ទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg បានធ្លាក់ចុះ ៧០ពាន់លានដុល្លារគិតមកទល់ពេលនេះ ហើយបើគិតក្នុងឆ្នាំនេះគឺធ្លាក់ចុះ ៥៥%។ ការធ្លាក់ចុះទ្រព្យដ៏ច្រើនសន្ធឹកនេះ បានទម្លាក់ចំណាត់ថ្នាក់របស់ Mark ដែលធ្លាប់តែជាប់ចំណាត់កំពូលៗ មកចំណាត់ទី២០ នៅក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោក។

បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg កាលពីដើមឆ្នាំនេះ ទ្រព្យសម្បត្តិរបស់ Zuckerberg មានចំនួន ១២៥ពាន់លានដុល្លារ ប៉ុន្តែចាប់តាំងពីពេលនោះមក ទ្រព្យបានធ្លាក់ចុះមកនៅត្រឹមតែ ៥៥.៣ ពាន់លានដុល្លារ ដែលធ្លាក់ចុះជាង ៥៥% នេះបើយោងតាមទិន្នន័យ។
គួរឱ្យដឹងថា ការខាតបង់ទ្រព្យរបស់អតីតមហាសេដ្ឋីវ័យក្មេងជាងគេលើលោករូបនេះ គឺភាគច្រើនបណ្ដាលមកពីប្រាក់ចំណូលសុទ្ធរបស់ Meta បានធ្លាក់ចុះ ចំពេលដែលការវិនិយោគដ៏ធំនៅក្នុង metaverse និងការធ្លាក់ចុះនៃអ្នកប្រើប្រាស់។ Meta ដែលជាមេធំរបស់ Facebook, Instagram, WhatsApp និង Oculus មានភាពច្របូកច្របល់អស់រយៈពេល ១២ខែចាប់តាំងពី Zuckerberg បាននិយាយថា វានឹងក្លាយជាក្រុមហ៊ុន “metaverse”។ ជាមួយគ្នានេះ Facebook បានបន្តរាយការណ៍ពីការថយចុះចំនួនអ្នកប្រើប្រាស់លើកដំបូងរបស់ខ្លួន ដោយបានបាត់បង់អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃប្រហែលមួយលាននាក់ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២១៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo.com
រូបភាព៖ britannica, yimg.com,