មហាសេដ្ឋីអាមេរិកកាន់តែមានខ្លាំងឡើងៗ ចាប់តាំងពីលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតី
បុគ្គលជោគជ័យ April 24, 2020 Chan Sreyny

ចាប់តាំងពីប្រធានាធិតី ដូណាល់ ត្រាំ ឡើងកាន់តំណែងនៅការិយាល័យ Oval តាំងពីឆ្នាំ២០១៧ មក មហាសេដ្ឋីអាមេរិកកាន់តែមានខ្លាំងឡើងៗដោយទ្រព្យសម្បត្តិកើនឡើង ១០.៦%។ នោះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានទ្រទ្រង់សេដ្ឋកិច្ចសម្រាប់ការសិក្សាគោលនយោបាយ “Billionaire Bonanza” ដែលវិភាគទិន្នន័យទ្រព្យសម្បត្តិពីសន្ទស្សន៍មហាសេដ្ឋី Bloomberg និងបញ្ជីឈ្មោះមហាសេដ្ឋី ៤០០ របស់​ទស្សនាវដ្ដី Forbes ចាប់តាំងពីឆ្នាំ ១៩៩០។

ក្នុងរបាយការណ៍ទាំងនោះបានរកឃើញថា ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីអាមេរិកចំនួន ៥៦៥ នាក់នៅឆ្នាំ ២០១៧ មានចំនួន ២.៧ ទ្រីលានដុល្លារ នេះបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក Forbes នៅឆ្នាំនោះ។ ដោយឡែកកនៅក្នុងឆ្នាំ២០២០ នេះ ចំនួនមហាសេដ្ឋីអាមេរិកបានកើនឡើងដល់ ៦១៤ នាក់និងទ្រព្យសម្បត្តិរួមរបស់ពួកគេដល់ ២.៩ ទ្រីលានដុល្លារដោយផ្អែកលើបញ្ជីថ្មីបំផុតរបស់ Forbes ដែលបានគណនានៅថ្ងៃទី១៨ ខែមីនាឆ្នាំ ២០២០។

ប៉ុន្តែគិតត្រឹមថ្ងៃទី១០ ខែមេសាយោងតាមការវិភាគរបស់របាយការណ៍ “Billionaire Bonanza” នៃការធ្វើបច្ចុប្បន្នភាពទ្រព្យសម្បត្តិប្រចាំថ្ងៃរបស់ទស្សនាវដ្តី Forbes ចំនួនមហាសេដ្ឋីអាមេរិកបានកើនឡើងចំនួន ១៥ នាក់ទៀតដល់ ៦២៩ នាក់ ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់ពួកគេលកើដល់ ៣.២ ទ្រីលានដុល្លារអាមេរិក។ ការកើនឡើងទាំងនេះអាចទំនងមកពីច្បាប់កំណែទម្រង់ពន្ធរបស់លោក ដូណាស់ ត្រាំ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាច្បាប់កាត់ពន្ធ និងច្បាប់ការងារ (TCJA) ត្រូវបានអនុម័តនៅចុងឆ្នាំ២០១៧ ដែលបានប្រើក្នុងកំណើនទ្រព្យសម្បត្តិរយៈពេលបីឆ្នាំនេះ។ ខណៈជនជាតិអាមេរិកគ្រប់កម្រិតទទួលបានការកាត់បន្ថយពន្ធ អត្ថប្រយោជន៍នឹងមានច្រើនចំពោះអ្នកមាន ដោយសារការកាត់បន្ថយពន្ធជាមធ្យមរបស់ពួកគេកាន់តែច្រើន។

តាមរបាយការណ៍ដដែល ដែលបានដកស្រង់ទិន្នន័យរបស់ធនាគារកណ្តាលអាមេរិកបានឲ្យដឹងផងដែរថា ខណៈអ្នកមានបំផុតរបស់អាមេរិកកំពុងប្រមូលប្រាក់រាប់ពាន់លានរបស់ពួកគេ ទ្រព្យសម្បត្តិក្នុងគ្រួសារអ្នកធម្មតានៅតែមានសភាពទ្រឹងក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ ទ្រព្យសម្បត្តិគ្រួសារជាមធ្យមនៅឆ្នាំ ១៩៨៩ មានចំនួន ១០១,៨២០ ដុល្លារ ហើយក្នុងឆ្នាំ២០១៦ មានចំនួន ១០៧,៦១៩ ដុល្លារ។ យ៉ាងណាមិញការកើនឡើងនៃទ្រព្យសម្បត្តិ និងចំនួនមហាសេដ្ឋីនៅអាមេរិកបានធ្វើឲ្យគម្លាតរវាងអ្នកមាន និងអ្នកក្របានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០១៨ ចាប់តាំងពីជំរឿនរបស់អាមេរិកចាប់ផ្តើមតាមដានកាលពី ៥០ ឆ្នាំមុន៕

ប្រភព៖ businessinsider
អត្ថបទ៖ លីនី