លោក Jack Ma មហាសេដ្ឋីដែលងប់នឹងការងារមួយរូប ឱ្យអាទិភាពទៅលើការ «គេង» ដោយពោលពាក្យមួយឃ្លាយ៉ាងចាក់ដោត
បុគ្គលជោគជ័យ March 17, 2023 Khmernote

មហាសេដ្ឋី Jack Ma បានចូលនិវត្តន៍ពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ក្នុងថ្ងៃកំណើតគម្រប់អាយុ ៥៥ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ២០១៩។ ក្រៅពីកេរ្តិ៍ឈ្មោះល្បីល្បាញខាងជំនួញ មហាសេដ្ឋីចិនរូបនេះ ត្រូវបានគេដាក់នាមឲ្យថា ជាអ្នកចែករំលែកដំបូន្មានដ៏ល្អមួយរូបសម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេសគឺការទូន្មានដែលជំរុញដល់ផលិតភាពរបស់មនុស្ស។

ជាមួយគ្នានេះដែរ Jack Ma គឺជាមហាសេដ្ឋីមួយរូបដែលឱ្យអាទិភាពទៅលើ «ការសម្រាក» ឬ «ការគេង» ដោយគាត់ធ្លាប់បានលើកឡើងថា គាត់មានផែនការធ្វើការតាមទស្សនរបស់ខ្លួនមួយគឺ៖ «ស៊ូស្លាប់នៅលើឆ្នេរ ជាជាងនៅការិយាល័យ»។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ នៅទីក្រុង Davos លោក Ma បានប្រាប់ទស្សនិកជនថា គាត់ផ្តល់អាទិភាពដល់ការសម្រាក និងការគេង នៅពេលដែលគាត់ប្រឈមមុខនឹងភាពតានតឹងច្រើន។

គាត់បានពន្យល់ពីមូលហេតុដែលគាត់បានលើកឡើងបែបនេះថា៖ « ប្រសិនបើខ្ញុំគេងមិនបានស្កប់ស្កល់ទេបញ្ហានៅតែមានដដែល ហើយប្រសិនបើខ្ញុំគេងបានស្កប់ខ្ញុំមានឱកាសប្រសើរច្រើនក្នុងការដោះស្រាយបញ្ហា »។ លើសពីនេះទៅទៀតគាត់បានបន្ថែមថា « ជាការពិតអ្នកមិនសប្បាយចិត្តទេ នៅពេលដែលមនុស្សនិយាយពាក្យបដិសេធចំពោះអ្នក ដូច្នេះចូរគេងឲ្យស្កប់ស្កល់ ហើយភ្ញាក់មកវិញព្យាយាមម្ដងទៀត »។

តាមរយៈដំបូន្មានរបស់លោក Ma អាចបញ្ជាក់ប្រាប់យើងពីទំនាក់ទំនងរវាងដំណេក និងផលិតភាព ។ ជាមួយគ្នានេះការស្រាវជ្រាវថ្មីៗពីបណ្ឌិត្យសភាវេជ្ជសាស្ត្រអាមេរិច (AASM) បង្ហាញថាអ្នកដែលមានបញ្ហាគេងមិនលក់ ឬពិបាកគេងលក់ អាចបាត់បង់ផលិតភាព ៥៨% នៅថ្ងៃបន្ទាប់។ ការសិក្សាដដែលបានរកឃើញថា ក្នុងករណីដែលមនុស្សលះបង់ការគេងរបស់ពួកគេ ដើម្បីធ្វើកិច្ចការឱ្យបានច្រើន ពួកគេនឹងទទួលបានផលតិចជាង ១៩% នៅថ្ងៃបន្ទាប់។ AASM ក៏បានរកឃើញថា ការគេងមិនលក់ធ្វើឱ្យប្រទេសជាតិខាតបង់ការងារ ២៥២.៧ថ្ងៃ និងខាតបង់ប្រាក់ ៦៣.២ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ចំនែកឯការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់ជះឥទ្ធិពលអវិជ្ជមានដល់ការយល់ដឹងរបស់មនុស្សរួមមាន៖ ការចងចាំ ការច្នៃប្រឌិត ការសំរេចចិត្ត និងអារម្មណ៍។ សម្រាប់ហេតុផលទាំងអស់នេះការគេងអាចជាទម្លាប់សុខភាពសំខាន់បំផុតមួយដែលជះឥទ្ធិពលដល់ផលិតភាពរបស់អ្នក៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc