លោក Bill Gates ត្រូវបានគេស្គាល់ថាជា ស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីមួយរូបក្នុងចំណោមអ្នកមានបំផុតលើពិភពលោក មិនតែប៉ុណ្ណោះក៏ជាម្ចាស់មូលនិធិ Bill & Malinda Gate។ ក្រៅពីកិត្តិនាមទាំងនេះ មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីពេលថ្មីនេះ បានបែកធ្លាយកិត្តិនាមថ្មីមួយទៀតថា ជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។
មហាសេដ្ឋីរូបនេះ ត្រូវបានសង្ស័យថា គាត់មានដីស្រែប្រហែល ៨០% នៃដីស្រែសរុបរបស់អាមេរិកទាំងអស់ ហើយរឿងនេះបានធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើរឿងនេះពិត ឬ អត់? យ៉ាងណាមិញ នៅក្នុងកម្មវិធី “Ask Me Anything” (AMA) នៅលើ Reddit
លើកទី១១ របស់ខ្លួន លោក Bill Gates បានឆ្លើយសំនួរជាច្រើន ក្នុងនោះគាត់ក៏បានពន្យល់ពីមូលហេតុដែលធ្វើឱ្យគាត់ ចំណាយលុយផ្ដើតលើការទិញដីកសិកម្ម។
គាត់បានឆ្លើយតបថា៖ «ខ្ញុំជាម្ចាស់ដីស្រែតិចជាង ១/៤០០០ នៅសហរដ្ឋអាមេរិក។ ខ្ញុំបានវិនិយោគលើកសិដ្ឋានទាំងនេះ ដើម្បីធ្វើឱ្យពួកគេមានផលិតភាព និងបង្កើតការងារបន្ថែមទៀត។ មិនមានគម្រោងធំមួយចំនួនដែលពាក់ព័ន្ធនោះទេ – តាមពិត ការសម្រេចចិត្តទាំងអស់នេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិនិយោគអាជីព»។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ឆ្នាំ២០២២ ពីក្រសួងកសិកម្មសហរដ្ឋអាមេរិក និងសេវាស្ថិតិកសិកម្មជាតិ មានផ្ទៃដីកសិកម្មចំនួន ៨៩៥,៣០០,០០០ ហិកតានៅក្នុងសហរដ្ឋអាមេរិក។ ក្នុងនោះ Gates កាន់កាប់ប្រហែល ២៤២,០០០ ហិកតា ប្រហែល ០.០៣% នៃចំនួនសរុប៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo