សហគ្រិនស្ត្រីវ័យត្រឹម ២៥ឆ្នាំ ចែករំលែកបទពិសោធន៍ជំនួញជោគជ័យរបស់ខ្លួន ក្រោយបោះបង់ការងារប្រាក់ខែ $250 ស្រវាឱកាសរកស៊ី
បុគ្គលជោគជ័យ October 14, 2019 Khmernote

នារីវ័យក្មេង អ៊ន់ ធីតា ដែលមានអាយុទើប ២៥ឆ្នាំ បានដឹកនាំនារីជាច្រើនឱ្យចេះដាក់ទុនរកស៊ីយ៉ាងជោគជ័យ ហើយពេលនេះឈានទៅដល់ការរៀបចំសិក្ខាសាលាដ៏ធំមួយ ដើម្បីចែករំលែកបទពិសោធន៍នៅលើវិថីជំនួញគ្រឿងសម្អាង NNP។ សិក្ខាសាលានេះ រៀបចំឡើងនៅថ្ងៃទី១៣ ខែតុលា ក្នុងសណ្ឋាគារសាន់វ៉េ ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។ ក្នុងបទសម្ភាសជាមួយក្រុមអ្នកយកព័ត៌មាន អ្នកនាង អ៊ន់ ធីតា បានប្រាប់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្ហាញគន្លឹះរកស៊ីដល់នារីទាំងអស់ ឈានឆ្ពោះទៅរកភាពជោគជ័យ និងលុបបំបាត់ភាពភ័យខ្លាចក្នុងការចេញមុខធ្វើជំនួញ។ ម្យ៉ាងទៀត វាក៏ជាឱកាសជួបជុំ ចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមកផងដែរ។

អ្នកនាង អ៊ន់ ធីតា បាននិយាយបែបនេះថា៖ “គន្លឹះសំខាន់នៃភាពជោគជ័យ គឺភាពជាអ្នកដឹកនាំ ព្រោះការរកស៊ីរបស់យើង គឺរកស៊ីបែបលក្ខណៈជាប្រព័ន្ធ ដូចនេះបើយើងដឹកនាំខ្លាំង ដឹកនាំកូនក្រុមរាប់រយ រាប់ពាន់នាក់ នោះយើងនឹងជោគជ័យខ្លាំងដែរ។”

គួរបញ្ជាក់ដែរថា ដំបូងឡើយ អ្នកនាង អ៊ន់ ធីតា គ្រាន់តែជាអ្នកធ្វើការឱ្យគេ ទទួលបានប្រាក់ខែ ២៥០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែដោយសារមិនសល់លុយ ណាមួយធុញថប់នឹងការធ្វើការងារគ្មានពេលសម្រាក ទើបសម្រេចចិត្តស្វែងរកអនាគតថ្មី តាមរយៈការប្រកបរបរផ្ទាល់ខ្លួន គឺចាប់ផ្ដើមជំនួញជាមួយ NNP។ បន្ទាប់ពីការព្យាយាមត្រឹមប៉ុន្មានខែប៉ុណ្ណោះ អ្នកនាង អ៊ន់ ធីតា ក៏បានទទួលជោគជ័យ ក្លាយជាម្ចាស់ដេប៉ូ ៣ខណ្ឌ ដោយមានអ្នកតំណាងចែកចាយទាំងផ្ទាល់ និងបន្តជាង ១០០០នាក់។

ត្រឹមពេលជាងមួយឆ្នាំប៉ុណ្ណោះ ប្រាក់ចំណេញបានកើនឡើងដល់ប្រមាណ ១ម៉ឺនដុល្លារក្នុងមួយខែ។ ចំពោះអ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះមាននារីប្រមាណ ៥ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP នៅគ្រប់ ២៥រាជធានីខេត្ត។ អ្នកស្រីបានលើកឡើងថា នារីគ្រប់រូបមិនត្រូវខ្លាចរឿងចេញមុខរកស៊ីទេ ហើយក៏មិនត្រូវពឹងលើចំណូលប្ដីដែរ។ អ្នកស្រីបានបញ្ជាក់ទៀតថា ការរកស៊ីបច្ចុប្បន្ននេះ គឺពឹងលើប្រព័ន្ធអនឡាញ ដូចនេះនារីគ្រប់រូបអាចមានត្រឹមទូរសព្ទនៅផ្ទះ ក៏រកប្រាក់ចំណេញបានដែរ៕