Justin Bieber លក់ស្នាដៃចម្រៀងក្នុងតម្លៃ ២០០លានដុល្លារ ទៅឱ្យក្រុមហ៊ុន Hipgnosis Songs Capital
បុគ្គលជោគជ័យ January 25, 2023 Khmernote

តារាចម្រៀងប៉ុបដ៏ល្បីឈ្មោះ Justin Bieber បានលក់ស្នាដៃចម្រៀងរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Hipgnosis Songs Capital ក្នុងតម្លៃ ២០០លានដុល្លារ ក្លាយជាតារាកំពូលវ័យក្មេងបំផុតដែលរកលុយបានច្រើនក្នុងអាជីពជាតារាចម្រៀង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤​ ខែមករា ឆ្នាំ២០២៣។

តាមប្រភពដដែល តារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះ បានលក់សិទ្ធិបទចម្រៀងចំនួន ២៩១បទ ទាំងបទដែលចេញរួច និងបទមិនទាន់ចេញ ដោយការលក់នេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មានសម្រាប់សិល្បករដែលមានអាយុក្រោម ៧០ឆ្នាំ។

គួរបញ្ជាក់ផងដែរថា Hipgnosis Songs Capital ត្រូវបានគ្រប់គ្រងដោយ Hipgnosis Song Management របស់មហាសេដ្ឋីតន្ត្រី Merck Mercuriadis ដែលបានបង្កើតអាជីវកម្មសិទ្ធិតន្ត្រី និងបានចុះបញ្ជីក្នុងទីក្រុងឡុងដ៍ដែលបានចំណាយប្រាក់ ២ពាន់លានដុល្លារលើកិច្ចព្រមព្រៀងតន្ត្រីចាប់តាំងពីឆ្នាំ២០១៨៕

អត្ថបទ៖ លីនី
ប្រភព៖ theguardian