CEO ក្រុមហ៊ុនធំៗរបស់អាមេរិក ប្រកាសកាត់ប្រាក់ខែខ្លួនឯង ខណៈពេលដែលវិបត្តិសេដ្ឋកិច្ចនៅតែបន្តមាន
បុគ្គលជោគជ័យ February 9, 2023 Khmernote

មួយរយៈចុងក្រោយនេះ ឃើញថា ក្រុមហ៊ុនអាមេរិកធំៗជាច្រើនបាននាំគ្នាប្រកាសកាត់បន្ថយបុគ្គលិករាប់ពាន់ រាប់ម៉ឺននាក់ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅតែបន្តមាន។ យ៉ាងណាមិញមិនត្រឹមតែកាត់បន្ថយបុគ្គលិកនោះទេ នាយកប្រតិបត្តិក្រុមហ៊ុនយក្សជាច្រើនក៏បានប្រកាសកាត់បន្ថយប្រាក់ខែរបស់ខ្លួនផងដែរ។

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes បានចេញផ្សាយថា CEO ក្រុមហ៊ុនខា្នតយក្សរបស់អាមេរិកចំនួន ៦រូប បាននិងកំពុងកាត់ប្រាក់ខែរបស់ខ្លួន ដើម្បីដោះស្រាយ និងទប់ទល់វិបត្តិក្នុងនោះរួមមាន៖

១.ក្រុមហ៊ុន Google៖ Google គ្រោងនឹងកាត់បន្ថយប្រាក់ខែរបស់នាយកប្រតិបត្តិជាន់ខ្ពស់ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកាត់បន្ថយការចំណាយ បន្ថែមពីលើការបញ្ឈប់បុគ្គលិកចំនួន ១២,០០០នាក់។ ប៉ុន្តែមិនមានតួលេខច្បាស់លាស់ណាមួយបង្ហាញថា ប្រាក់ខែរបស់លោក Sundar Pichai ដែលជានាយកប្រតិបត្តិក្រុមហ៊ុន នឹងត្រូវកាត់ប៉ុន្មាននោះទេ។

២.ក្រុមហ៊ុន Apple៖ យោងតាមឯកសាររបស់គណៈកម្មការមូលបត្រ ក្រុមហ៊ុន Apple បានសម្រេចកាត់បន្ថយប្រាក់ខែ លោក Tim Cook ចំនួន ៤០% នៅក្នុងឆ្នាំ២០២៣ នេះ។ បន្ថែមពីលើការកាត់បន្ថយនេះ ភាគហ៊ុន ៧៥% នៃភាគហ៊ុនរបស់ Cook នឹងត្រូវភ្ជាប់ទៅនឹងភាគហ៊ុនរបស់ក្រុមហ៊ុននៅឆ្នាំនេះផងដែរ។

៣.ក្រុមហ៊ុន JPMorgan៖ យោងតាមឯកសារបទប្បញ្ញត្តិនាពេលថ្មីៗនេះ ក្រុមហ៊ុនសម្រេចផ្ដល់ប្រាក់ខែដល់លោក James Dimon ចំនួន ១.៥ លានដុល្លារ និងកាត់បន្ថយប្រាក់រង្វាន់ពី ៥០លានដុល្លារ មកត្រឹម ៣៣លានដុល្លារវិញ។ លើសពីនេះ ក្រុមហ៊ុននឹងមិនផ្តល់ឱ្យលោក Dimon នូវការទូទាត់ពិសេសនេះនៅឆ្នាំ 2023 ហើយនឹងមិនផ្តល់រង្វាន់ពិសេសណាមួយដល់គាត់នាពេលអនាគតឡើយ។

៤.ក្រុមហ៊ុន Goldman Sachs៖ លោក David Solomon នឹងទទួលបានប្រាក់ខែតិចជាង ២៩% បន្ទាប់ពី IPO សកលបានធ្លាក់ចុះ ៤៥% ពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយការធ្លាក់ចុះតម្លៃភាគហ៊ុន ១០%។ ជាមួយគ្នានេះ កាល​ពី​ខែ​មុន ធនាគារ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​បញ្ឈប់​បុគ្គលិក​ចំនួន ៣.២០០ នាក់ចាប់​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុមក។

៥. ក្រុមហ៊ុន Morgan Stanley៖ បើតាមឯកសារបទប្បញ្ញត្តិនាពេលថ្មីៗនេះ ក្រុមហ៊ុន បានកាត់បន្ថយសំណងរបស់នាយកប្រតិបត្តិរបស់ខ្លួនចំនួន ១០% ពី ៣៥ លានដុល្លារមកត្រឹម ៣១.៥ លានដុល្លារ។ ប្រាក់ចំណេញរបស់ធនាគារបានធ្លាក់ចុះ ២៧% មកនៅត្រឹម ១១ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះ ១០% មកនៅត្រឹម ៥៣.៧ពាន់លានដុល្លារ។

៦. ក្រុមហ៊ុន Intel៖ កាសែត Wall Street Journal បានរាយការណ៍ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel កំពុងកាត់ប្រាក់របស់ខ្លួន ២៥% បន្ទាប់ពីលទ្ធផលត្រីមាសទី៤ របស់ក្រុមហ៊ុនមិនល្អ។ លើសពីនេះទៀត ក្រុមការងារប្រតិបត្តិរបស់ក្រុមហ៊ុន ក៏ត្រូវបានកាត់បន្ថយដែរ តែក្នុងចំនួន ១៥% ប៉ុណ្ណោះ។ លើសពីនេះក្រុមហ៊ុន Intel បានបញ្ជាក់ថា ខ្លួននឹងកាត់បន្ថយការងារជាង ៥០០កន្លែង នៅក្នុងទីតាំង Santa Clara និង Folsom រដ្ឋកាលីហ្វ័រញ៉ា៕

អត្ថបទ៖ លីនី
ប្រភព៖ forbes