(វ៉ាស៊ីនតោន)៖ លោក Mark Zuckerberg ដែលជាសហស្ថាបនិកនៃបណ្តាញទំនាក់ទំនងសង្គម Facebook មិនមែនជាអ្នកមានបំផុតទាំង១០ នៅសហរដ្ឋអាមេរិកទៀតទេ។ យោងតាមចំណាត់ថ្នាក់ចុងក្រោយរបស់ ទស្សនាវដ្ដី Forbes មហាសេដ្ឋី Mark Zuckerberg ដែលជាសហស្ថាបនិកនៃបណ្តាញសង្គម Facebook បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង១០ ដោយលោកជាប់ចំណាត់ថ្នាក់ទី១១ ជាមួយនឹងទ្រព្យសម្បត្តិ ៥៧.៧ពាន់លានដុល្លារអាមេរិក ដោយផ្អែកលើតម្លៃភាគហ៊ុន Meta (ក្រុមហ៊ុនមេ Facebook ) នៅថ្ងៃទី០២ ខែកញ្ញា។

យោងតាមទស្សនាវដ្ដី Forbes លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាងគេនៅសហរដ្ឋអាមេរិកក្នុងឆ្នាំកន្លងមក។ ក្រុមហ៊ុន Meta កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីវេទិកាដែលកំពុងលេចធ្លោគឺ TikTok។ នៅក្នុងខែកុម្ភៈ Meta បានប្រកាសអំពីការធ្លាក់ចុះនៃអ្នកប្រើប្រាស់ប្រចាំថ្ងៃក្នុងត្រីមាសទីមួយ ហើយសូម្បីតែនៅពេលចាប់ផ្តើមមុខងារថ្មីរបស់Instagram គឺReels ដែលស្រដៀងនឹង TikTok ក៏ដោយ Meta នៅតែមានការលំបាកប្រកួតប្រជែង។ យោងតាមបញ្ជីឈ្មោះ Forbes 400 ដែលបានចេញផ្សាយនាពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅតែបន្តក្លាយជាអ្នកមានបំផុតនៅសហរដ្ឋអាមេរិក ជាមួយនឹង ទ្រព្យសម្បត្តិសុទ្ធចំនួន ២៥១ពាន់លានដុល្លារ៕
ប្រភព៖ forbes