ដំណើរជីវិតរបស់អតីតសហស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs
បុគ្គលជោគជ័យ August 13, 2019 Khmernote

អតីតស្ថាបនិកក្រុមហ៊ុន Apple ម្នាក់នេះ គាត់កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដោយមានម្តាយឈ្មោះ Joanne Carole Schieble និង ឪពុកឈ្មោះ Abdul Fattah Jandali ។ រឿងដែលមិនគួរឱ្យជឿនោះគឺថា គាត់ត្រូវបានម្តាយឪពុកបង្កើតបោះបង់ចោលឱ្យគេចិញ្ចឹម ហើយអាណាព្យាបាលបន្ទាប់របស់គាត់ គឺលោកស្រី Clara និងលោក Paul Jobs។

កាលពីកុមារភាពលោកចូលចិត្តលេងផ្គុំគ្រឿងម៉ាស៊ីនខ្លាំងណាស់ គាត់តែងតែទៅមើលកិច្ចការ ឬលេងផ្គុំគ្រឿងម៉ាស៊ីន នៅក្នុងយាន្តដ្ឋានរបស់ឪពុកចិញ្ចឹមរបស់គាត់ ហើយវាជាមូលហេតុដែលគាត់ចាប់ផ្តើមចូលចិត្តគ្រឿងម៉ាស៊ីន។ Steve Jobs ធ្លាប់ជាសិស្សពូកែពេលនៅបឋម ហើយសូម្បីតែគ្រូក៏ចង់ឱ្យគាត់រៀនផ្លោះថ្នាក់ដែរ។

នៅអាយុ ១២ឆ្នាំ គាតបានជួបជាមួយស្ថាបនិកក្រុមហ៊ុន HP លោក Bill Hewlett និងសុំគ្រឿងអេឡិចត្រូនិចមួយចំនួន ដើម្បីធ្វើកិច្ចការសាលា។ ពេលនោះលោក Bill ពេញចិត្តនឹងគាត់ខ្លាំងណាស់ ហើយបានស្នើឱ្យ Steve Jobs ចូលហាត់ការនៅក្នុងក្រុមហ៊ុន HP ទៀតផង។ លុះចូលដល់វ័យជំទង់ Steve Jobs ចាប់ផ្តើមធុញនឹងការរៀនក្នុងសាលា និងទៅរៀនតែមុខវិជ្ជាដែលគាត់ចូលចិត្តប៉ុណ្ណោះ ហើយមុខវិជ្ជាដែលគាត់ចូលចិត្តគឺ «អក្សរផ្ចង់» (វាជាមូលហេតុដែល Mac មាន font អក្សរ)។

លោកក៏ធ្លាប់ចូលរៀនក្នុងមហាវិទ្យាល័យដែរ តែបោះបង់ចោលវិញត្រឹមឆមាសទី១ ប៉ុណ្ណោះ។ ក្រោយមកគាត់ក៏បានការងារនៅក្នុងក្រុមហ៊ុនផលិតវីដេអូហ្គេម Atari និងបានសន្សំលុយមួយចំនួនទៅលំហែនៅប្រទេសឥណ្ឌារយៈពេល ៧ខែ ហើយពេលដែលត្រឡប់មកវិញគឺគាត់បានកោរសក់ និងផ្លាស់មកកាន់សាសនាព្រះពុទ្ធវិញ។

តមកទៀតលោកក៏បានជួបជាមួយ Steve Wozniak ដើម្បីសិក្សាស្រាវជ្រាវលើវិទ្យាសាស្ត្រកុំព្យូទ័រ ហើយស្នាដៃដំបូងរបស់អ្នក ទាំង២ គឺ blue box ដែលជាឧបករណ៍និយាយគ្នាដោយឥតគិតថ្លៃ។ ជោគជ័យរបស់ Blue box បានធ្វើឱ្យមានកំណើតនៃម៉ាស៊ីន របស់ Apple ជាលើកដំបូង។

ក្រោយមក Steve Jobs ក៏ទាញបានក្រុមហ៊ុន Intel ឱ្យដាក់ទុនមកខ្លួនទាល់តែបាន ហើយពេលនោះហើយដែល Apple ចាប់មានសន្ទុះ។ Steve Jobs ក្នុងវ័យ ២៣ឆ្នាំ មានទ្រព្យសម្បត្តិ ១លានដុល្លារ វ័យ ២៤ឆ្នាំ មាន ១០លានដុល្លារ និងកើនឡើងរហូតដល់ ១០០លានដុល្លារត្រឹមអាយុ ២៥ ប៉ុណ្ណោះ ហើយលោកក៏បានក្លាយជាសេដ្ឋីវ័យក្មេងជាងគេប្រចាំប្រទេសដែលចុះផ្សាយដោយ Forbes។

ក្រោយមកលោក Steve បានបង្កើតក្រុមហ៊ុនថ្មីដោយខ្លួនឯងមួយទៀតឈ្មោះថា NeXT ប៉ុន្តែមិនមានផលចំណេញនោះទេ ដោយសារម៉ាស៊ីនរបស់ NeXT គឺថ្លៃពេក ទើប NeXT ក្រោយមកក៏រួមចូលគ្នាជាមួយ Apple ហើយបង្កើតបានជា iOS ដែលមានប្រើដល់សព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ Steve មិនបានស្ងប់ចិត្តត្រឹមប៉ុណ្ណឹងទេ ក្រោយមកគាត់ក៏បានដាក់ទុនជាមួយ Graphics Group ដែលសព្វថ្ងៃមានឈ្មោះថា Pixar ។ គាត់បានដាក់ទុនរាប់លាន ហើយក្រោយមក Pixar ក៏ទទួលបានជោគជ័យបន្ទាប់ពីពួកគេចេញផ្សាយរឿង Toy Story ។

បន្ទាប់មកលោក Steve Jobs គាត់បានក្លាយជាម្ចាស់ភាគហ៊ុនរបស់ Pixar ប៉ុន្តែមិនទាន់បានសោយសុខផង ជាអកុសលគាត់ក៏ធ្លាក់ខ្លួនឈឺដោយជំងឺមហារីកលំពែង។ យ៉ាងណាមិញលោកមិនបានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យអ្វីទេ ដោយគាត់ប្រើវិធីតមអាហារ មិនបរិភោគសាច់ ប្រើការចាក់ម្ចុល និងផឹកថ្នាំបុរាណ ប៉ុន្តែវាមិនបានធ្វើឱ្យគាត់ធូរស្រាលនោះឡើយ និងធ្វើឱ្យគាត់បាត់បង់សមត្ថភាពចងចាំ ដែលវាជាហេតុគាត់លាលែងពី Apple ។ ពាក្យសម្តីចុងក្រោយរបស់ Steve មុនពេលស្លាប់គឺត្រឹមតែពាក្យថា «oh wow» ហើយក៏មិនទាន់មាននរណាម្នាក់អាចបកស្រាយបានថា គាត់ចង់សំដៅទៅលើអ្វីនោះដែរ៕

អត្ថបទ៖ លីដា