្រាស់ឧបករណ៍ video conferencing កាន់តែច្រើនជាងមុន។ ការកើនឡើងនេះបានធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធរបស់សេដ្ឋីរូបនេះកើនឡើងដល់ ៨.៧ ពាន់លានដុល្លារ បន្ទាប់ពីបន្ថែមប្រាក់ ២.៥៨ ពាន់លាន។​

៤. លោក Steve Ballmer៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft តែលោកនៅតែជាម្ចាស់ភាគហ៊ុនដ៏សំខាន់របស់ក្រុមហ៊ុន បើយោងតាមរបាយការណ៍បានឱ្យដឹងថាវេទិកាសន្និសីទវីដេអូតាមអ៉ីនធឺណេតចំនួនពីររបស់ក្រុមហ៊ុនគឺ Skype និង Teams បានមើលឃើញពីការកើនឡើងនៅក្នុងខែមីនា ដែលធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីរូបនេះឡើងដល់ ៦២.៤ ពាន់លានដុល្លារ បន្ទាប់ពីបន្ថែមប្រាក់ចំនួន ២.២ ពាន់លានដុល្លារថែមទៀត៕

ប្រភព៖ businessinsider
អត្ថបទ៖ លីនី