លោក Bill Gate ដែលត្រូវបានគេស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីចិត្តធម៌ បានទិញភាគហ៊ុនក្នុងតម្លៃ ៩០២លានដុល្លារ នៅក្នុងក្រុមហ៊ុនស្រាបៀរ Heineken របស់ប្រទេសហូឡង់ បើទោះបីជារូបគាត់មិនមែនជាអ្នកពូកែផឹកស្រាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
តាមប្រភពដដែល បានឱ្យដឹងថា មហាសេដ្ឋីរូបនេះបានទិញភាគហ៊ុន ៣.៧៦% នៅក្នុង Heineken Holding NV ដែលជាក្រុមហ៊ុនមេរបស់ Heineken កាលពីថ្ងៃទី១៧ ខែកុម្ភៈ នេះបើយោងតាមឯកសារមួយទៅកាន់អាជ្ញាធរទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសហូឡង់។ លោក Gate បានទិញភាគហ៊ុនចំនួន ៦.៦៥ លានហ៊ុន របស់ក្រុមហ៊ុនស្រាបៀរដោយផ្ទាល់ និងចំនួន ៤.១៨ លានហ៊ុនផ្សេងទៀតតាមរយៈ Bill and Melinda Gates Foundation Trust។
នៅក្នុងកម្មវិធី “Ask Me Anything” នៅលើ Reddit ក្នុងឆ្នាំ២០១៨ លោក Gates ត្រូវបានគេសួរថា តើស្រាបៀរដែលគាត់ចូលចិត្តគឺជាស្រាបៀរអ្វី? ពេលនោះលោក Gates បានសរសេរឆ្លើយតបថា “ខ្ញុំមិនមែនជាអ្នកផឹកស្រាបៀរច្រើនទេ”។ គួរបញ្ជាក់ផងដែរថា បើទោះបីជាមិនពូកែផឹកស្រាបៀរ តែនេះមិនមែនជាលើកទី១ ទេ ដែលមហាសេដ្ឋីរូបនេះបានទិញភាគហ៊ុននៅក្រុមហ៊ុនស្រាបៀរ ពោលគឺកាលពីឆ្នាំ២០០៧ លោក Gates បានទិញភាគហ៊ុនចំនួន ៣៩២លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតស្រាបៀរដ៏ធំបំផុតមួយរបស់ម៉ិកស៊ិកឈ្មោះ Femsa៕
អត្ថបទ៖ លីនី