បើកឆាកឆ្នាំថ្មី CEO ក្រុមហ៊ុនល្បីៗ ៤រូប ចែករំលែកគន្លឹះល្អៗដើម្បីអភិវឌ្ឍខ្លួនទៅរកភាពជោគជ័យ
បុគ្គលជោគជ័យ January 19, 2023 Khmernote

ជារៀងរាល់ឆ្នាំ បុគ្គល្បីៗ និងជោគជ័យជាច្រើនរូបតែងតែចែករំលែកគំនិតល្អៗ ឬ គន្លឺះជោគជ័យរបស់ខ្លួនទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសយុវវ័យជំនាន់ក្រោយ។ ហើយនៅក្នុងឆ្នាំថ្មីនេះ CEO កំពូលៗ ៤រូបបានចែករំលែកគន្លឹះជោគជ័យដ៏ល្អបំផុតក្នុងនោះរួមមាន៖ លោក Tim Cook, Claire Babineaux-Fontenot, Ed Bastian និង Beth Ford។

១. លោក Tim Cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple៖ នៅសាកលវិទ្យាល័យ Gallaudet ក្នុងទីក្រុង Washington, DC លោក Tim Cook នាយកប្រតិបត្តិ Apple បានចែករំលែកគន្លឹះជោគជ័យដ៏ល្អបំផុតមួយគឺ ការសម្រេចចិត្តតែមួយដង ដោយគោរពតាមក្រមសីលធម៌របស់ខ្លួន មានន័យថា អ្នកត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង និងមានភាពជឿជាក់លើខ្លួនឯង។

២. លោកស្រី Claire Babineaux-Fontenot នាយកប្រតិបត្តិ Feeding America៖ នាយកប្រតិបត្តិរូបនេះលើកឡើងថា គិតល្អ ធ្វើល្អ ចំពោះអ្នកដទៃ គឺជាផ្នែកមួយដែលនាំយើងទៅរកភាពជោគជ័យមិនថាក្នុងការស់នៅ ឬអាជីពការងារ។ ពិតណាស់ការស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Pennsylvania បានរកឃើញថា មនុស្សតែងតែប៉ាន់ស្មានថាអ្នកផ្សេងទៀតចូលចិត្តពួកគេកម្រិតណាហើយវាអាចមានឥទ្ធិពលយ៉ាងសំខាន់លើភាពជោគជ័យនៅកន្លែងធ្វើការ។

៣.លោក Ed Bastian នាយកប្រតិបត្តិក្រុមហ៊ុន Delta Air Lines៖ យោងតាមបទពិសោធន៍ដឹកនាំផ្ទាល់ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ លោក Ed Bastian បានលើកឡើងថា គន្លឹះដែលនាំទៅរកភាពជោគជ័យគឺ ការរួបរួម និងជួយគ្នាក្នុងគ្រាលំបាក។ នៅពេលយើងរួមគ្នា លំបាកជាមួយគ្នា ចែករំលែកគំនិតគ្នា និងជួយគ្នាដោះស្រាយ មិនថាឧបសគ្គធំប៉ុណ្ណាយើងនៅតែអាចឆ្លងផុត។

៤.លោកស្រី Beth Ford នាយកប្រតិបត្តិក្រុមហ៊ុន Land O’Lakes៖ លោកស្រី Ford គឺជា CEO ស្ត្រីដំបូងរបស់ Land O’Lakes ក្នុងប្រវត្តិសាស្ត្រជាង ១០០ឆ្នាំ។ គន្លឹះដែលនាំឱ្យលោកស្រីទទួលបានជោគជ័យនោះ គឺភាពក្លាហានក្នុងការនិយាយបើកចំហពីអ្វីដែលខ្លួនចង់បាន។ ហើយគន្លឹះនេះទៀតសោតគឺបានមកពីការណែនាំរបស់ម្ដាយនៅពេលលោកស្រីមានវ័យតែ ១១ឆ្នាំថា៖ “បើយើងចង់បានអ្វីមួយ ឬ ត្រូវការអ្វីមួយ យើងគួរតែនិយាយវាចេញក្រៅ គ្មានអ្នកណាអាចមើលចិត្តយើងដឹងឡើយ”៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc