សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេច គឺជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេនៅលើពិភពលោក
បុគ្គលជោគជ័យ July 26, 2023 Khmernote

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងសារពិសេសពាក់ព័ន្ធដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី។ នៅក្នុងសេចក្ដីថ្លែងសារ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចគឺជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេនៅលើពិភពលោក។

សម្ដេចបានមានប្រសាសន៍ថា៖ «ខ្ញុំធ្វើនាយករដ្ឋមន្រ្តី បើចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃតី២២ ខែសីហា​ឆ្នាំ២០២៣ ខ្ញុំ ព្រះករុណាខ្ញុំ ធ្វើជានាយករដ្ឋមន្រ្តីបាន ២០១៤សប្ដាហ៍ បើគិតជាខែគឺបាន ៤៦៣ខែ បើគិតជាឆ្នាំ គឺបាន ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ ហើយបើគិតជាថ្ងៃគឺបាន ១៤០៩៩ថ្ងៃ គឺជានាយករដ្ឋមន្រ្តីដែលវែងជាងគេនៅលើពិភពលោក។ ហើយបើគិតអំពីពេលវេលា ដែល ខ្ញុំ ព្រះករុណាខ្ញុំចាប់ផ្ដើមនៅក្នុងឋានៈចាប់ពីរដ្ឋមន្រ្តីការបរទេសនៅក្នុងរដ្ឋាភិបាលមិនដាច់រយៈពីថ្ងៃទី ០៨ ខែមករា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ ខ្ញុំបានបំពេញការងារក្នុងរដ្ឋាភិបាល និងរាជរដ្ឋាភិបាលមានរយៈពេល ២៣២៨សប្ដាហ៍ ត្រូវជា ១៦២៩៧ថ្ងៃ ត្រូវជា ៥៣៥ខែ និងត្រូវជា ៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃ គឺបានសេចក្ដីថា បំពេញការងារនេះ គឺអស់រយៈពេលជិតកន្លះសតវត្ស។ ហើយបើគិតពីការចាប់ផ្ដើម នៃការជីវិតជាការធ្វើដើមទុន ដើម្បីដឹកនាំប្រទេស ហើយក្លាយជាមេដឹកនាំចលនា ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខ្ញុំ ព្រះករុណាខ្ញុំ បានបំពេញភារកិច្ច ៤៦ឆ្នាំ ២ខែ ២ថ្ងៃ ត្រូវជា ៥៥៤ខែ ត្រូវជា ២៤០៩សបា្ដហ៍ និងត្រូវជា ១៦៨៦៤ថ្ងៃ»។

សូមជម្រាបផងដែរថា នៅក្នុងសារពិសេសនោះដែរ សម្ដេចតេជា ហ៊ុន សែន បានប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕

អត្ថបទ៖ លីនី