នៅតែខ្លាំង! លោក Elon Musk គ្រងតំណែងជាអ្នកមានបំផុតលើលោកម្ដងទៀត ក្រោយរបូតទ្រព្យអស់រាប់ពាន់លានដុល្លារ
បុគ្គលជោគជ័យ March 1, 2023 Khmernote

បន្ទាប់ពីរបូតតំណែងជាអ្នកមានបំផុតលើលោក និងរបូតទ្រព្យរាប់ពាន់លានដុល្លារអស់រយៈពេលប៉ុន្មានខែជាប់ៗគ្នា ស្រាប់តែកាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ មហាសេដ្ឋី Elon Musk បានត្រឡប់មកគ្រងតំណែងជាអ្នកមានបំផុតលើលោកវិញហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Street។

តាមប្រភពដដែលបានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ភាគហ៊ុន Tesla បានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅលើទីផ្សារភាគហ៊ុន ពោលគឺ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ភាគហ៊ុន Tesla កើនឡើង ៦៨.៦% ដែលមានន័យថា បន្ថែមតម្លៃ ២៦៧ពាន់លានដុល្លារបន្ថែមទៀតទៅក្នុងមូលធនប័ត្រទីផ្សារ។

ជាមួយគ្នានេះដែរ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់មហាសេដ្ឋី Elon Musk ឥឡូវនេះត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១៨៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg។ ទ្រព្យបានកើនឡើង ៥០.១ ពាន់លានដុល្លារនៅឆ្នាំដែលធ្វើឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននាំមុខលោក Bernard Arnault នាយកប្រតិបត្តិនៃក្រុមហ៊ុនទំនិញប្រណីតរបស់បារាំង LVMH (LVMUY) ដែលទ្រព្យសម្បត្តិរបស់គាត់ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១៨៥ ពាន់លានដុល្លារ កើនឡើងចំនួន ២៣.២ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ thestreet.com