លោក Steve Jobs និង Bill Gates កំពូលអ្នកដឹកនាំបច្ចេកវិទ្យានៅលើពិភពលោក តែបែរជាហាមឃាត់កូនៗរបស់ខ្លួនពីការប្រើប្រាស់បច្ចេកវិទ្យាទៅវិញ
បុគ្គលជោគជ័យ January 26, 2023 Khmernote

អ្នកចិត្តសាស្រ្តកំពុងសិក្សាពីរបៀបដែលស្មាតហ្វូនដែលមានគ្រោះថ្នាក់អាចមានសម្រាប់ខួរក្បាលវ័យជំទង់ ហើយថ្មីៗនេះអង្គការសុខភាពពិភពលោកបានណែនាំឪពុកម្តាយឲ្យកំណត់ពេលវេលានៅសល់ត្រឹមតែមួយម៉ោងក្នុងមួយថ្ងៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំអាចប្រើប្រាស់ស្មាតហ្វូន។ ទោះបីជាការស្រាវជ្រាវដ៏ធំមួយបានរកឃើញថា មានការជាប់ទាក់ទងតិចតួចរវាងផលប៉ះពាល់ពេលវេលានិងសុខភាព ជាពិសេសសុខភាពផ្លូវចិត្តក៏ដោយ តែការស្រាវជ្រាវផ្សេងទៀតបានរកឃើញថា ហានិភ័យរបស់សិស្សថ្នាក់ទី៨ ចំពោះការធ្លាក់ទឹកចិត្តកើនឡើង ២៧% នៅពេលដែលគាត់ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ជាក់ស្ដែងសហស្ថាបនិកក្រុមហ៊ុន Apple និងសហស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Steve Jobs និង Bill Gates ត្រូវបានគេស្គាល់ថា ជាកំពូលអ្នកដឹកនាំបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ប៉ុន្តែពួកគាត់ទាំងពីរចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនដោយកំណត់កម្រិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាដែលកូនៗ អាចប្រើនៅផ្ទះបាន។ ដោយកាលពីឆ្នាំ ២០០៧ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានអនុវត្តការកំណត់ពេលវេលា នៅពេលដែលកូនស្រីរបស់គាត់បានចាប់ផ្ដើមវក់នឹងការលេងហ្គេម។ បន្ថែមពីនេះគាត់ក៏មិនអនុញ្ញាតឲ្យកូនៗរបស់គាត់ប្រើប្រាស់ទូរស័ព្ទដៃនៅពេលដែលពួកគេមានអាយុក្រោម ១៤ ឆ្នាំផងដែរ។

ចំនែកឯលោក Steve Jobs ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ទោះបីជាការពិតដែលគាត់បានបង្កើត iPad ក៏ដោយក៏គាត់មិនឲ្យកូនៗ របស់គាត់ប្រើវាដែរ។ ជាក់ស្ដែងកាលពីឆ្នាំ ២០១១ គាត់បានប្រាប់នៅក្នុងបទសម្ភាសន៍របស់កាសែត New York Times ថាគាត់បានហាមកូនៗរបស់កាត់មិនឲ្យប្រើប្រាស់ ipad ដែលទើបនឹងចេញថ្មី ហើយបានកំណត់ពេលប្រើប្រាស់បច្ចេកវិទ្យានៅផ្ទះទៀតផង។ បន្ថែមពីនេះសហស្ថាបនិក iPod លោក Tony Fadell បានប៉ាន់ស្មានថាប្រសិនបើលោក Steve Jobs នៅមានជីវិតសព្វថ្ងៃនេះគាត់ចង់ដោះស្រាយបញ្ហាសង្គមដែលកំពុងកើនឡើងអំពីការញៀនបច្ចេកវិទ្យាផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider