កម្ពុជា រំពឹងនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១,៥ លាននាក់ ទៅ ២ លាននាក់នៅក្នុងឆ្នាំនេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦
ទេសចរណ៍ September 28, 2022 Naren

(ភ្នំពេញ) ៖ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៏» (RETHINKING TOURISM) នៅថ្ងៃទី២៧ ខែកញ្ញា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ ដែលបានរៀបចំឡើងជា ៣ ដំណាក់កាល ដំណាក់កាលទី១(Resilience & Restart) ជាដំណាក់កាលភាពធន់នៃវិស័យ ទេសចរណ៍ ដំណាក់កាលទី២ (Recovery) ជាដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ និង ដំណាក់កាលទី៣ (Relaunch) ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យ ទេសចរណ៍កម្ពុជា។

ជាលទ្ធផល កម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញលើគ្រប់វិស័យ និង ទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក ហើយកម្ពុជាត្រូវបានទទួល ស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាពនិងបៃតង។ បច្ចុប្បន្ននេះ កម្ពុជាបាន និង កំពុងទទួលបាននូវកំណើនភ្ញៀវទេសចរអន្តរជាតិជាបណ្តើរៗហើយរំពឹងថានៅឆ្នាំ២០២២នេះកម្ពុជា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ១,៥លាននាក់ ទៅ២លាននាក់ និងប្រមាណ៧លាននាក់ នៅឆ្នាំ២០២៦៕