យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គការ JICA បានគាំទ្រដល់ការរៀបចំគម្រោងផ្សេងៗ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពចរាចរណ៍នៅកម្ពុជា បន្ថែមលើគម្រោងចំនួន៣ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប។
ក្នុងឱកាសដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួប និងពិភាក្សាការងារ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក SANUI Kazumasa ប្រធានតំណាងនៃអង្គការ JICA ប្រចាំព្រះរាជាណាចក្រ កម្ពុជាដែលទើបទទួលការតែងតាំងថ្មី បានឱ្យដឹងថា ដើម្បីបន្តជំរុញការគាំទ្រដល់ការងារនេះ អង្គការ JICA ក៏បានចាប់បញ្ជូន អ្នកប្រឹក្សាយោបល់គោលនយោបាយមកជួយគាំទ្រដល់ក្រសួងមហាផ្ទៃ ទៅលើការងារពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។
ចំពោះការងារសុវត្ថិភាពផ្លូវថ្នល់ ឯកឧត្តម ក៏បានលើកឡើងអំពីការគាំទ្រដល់ការរៀបចំគម្រោងផ្សេងៗ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព ចរាចរណ៍កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់តាមរយៈការបង្កើតនូវគំនិតផ្ដួចផ្ដើមក៏ដូចជាគម្រោង រៀបចំនូវការវិភាគទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាក់ចេញនូវគោលនយោបាយក៏ដូចជាដំណោះស្រាយសមស្រប ក្នុងការឈានទៅកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចក្រហោម ស ខេង បានសម្ដែងសេចក្ដីរីករាយ និងអរគុណ JICA ដែលផ្តល់កិច្ចសហការជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាល តាមរយៈគម្រោងផ្សេងៗ ដូចជាការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការជួយគាំទ្ររបស់ JICA ដល់ការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដែលមានកិច្ចការជាច្រើន រាប់ទាំងការងារពង្រឹងសមត្ថភាពមន្ត្រី និងការរៀបចំគោលនយោបាយផ្សេងទៀត។
សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការងារសុវត្ថិភាពផ្លូវថ្នល់។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនលោកប្រធាន JICA ផងដែរថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកំណែទម្រង់អាទិភាព របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលមានការឯកភាពគ្នាផ្ទៃក្នុងរឹងមាំក្នុងការគាំទ្រដល់ដំណើរការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
សម្ដេចក្រឡាហោមបន្ដថា ការអនុវត្តន៍ការផ្ទេរមុខងារទៅក្រុងស្រុក ក្នុងខេត្តបាត់ដំបង ដែលទទួលបានលទ្ធផលល្អប្រសើរ និងបន្ត ថាចាប់ពីឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមដំណើរការផ្ទេរមុខងារក្នុងវិស័យអប់រំមួយចំនួន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីជោគជ័យក្នុងការអនុវត្តន៍នូវគម្រោងសាកល្បងនារយៈពេលកន្លងមក។ សម្តេចឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមជឿជាក់ថា JICA នឹងបន្តជួយគាំទ្រដល់ការងារសិក្សាក៏ដូចជាការគាំទ្រផ្សេងទៀតដល់គម្រោង ឬកម្មវិធីពាក់ព័ន្ធទៅដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការងារសុវត្ថិភាពផ្លូវថ្នល់ ដើម្បីជំរុញកិច្ចការទាំងនេះ ឱ្យទទួលបាននូវវឌ្ឍនភាពស្របតាមគោលដៅ ក៏ដូចជាផែនការដែលបានគ្រោងទុកផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន